ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបពីនារីម្នាក់ កំពុងជិះម៉ូតូជាមួយសង្សារ មកពីចុះឈ្មោះ រៀនភាសារកូរ៉េ ។ ហេតុការនេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមជ្ឈមណ្ឌលម៉ូឌែន៥ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ អ៊ូ ចាន់សម្បតិ្ត ហៅពេជ្រ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្នាក់នៅ ម្ដុំសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ ឈ្មោះ ជិន កញ្ញា ភេទស្រី អាយុ ២១ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះ និងសង្សាបានជិះម៉ូតូ១ គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ កំពង់ស្ពឺ 1F-5056 បានជិះមកពីចុះឈ្មោះរៀនភាសាកូរ៉េ បន្ទាប់មកបានជិះត្រឡប់មកផ្ទះវិញ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចមុខមជ្ឈមណ្ឌលម៉ូឌែន៥ ស្រាប់មានជនសង្ស័យ ២នាក់ជិះម៉ូតូ១គ្រឿងម៉ាក់វីវ៉ា ពណ៌ក្រហម ពាក់ស្លាក់លេខ ភ្នំពេញ 1E-6788 បានមកពីក្រោយ ធ្វើសកម្មភាពឆក់ការបូបពីនារី ដែលកំពុងជិះម៉ូតូជាមួយសង្សារ បានសម្រេចហើយ បានជិះរត់រហូតមកដល់ចំណុចព្រំប្រទល់សង្កាត់ស្រះចក់ខណ្ឌដូនពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ កំពុងល្បាតក្នុងមូលដ្ឋាន ជួយអន្តរាគមន៍ជួយចាប់ខ្លួនជនសង្ស័យបានភ្លាមៗ បានម្នាក់ និងដកហូតម៉ូតូ ចំណែកជនសង្ស័យម្នាក់ទៀតត្រូវរត់គេចខ្លួនបាត់តែម្ដង ។

បច្ចុប្បន្នជនសង្ស័យរួមទាំងម៉ូតូត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមនីតិវិធី៕ សហការី KBN-live.com