ខេត្តរ៉ាក់ណង ប្រទេសថៃ៖ កាលពីម្សិលមិញ មានហេតុការណ៍ក្មេងប្រុសម្នាក់ បានលង់ទឹកស្លាប់ មានអាយុ៩ឆ្នាំ ដែលហេតុការណ៍នេះ បានកើតឡើងនៅក្នុងស្រះទឹកមួយ ក្នុងខេត្តរ៉ាក់ណង ។

ក្រោយពីដឹងថា មានក្មេងលង់ទឹក ម្តាយ និងសាច់ញាតិ បានខំដើររកសពកូន តែរកមិនឃើញសោះ ហើយម្តាយក្មេងរងគ្រោះ ក៏បានអុជធូប បន់ស្រន់១៦សរសៃ និងបាននិយាយថា “សូមម្ចាស់ទឹកម្ចាស់ដី ខ្មោចព្រៃអារក្ស អ្នកតាទឫំងឡាយ ព្រះនាងគង្គារ១៦ជាន់ ១៥ជាន់ ក្នុងទឹក និងលើគោក សូមបើកផ្លូវ ឲ្យកូននាងខ្ញុំ បានត្រឡប់មករកម្តាយវិញផងចុះ” ។

ក្រោយពីមានការបន់ស្រន់ របស់ម្តាយក្មេងរងគ្រោះ មិនដល់១០នាទីស្រួលបួលផង ក៏មានដំណឹងមកថា មានគេប្រទះឃើញសាកសព ក្មេងប្រុសនោះ នៅចំងាយប្រហែល៥០០ម៉ែត្រ ពីកន្លែងកើតហេតុ ដែលស្ថិតនៅកន្លែង ដែលធ្លាប់មានក្មេងជាច្រើននាក់ លង់ទឹកស្លាប់នៅទីនោះ ។

បើតាមការរៀបរាប់ របស់ប្រជាពលរដ្ឋដែល រស់នៅក្បែរនោះ បានប្រាប់ឲ្យដឹងថា កន្លែងនោះគឺជាកន្លែងជើងកប យកជីវិតក្មេងៗតែម្តង។ ពួកគាត់បានបន្តថា នៅថ្ងៃកើតហេតុខាងលើ ពួកគាត់ឃើញក្មេងមួយក្រុម បានមកលេងទឹកនៅទីនោះ តែមិនបានដឹងថា មានក្មេងលង់ទឹកនោះទេ ។

គាត់បន្តទៀតថា កាលពី៣០ឆ្នាំមុន កន្លែងនេះមានកូនក្មេង ឧស្សាហ៍មកលេងទឹកណាស់ តែក្រោយមកបន្ទាប់ពី មានក្មេងស្លាប់ពីរបីនាក់មក ក៏ស្ងាត់គ្មានអ្នកណា ហ៊ានមកលេងទឹក នៅទីនេះទៀតទេ។ ទើបតែ១ឆ្នាំចុងក្រោយនេះ មានក្មេងហ៊ានមកលេងទឹកជាបន្តបន្ទាប់ ។

ម្តាយក្មេងរងគ្រោះ មានវ័យ៣៣ឆ្នាំ បាននាំសាកសពកូន យកទៅធ្វើបុណ្យ ទាំងក្តីសោកស្តាយយ៉ាងខ្លាំង ព្រោះបាត់បង់ជីវិតកូនប្រុស ជាទីស្រលាញ់ក្នុង១ប៉ព្រិចភ្នែក ដោយការធ្វេសប្រហែស មិនយកចិត្តទុកដាក់ ពេលកូនមកលេងទឹក៕

ប្រភព៖ សារព័ត៌មានថៃ
ដោយ៖ សហការី KBN-live.com