ជនជាតិ​ដើម​ឈ្មោះ​ Sentinelese ​មាន​អាយុកាល ​ជិត​៦​ម៉ឺន​ឆ្នាំ​ កំពុង​រស់​នៅ​លើ​កោះ​ Sentinel ​ក្នុង​មហា​សមុទ្រឥណ្ឌា ។​ ជនជាតិ​ដើម​ទាំង​នោះ ​ល្បី​ល្បាញ​ដោយសារ​ តែ​ជំនាញ​បាញ់​ព្រួញ​របស់​ពួក​គេ​ ពិសេស​នៅ​ពេល​មនុស្ស​ ពី​ខាងក្រៅ​ចូល​ទៅ ​ទោះ​ជា​តាម​ផ្លូវ​ទឹក ​ឬ​ផ្លូវ​អាកាស​ក៏ដោយ ។​

ក្រោយ​ស៊ូណាមិ​ឆ្នាំ​ ២០០៤​ ឧទ្ធម្ភាគចក្រ​សង្គ្រោះ​ ព្យាយាម​ចុះ​នៅ​លើ​កោះ​ Sentinel ​ប៉ុន្តែ​ត្រូវ​បាន​បណ្ដេញ​ដោយ​ គ្រាប់​ព្រួញ​របស់​ជនជាតិ​ដើម ​ដែល​បង្ហាញ​ថា​ ពួកគេ​គ្មាន​គ្រោះ​ថ្នាក់​ឡើយ ​ក្នុង​មហន្តរាយ​ស៊ូណាមិ​នា​ពេល​នោះ ។​

អ្នក​ស្រាវជ្រាវ​វាយ​តម្លៃ​ថា ​ជនជាតិ​ដើម ​Sentinelese ​មាន​ចំនួន​ចាប់ពី​ ៥០ ​នាក់​ ទៅ​ ៥០០​ នាក់​ រស់​នៅ​លើ​កោះ ​Sentinel​ ចិញ្ចឹម​ជីវិត​ដោយ​ការ​បរ​បាញ់ ​និង​បេះ​ផ្លែឈើ​ ហើយ​ប្រឆាំង​ចំពោះ​ រាល់​បំណង​របស់​មនុស្ស​ សង្គម​ខាងក្រៅ ​ដែល​ចង់​ចូល​ទៅ​កាន់​កោះ​នោះ ។​

អង្គការ​អន្តរជាតិ​ ការពារ​ជនជាតិ​ដើម​ ប្រកាស​ថា ​ពិភពលោក​ត្រូវតែ​គោរព​ បំណង​របស់​ជនជាតិ​ដើម ​នៅ​លើ​កោះ ​Sentinel ​ដែល​មិន​ចង់​ធ្វើ​ទំនាក់​ទំនង​ ជាមួយ​ពិភព​ខាងក្រៅ ។​ ក្នុង​ទសវត្ស​ឆ្នាំ ​១៩៧០​ និង​ទសវត្ស​ឆ្នាំ ​១៩៩០​ មាន​មនុស្ស​ជាច្រើន​ ព្យាយាម​ចូល​ទៅ​កាន់​កោះ​នោះ​ ប៉ុន្តែ​ពួកគេ​បាន​ ជួប​នឹង​​ការ​ប្រយុទ្ធ​ទប់ទល់​យ៉ាង​ខ្លាំង​ ពិសេស​គឺ​ក្រុម​បាញ់​ព្រួញ ។​ ឆ្នាំ​ ២០០៦ ​អ្នកនេសាទ​ពីរ​នាក់​ ត្រូវ​បាន​ជនជាតិ​ដើម ​សម្លាប់​នៅ​ពេល​ដេកលក់​ ហើយ​ទូក​ក៏រសាត់​ទៅ​ដល់​កោះ​នោះ ៕

ប្រភពៈ​ independent​
ផ្តល់សិទ្ធដោយ៖ kqube.net