ប្រទេសថៃ៖ កាលពីពេលថ្មីៗ កន្លងទៅនេះ នារីវ័យក្មេង ស្រស់ស្អាតម្នាក់ អាយុ១៧ឆ្នាំម្នាក់ ព្រោះតែចង់អោយស្បែកស រលោងស្អាត លើសពីធម្មជាតិផ្តល់អោយ ក៏បែកគំនិត យកស្លឹករុក្ខជាតិមកកិន រួចលាយជាមួយនិងឡេគីមី ដែលទិញមកពីផ្សារ តែលទ្ធផលដែលនាង បានទទួលគឺមិននឹកស្មានដល់ ហើយទីបំផុតនាងក៏បានស្លាប់ក្នុងបន្ទប់ គួរអោយអាណោចអាធម នេះបើតាមការអះអាងរបស់ប៉ូលិស។

តាមប្រភពព័ត៌មានបានអោយដឹងថា ស្លឹកឈើរុក្ខជាតិ ដែលនារីរងគ្រោះ ប្រើសម្រាប់លាយជាមួយឡេនោះ គឺគ្មានជាតិពុល ដល់ថ្នាក់ធ្វើអោយមនុស្សស្លាប់នោះទេ តែអាចបណ្តាលមកពី សារធាតុគីមីនៅក្នុងឡេ មានឥទ្ធិពលប្រតិកម្មជាតិគីមីខ្លាំង ហើយប៉ះជាមួយរុក្ខជាតិដែលមានជាតិ ប្រឆាំងជាមួយគីមីនោះ ក៏បង្កើតជាជាតិពុល ដ៏សាហាវ ដែលអាចធ្វើអោយជនរងគ្រោះស្លាប់បាន ។

នារីរងគ្រោះ ឈ្មោះ Than Sorinthap រស់នៅស្រុក ថងសាង៉ាន ខេត្តឈាងម៉ៃ ប្រទេសថៃ ។ ក្រោយពីដឹងហេតុការណ៍នេះ ប៉ូលិសជំនាញបានធ្វើកោសល្យវិច្ច័យ ដើម្បីឈានទៅដល់ ការស្រាវជ្រាវបន្ត ពីមូលហេតុពិតប្រាកដ និងជាក់លាក់មួយ នៃការស្លាប់ដ៏អាថ៌កំបាំងនេះ ៕

ប្រភព ដកស្រង់ពី សាព័ត៌មានថៃ
ដោយ៖ សំណាង KBN-live.com