តារាសម្ដែង Zhao Lusi បានធ្វើឱ្យមជ្ឈដ្ឋានសិល្បៈ និងម៉ូតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបង្ហាញខ្លួនក្នុងកម្មវិធី Harper’s Bazaar Annual Gala 2026 តាមរយៈការបង្ហាញម៉ូតរ៉ូបលំដាប់ខ្ពស់ចំនួបពីរឈុតក្នុងថ្ងៃតែមួយ។
បន្ទាប់ពីទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីការបង្ហាញខ្លួនលើកដំបូងលើកម្រាលព្រំក្រហមជាមួយរ៉ូបដ៏ប្រណីតពីម៉ាក Elie Saab Zhao Lusi បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលម្ដងទៀត ដោយបង្ហាញខ្លួនជាមួយរ៉ូបរចនាពិសេសពីម៉ាក Zuhair Murad ដែលជារ៉ូប Haute Couture រដូវផ្ការីក និងរដូវក្តៅឆ្នាំ ២០២៦ ដែលទើបត្រូវបានបង្ហាញនៅលើឆាកម៉ូតទីក្រុងប៉ារីស។ រ៉ូបដ៏អស្ចារ្យនេះមានម៉ូតបើកស្មា ជាមួយនឹងការរចនាដែលបង្ហាញពីភាពប្រណីត ការប្រើប្រាស់ពណ៌ pastel ចម្រុះ ការប៉ាក់លម្អដោយផ្កាយ៉ាងល្អិតល្អន់ និងការតុបតែងខ្សែបូពណ៌មាសដ៏លេចធ្លោនៅត្រង់ចង្កេះ ដែលធ្វើឱ្យរូបរាងរបស់ Zhao Lusi កាន់តែស្រស់ស្អាត និងទាក់ទាញភ្នែក។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាពិសេសនោះគឺរ៉ូបនេះត្រូវបានគេអះអាងថាជារ៉ូបចុងក្រោយដែលប្រើសម្រាប់បិទបញ្ចប់កម្មវិធីបង្ហាញម៉ូតរបស់ Zuhair Murad ទាំងមូល។ រ៉ូបចុងក្រោយក្នុងកម្មវិធីបង្ហាញម៉ូតត្រូវបានចាត់ទុកថាជាស្នាដៃដ៏លេចធ្លោ និងមានតម្លៃខ្ពស់បំផុតមួយរបស់អ្នករចនា ហើយជាទូទៅមិនងាយត្រូវបានផ្តល់ឱ្យខ្ចីសម្រាប់ព្រឹត្តិការណ៍ផ្សេងៗឡើយ។.png)
ការបង្ហាញខ្លួននេះត្រូវបានអ្នកគាំទ្រមួយចំនួនចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយមានការអះអាងថា Zhao Lusi ជាតារាសម្ដែងចិនដីគោកដំបូងគេដែលទទួលបានឱកាសពាក់រ៉ូបចុងក្រោយដ៏លេចធ្លោពីកម្មវិធីបង្ហាញម៉ូតរបស់ Zuhair Murad។
ទោះជាយ៉ាងណា ការបង្ហាញខ្លួននេះក៏បានបង្កឱ្យមានការជជែកវែកញែកផងដែរបន្ទាប់ពីមានអ្នកសរសេរប្លុកម៉ូតមួយចំនួនលើកឡើងថារ៉ូបទាំងពីរអាចត្រូវបានទិញដោយក្រុមការងាររបស់តារាស្រីរូបនេះផ្ទាល់ជំនួសឱ្យការខ្ចីពីម៉ាកតាមរយៈទំនាក់ទំនងសាធារណៈ។ ពាក្យចចាមអារ៉ាមនេះបានរីករាលដាលយ៉ាងឆាប់រហ័សដោយសារម៉ាកទាំងពីរត្រូវបានគេចាត់ទុកថាជាម៉ាក Haute Couture ល្បីល្បាញដែលមានការជ្រើសរើសសិល្បករយ៉ាងប្រុងប្រយ័ត្ន។
យ៉ាងណាមិញ ការបង្ហាញខ្លួនរបស់ Zhao Lusi ក្នុងកម្មវិធី Harper’s Bazaar Gala 2026 បានក្លាយជាប្រធានបទដែលទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រ និងអ្នកស្រឡាញ់ម៉ូត ដោយបង្ហាញពីភាពលេចធ្លោរបស់នាងទាំងក្នុងវិស័យសិល្បៈ និងម៉ូត៕










