មហាជន និងអ្នកគាំទ្រជាច្រើនមានអារម្មណ៍អាណិត និងរំជួលចិត្តចំពោះ រី ស្រីនេត Miss Asia Pacific Cambodia 2026 ក្រោយមានការចែករំលែកព័ត៌មានថានាងសល់ប្រាក់ត្រឹមតែ៥០ ដុល្លារប៉ុណ្ណោះក្នុងគណនីមុនចេញដំណើរទៅប្រកួតតំណាងកម្ពុជានៅលើឆាកអន្តរជាតិ ក្នុងប្រទេសហ្វីលីពីន។ ទោះបីជាមានថវិកាតិចតួចសម្រាប់ចំណាយផ្ទាល់ខ្លួនក៏ដោយ ក៏បវរកញ្ញារូបនេះនៅតែបន្តការប្រកួតនិងខិតខំប្រឹងប្រែងដើម្បីតំណាងឱ្យប្រទេសកម្ពុជាលើឆាកអន្តរជាតិ។
ការប្រកួតនៅលើឆាកអន្តរជាតិរបស់ រី ស្រីនេត នាពេលកន្លងមកថ្មីៗនេះទទួលបានលទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍ដោយជាប់ Top 10 ក្នុងវគ្គផ្តាច់ព្រ័ត្រ Miss Asia Pacific International 2026 ទទួលបានតំណែង Continental Queen of Asia 2026 ដែលជាតំណែងតំណាងទ្វីបអាស៊ី និងបានឈ្នះលំដាប់រងទី២ ក្នុងការប្រកួតឈុតតំណាងជាតិ (National Costume) ដោយបង្ហាញឈុតមានឈ្មោះថា «រាជនីមហាអគ្គីទេវៈ» ។

បន្ទាប់ពីបញ្ចប់ការប្រកួត រី ស្រីនេត មិនភ្លេចសម្តែងការដឹងគុណទៅកាន់អ្នកមួយចំនួនដែលបានជួយជ្រោមជ្រែងនាងក្នុងពេលប្រកួតឡើយ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែអាណិតបវរកញ្ញារូបនេះគឺការទម្លាយថា Miss Asia Pacific Cambodia 2026 សល់លុយក្នុងកុងតែ៥០ដុល្លារប៉ុណ្ណោះក្នុងពេលដែលត្រៀមចេញទៅប្រកួតនៅឯប្រទេសហ្វីលីពីន។ .png)
តាមការចែកចាយសំឡេងរបស់អ្នកគាំទ្រ រី ស្រីនេត បាននិយាយថា ក្នុងពេលដែលចេញទៅគឺអស់ពីខ្លួនដោយសល់តែ៥០ដុល្លារប៉ុណ្ណោះនៅក្នុងកុង កុំដោយសារតែម្ចាស់ប្រ៊េនជួយគឺនាងគ្មានលុយសម្រាប់ការចាយវាយនៅហ្វីលីពីនឡើយ។ តាមការបញ្ជាក់របស់ម្ចាស់ប្រ៊េន រី ស្រីនេត គឺជួយការលំបាកច្រើនប៉ុន្តែនាងមិនហ៊ានប្រាប់នរណាឱ្យដឹងឡើយដោយម្ចាស់ប្រ៊េនរូបនេះបានជួយ ស្រីនេត នូវទឹកប្រាក់ចំនួន៥០០ដុល្លារ។

សមិទ្ធផលដែល ស្រីនេត ទទួលបាននៅលើឆាកអន្តរជាតិក៏បង្ហាញពីការខិតខំប្រឹងប្រែងរបស់នាងក្នុងការបង្ហាញវប្បធម៌ និងអត្តសញ្ញាណជាតិលើឆាកអន្តរជាតិទោះបីជាត្រូវប្រឈមនឹងបញ្ហាផ្នែកហិរញ្ញវត្ថុក៏ដោយ៕










