តារាចម្រៀង និងតារាសម្ដែងចិន Lay Zhang ដែលបង្ហាញស្នាដៃចុងក្រោយតាមរយៈរឿង «បាល់ទាត់កុងហ្វូ» (Kung Fu Soccer) និងជាសមាជិកក្រុមEXO បានធ្វើឱ្យអ្នកគាំទ្រជាច្រើនសម្ដែងការភ្ញាក់ផ្អើលនិងកោតសរសើរបន្ទាប់ពីប្រកាសថាលោកបានក្លាយជានិស្សិតសាកលវិទ្យាល័យជាផ្លូវការហើយនៅក្នុងវ័យ៣៥ឆ្នាំ។
.png)
យោងតាមព័ត៌មានដែលបានចុះផ្សាយនាពេលថ្មីៗនេះ Lay Zhang បានចែករំលែកដំណឹងដ៏រីករាយនេះតាមរយៈបណ្ដាញសង្គម ដោយបញ្ជាក់ថា លោកបានទទួលពិន្ទុប្រឡង TOEFL តាមតម្រូវការដែលខ្លួនចង់បានហើយអាចបន្តការសិក្សានៅសាកលវិទ្យាល័យបានជាផ្លូវការ។ តាមរយៈសារដែលបានចែករំលែក Lay Zhang បានសរសេរថា«សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំមានព័ត៌មានថ្មីអំពីជីវិតរបស់ខ្ញុំចង់ចែករំលែក។ ខ្ញុំបានទទួលពិន្ទុ TOEFL ដែលខ្ញុំត្រូវការ ហើយឥឡូវនេះ ខ្ញុំបានក្លាយជានិស្សិតសាកលវិទ្យាល័យជាផ្លូវការហើយ! ត្រឡប់ទៅសាលារៀន រៀនចំណេះដឹងថ្មីៗ និងបន្តដេញតាមក្ដីស្រមៃរបស់ខ្ញុំ។ សូមជូនពរឱ្យខ្ញុំទទួលបានជោគជ័យផង!»។
.png)
ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានក្ដីរំភើបដោយសារតែ Lay Zhang បានចាប់ផ្ដើមអាជីពសិល្បៈតាំងពីវ័យក្មេងហើយបានចំណាយពេលជាច្រើនឆ្នាំលើការហ្វឹកហាត់ ការច្រៀង ការរាំ និងការសម្ដែង។ ការសម្រេចចិត្តត្រឡប់ទៅបន្តការសិក្សានៅពេលនេះត្រូវបានអ្នកគាំទ្រមើលឃើញថាជាជំហានថ្មីមួយក្នុងជីវិតរបស់លោក។ 
មុនពេលប្រកាសដំណឹងនេះ Lay Zhang ក៏បានបង្ហោះសារមួយទៅកាន់អ្នកគាំទ្រថា «ខ្ញុំនៅ Los Angeles តើអ្នកទាំងអស់គ្នានៅឯណា?» ដែលបង្ហាញថាលោកកំពុងស្ថិតនៅទីក្រុង Los Angeles សហរដ្ឋអាម៉េរិក។ យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយកម្សាន្តមួយចំនួន លោកត្រូវបានគេរាយការណ៍ថាមានគម្រោងសិក្សាផ្នែកភាពយន្ត ហើយការសិក្សាអាចចំណាយពេលប្រហែលពី ២ ទៅ ៣ ឆ្នាំ។ ទោះជាយ៉ាងណាឈ្មោះសាកលវិទ្យាល័យ និងជំនាញសិក្សារបស់លោកមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ។ 
Lay Zhang បានបង្ហាញខ្លួនក្នុងវិស័យកម្សាន្តកូរ៉េខាងត្បូងក្នុងនាមជាសមាជិកក្រុម EXO នៅឆ្នាំ២០១២ ហើយក្រោយមកបានពង្រីកសកម្មភាពរបស់ខ្លួនទៅកាន់ការច្រៀងទោល ការសម្ដែង ការនិពន្ធបទចម្រៀង និងការផលិតតន្ត្រី។ ទោះបីជាមានអាជីពដ៏មមាញឹកក៏ដោយ ការសិក្សានៅសាកលវិទ្យាល័យនៅតែជាក្ដីស្រមៃមួយដែលលោកចង់សម្រេច។ ការត្រឡប់ទៅសិក្សានៅពេលនេះបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់លោកក្នុងការស្វែងយល់ចំណេះដឹងថ្មីៗ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។ .png)
ក្រោយដំណឹងនេះត្រូវបានផ្សព្វផ្សាយ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិអបអរសាទរ និងជូនពរឱ្យលោកទទួលបានជោគជ័យក្នុងជីវិតនិស្សិត។ មនុស្សជាច្រើនក៏បានលើកឡើងថា ការរៀនសូត្រមិនមានកំណត់អាយុនោះទេ ហើយការបន្តសិក្សាដើម្បីសម្រេចក្ដីស្រមៃ គឺជារឿងដែលគួរឱ្យលើកទឹកចិត្ត។ សម្រាប់ Lay Zhang ដំណើរថ្មីនេះមិនមែនគ្រាន់តែជាការចូលរៀននៅសាកលវិទ្យាល័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសក្នុងការបើកទំព័រថ្មីនៃជីវិត និងបង្កើនចំណេះដឹងសម្រាប់អនាគតរបស់លោកផងដែរ៕










