ចាប់តាំងពីឈ្នះមកុដ Miss Universe Cambodia 2026 មក ថាន រតនា ទទួលបាននូវមតិចំអកនិងការរិះគន់ជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គម។ សូម្បីតែចុងក្រោយនេះក្នុងពេលដែលផេកផ្លូវការ Miss Universe បានបង្ហោះវីដេអូរបស់ ថាន រតនា និយាយជាភាសាអង់គ្លេស ក្នុងពេលដែលត្រៀមធ្វើដំណើរឆ្ពោះទៅកាន់ការប្រកួត Miss Universe លើកទី ៧៥ នៅលើទឹកដីព័រតូរីកូ។ ឃើញខ្មែររិះគន់និងសើចចំអកខ្មែរគ្នាឯង រ៉េត សារីតា បានបង្ហាញការហួសចិត្តយ៉ាងខ្លាំង។

នៅរសៀលថ្ងៃទី១៥ ខែតុលា រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ បានចែករំលែកវីដេអូរបស់ ថាន រតនា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៦ ជាមួយនឹងការលើកឡើងថាអ្វីដែលធ្វើឱ្យនាងមានការសោកស្តាយមិនមែនត្រឹមតែការរិះគន់ពីជនបរទេសប៉ុណ្ណោះទេ ប៉ុន្តែគឺការបង្ហាញអាកប្បកិរិយាមិនសមរម្យពីសំណាក់ខ្មែរគ្នាឯងទៅវិញ។
រ៉េត សារីតា បានសង្កត់ធ្ងន់ថា ប្រសិនបើប្រជាជនខ្មែរមិនចេះគាំទ្រគ្នាទៅវិញទៅមក តើនរណានឹងមកគាំទ្រយើង? ទោះបីបេក្ខភាពមិនទាន់មានសមត្ថភាពល្អឥតខ្ចោះឬមិនទាន់ស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាបរទេសក៏ដោយក៏គួរផ្តល់តម្លៃចំពោះការខិតខំប្រឹងប្រែង និងភាពក្លាហានរបស់គាត់ក្នុងការតំណាងឱ្យប្រទេសជាតិ។
ជាមួយគ្នានេះ សារីតា បានអំពាវនាវឱ្យប្រជាជនខ្មែរចេះស្រលាញ់ សាមគ្គី និងលើកទឹកចិត្តគ្នា ជាជាងរិះគន់ក្នុងន័យបន្ទាបបន្ថោកគ្នាព្រោះការគាំទ្រពីមនុស្សក្នុងប្រទេស គឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់អ្នកដែលកំពុងខិតខំប្រឹងប្រែងលើឆាកអន្តរជាតិ។ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០រូបនេះបានអះអាងថានាងមិនបានស្គាល់ ថាន រតនា នោះទេហើយចង់ឬមិនចង់ក៏រូបនាងនឹងតំណាងកម្ពុជាដែរ។

ពាក្យសម្តីរបស់ រ៉េត សារីតា «បើខ្មែរមិនគាំទ្រខ្មែរគ្នាឯង តើអ្នកណានឹងមកគាំទ្រយើង?» ជាសារដាស់តឿនឱ្យប្រជាជនខ្មែររួបរួមគ្នាចេះផ្តល់កម្លាំងចិត្តនិងជួយគ្នាឱ្យរីកចម្រើនដើម្បីលើកកម្ពស់កិត្តិយស និងមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ រ៉េត សារីតា ក៏បានបង្ហាញដែរថាបេក្ខភាពដទៃសូម្បីភាសាអង់គ្លេសមួយឃ្លាក៏មិនចេះដែរ
។ ពិធីការិនីរូបនេះសង្កត់ធ្ងន់ថា «ជាន់តែគ្នាឯងទៅ ព្រោះខ្លាំងបានតែដាក់គ្នាឯងទេ គេទៅមុនយើងអស់ហើយ»៕










