១៤ឆ្នាំនៃការយាងទៅឆ្ងាយ តែព្រះរាជបូជនីយកិច្ច និងព្រះនាម «ព្រះបរមរតនកោដ្ឋ» ស្ថិតនៅក្នុងចិត្តកូនចៅខ្មែរជានិរន្តរ៍! ថ្ងៃនេះ គឺជាថ្ងៃរំលឹកខួបគម្រប់ ១៤ឆ្នាំ (១៥ តុលា ២០១២ – ១៥ តុលា ២០២៦) នៃការយាងសោយព្រះទីវង្គតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
________________
គម្រប់ខួប ១៤ឆ្នាំ នៃមរណទុក្ខជាតិ! ទោះបីជាពេលវេលាបានកន្លងផុតទៅអស់រយៈពេលជាងមួយទសវត្សរ៍ក្តី ប៉ុន្តែស្មារតីជាតិ និងការដឹងគុណូបការៈដ៏មហាសាលរកទីបំផុតគ្មាន ចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ គឺនៅតែដក់ជាប់ជានិរន្តរ៍នៅក្នុងបេះដូងកូនចៅខ្មែរគ្រប់រូបមិនអាចបំភ្លេចបានឡើយ។ ថ្ងៃនេះយើងនឹងមករំលឹកឡើងវិញនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម និងមហាស្នាព្រះហស្ថជាប្រវត្តិសាស្ត្ររបស់ព្រះអង្គ។ តើមហាស្នាព្រះហស្ថប្រវត្តិសាស្ត្រធំៗអ្វីខ្លះ ក្នុងការការពារ និងទាមទារមកវិញនូវបូរណភាពទឹកដីខ្មែរ?

នៅក្នុងប្រវត្តិសាស្ត្រដ៏រុងរឿងនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបរមរតនកោដ្ឋ គឺជាតួអង្គវីរបុរសដ៏ឆ្នើមបំផុត ដែលបានលះបង់ព្រះកាយពលពេញមួយព្រះជន្មដើម្បីជាតិសាសន៍។ ស្នាព្រះហស្ថដ៏ធំធេងដំបូងគេ គឺការដឹកនាំ «ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ» យ៉ាងស្វិតស្វាញ តាមរយៈយុទ្ធសាស្ត្រការទូតដ៏វៃឆ្លាត រហូតដណ្តើមបានឯករាជ្យពេញលេញពីអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ មកវិញ។ លើសពីនេះ ព្រះអង្គក៏ជាព្រះដោះស្រាយទាមទារបានខេត្តខ្មែរចំនួន ៣ រួមមាន ខេត្តសៀមរាប បាត់ដំបង និងកំពង់ធំ ឱ្យត្រឡប់មកស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាវិញជាស្ថាពរ តាមរយៈសន្ធិសញ្ញាក្រុងវ៉ាស៊ីនតោនឆ្នាំ១៩៤៦ ផងដែរ។
.jpg)
មិនត្រឹមតែប៉ុណ្ណោះ ស្នាព្រះហស្ថដ៏ល្បីល្បាញកក្រើកឆាកអន្តរជាតិ គឺការដែលព្រះអង្គសម្រេចព្រះទ័យការពារអធិបតេយ្យភាពជាតិ ដោយបានប្ដឹងប្រទេសថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡេហ៍ ក្នុងឆ្នាំ១៩៥៩។ តាមរយៈការតស៊ូផ្នែកបច្ចេកទេសច្បាប់ និងការបង្ហាញប្លង់ផែនទីប្រវត្តិសាស្ត្រយ៉ាងរឹងមាំ តុលាការអន្តរជាតិបានសម្រេចសេចក្តីកាត់ក្តីនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ថា «ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា»។ ព្រះអង្គក៏បានយកផែនទីខ្សែបន្ទាត់ព្រំដែនបច្ចុប្បន្ន ទៅចុះបញ្ជីផ្លូវការនៅអង្គការសហប្រជាជាតិ (UN) ក្នុងឆ្នាំ១៩៦៤ ដើម្បីធ្វើជាខែលការពារទឹកដីខ្មែររហូតមកទល់សព្វថ្ងៃ។
.jpg)
ក្រៅពីអ្វីដែលមានរៀបរាប់ខាងលើនេះ ព្រះអង្គនៅមានស្នាព្រះហស្ថរាប់មិនអស់ជាច្រើនផ្សេងទៀត ទាំងការកសាងសម័យសង្គមរាស្ត្រនិយមឱ្យក្លាយជា «កោះសន្តិភាព» ការការពារដែនសមុទ្រ និងកោះយុទ្ធសាស្ត្រខ្មែរ ព្រមទាំងការបង្រួបបង្រួមផ្សះផ្សាជាតិរហូតបង្កើតបានសន្តិភាពពេញលេញ។ ហេតុដូច្នេះហើយ ទើបថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ បានក្លាយជាថ្ងៃប្រវត្តិសាស្ត្រដែលដក់ជាប់នូវទុក្ខសោកយ៉ាងជ្រាលជ្រៅបំផុតរបស់ប្រជានុរាស្ត្រទូទាំងមហានគរ នៅពេលបាត់បង់ព្រះមហាវីរក្សត្រដ៏ឆ្នើម។ នាលំដាប់ពេលវេលានោះ ទឹកភ្នែកកូនចៅខ្មែរគ្រប់រូប ចាប់តាំងពីមន្ត្រីរាជការ ព្រះសង្ឃ រហូតដល់រាស្ត្រសាមញ្ញ បានហូរស្រក់ស្រែកទ្រហោយំសោកស្តាយ អាល័យព្រះអង្គរកអ្វីប្រៀបផ្ទឹមមិនបាន ដែលទិដ្ឋភាពដ៏ក្តុកក្តួលមួយនេះ គឺមិនអាចមានថ្ងៃបំភ្លេចបានឡើយនៅក្នុងប្រវត្តិសាស្ត្រជាតិ។.jpg)
សរុបសេចក្តីមក ថ្ងៃគម្រប់ខួប ១៤ ឆ្នាំនៃការយាងសោយព្រះទីវង្គតរបស់ព្រះបរមរតនកោដ្ឋ គឺជាសារដាស់តឿនដ៏មានឥទ្ធិពលបំផុត ជម្រុញឱ្យកូនខ្មែរគ្រប់រូបត្រូវតែរួមគ្នាដឹងគុណ និងរក្សាស្មារតីស្នេហាវប្បធម៌ជាតិ។ យើងត្រូវតែខិតខំប្រឹងប្រែងសិក្សារៀនសូត្រ អភិវឌ្ឍន៍សមត្ថភាព និងចំណេះដឹងផ្ទាល់ខ្លួនឱ្យបានខ្ពង់ខ្ពស់ ដើម្បីចូលរួមចំណែកលើកស្ទួយ ការពារ និងថែរក្សាកេរដំណែលជាតិ បូរណភាពទឹកដី ព្រមទាំងអរិយធម៌ដ៏ឧត្តុង្គឧត្តម ដែលអង្គព្រះមហាវីរក្សត្របានបន្សល់ទុកឱ្យបានគង់វង្សស្ថិតស្ថេរជាអមតៈ ដើម្បីបង្ហាញទៅកាន់ពិភពលោកពីសាមគ្គីភាព និងព្រលឹងរឹងមាំរបស់ប្រជាជាតិខ្មែរជានិរន្តរ៍៕










