តារាសម្តែង Zhao Lusi កំពុងទទួលបានការចាប់អារម្មណ៍ជាថ្មីបន្ទាប់ពីអាជីវកម្មម៉ាកផ្ទាល់ខ្លួនរបស់នាងត្រូវបានរាយការណ៍ថាទទួលបានការលក់យ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លីខណៈនាងកំពុងពង្រីកសកម្មភាពអាជីវកម្មពីវិស័យសិល្បៈ ទៅកាន់វិស័យម៉ូត សម្រស់ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ។
តាមសារព័ត៌មានចិនបានរាយការណ៍ថា ម៉ាក RosyDoeDian ហៅកាត់ RDD ដែលបង្កើតឡើងដោយ Zhao Lusi បានចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៥ ហើយក្នុងរយៈពេលប្រមាណ ៣ ខែ បរិមាណប្រតិបត្តិការសរុប ឬ GMV ត្រូវបានរាយការណ៍ថាលើសពី ១០០ លានយ័នឬប្រមាណ១៤.៩ លានដុល្លារ។ តាមរបាយការណ៍បានឱ្យដឹងថា RDD គឺជាម៉ាកបែប Lifestyle ដែលផ្តោតលើសម្លៀកបំពាក់ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ដោយមានផលិតផលជាច្រើនប្រភេទ រួមមានសម្លៀកបំពាក់ កាបូប គ្រឿងតុបតែងខ្លួន គ្រឿងប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ និងផលិតផលសម្រាប់សត្វចិញ្ចឹម។ ម៉ាកនេះបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការប្រគំតន្ត្រីរបស់នាងនៅម៉ាកាវ ហើយក្រោយមកបានបើកការលក់តាមវេទិកាអនឡាញជាច្រើន រួមមាន Douyin, Tmall និង Xiaohongshu។ 
ហាងនេះត្រូវបានគេឱ្យដឹងថាទទួលបានការចាប់អារម្មណ៍ពីអតិថិជនយ៉ាងច្រើនទាំងនៅថ្ងៃធ្វើការធម្មតា និងក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យជាតិចិន។ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក អតិថិជនមួយចំនួនត្រូវរង់ចាំជាងមួយម៉ោង ដើម្បីចូលហាង និងសាកល្បងសម្លៀកបំពាក់។ ផលិតផលមួយចំនួនក៏ត្រូវបានលក់អស់ក្នុងរយៈពេលខ្លីបន្ទាប់ពីដាក់លក់។.png)
តម្លៃផលិតផលរបស់ម៉ាកនេះមានចាប់ពីរាប់រយយ័ន។ អាវដៃវែងមួយមានតម្លៃប្រមាណ ១៩៩យ័ន ខោប្រចាំថ្ងៃប្រមាណ ៤៣៩យ័ន ដបទឹកប្រមាណ ២៦៩យ័ន ខណៈវ៉ាលីមួយចំនួនមានតម្លៃលើស ១,០០០យ័ន។ នៅក្នុងហាងមានការចាក់តន្ត្រីរបស់ Zhao Lusi និងការរៀបចំបរិយាកាសដែលមានភាពស៊ីសង្វាក់ជាមួយរូបភាព និងរចនាបថរបស់តារាសម្ដែងរូបនេះ។.png)
មិនត្រឹមតែប៉ុណ្ណោះកាលពីខែកញ្ញា តារាសម្ដែងរូបនេះក៏បានចូលទៅក្នុងវិស័យម្ហូបអាហារ ដោយបើកហាង Rooosy Time នៅទីក្រុង Chengdu។ ក្នុងចំណោមផលិតផលដែលទទួលបានការចាប់អារម្មណ៍ មានមីត្រជាក់ស៊ីឈួនដែលមានតម្លៃ ៤៨យ័នក្នុងមួយចាន។ ក្នុងដំណាក់កាលសាកល្បង ផលិតផលដំបូងត្រូវបានរាយការណ៍ថា លក់អស់ក្នុងរយៈពេលប្រមាណ ៤០នាទី ខណៈអតិថិជនខ្លះត្រូវរង់ចាំរហូតដល់ប្រមាណ ៩០នាទី។

ការពង្រីកអាជីវកម្មរបស់ Zhao Lusi ត្រូវបានមើលឃើញថាជាការប្រើប្រាស់ប្រជាប្រិយភាព និងឥទ្ធិពលផ្ទាល់ខ្លួនរបស់នាង ដើម្បីបង្កើតម៉ាកដែលមានអត្តសញ្ញាណផ្ទាល់ខ្លួន។ ការចែករំលែកជីវិតប្រចាំថ្ងៃ អារម្មណ៍ និងគំនិតផ្ទាល់ខ្លួនជាមួយអ្នកគាំទ្រ ក៏ជាផ្នែកមួយដែលជួយបង្កើតទំនាក់ទំនងជិតស្និទ្ធរវាងនាង និងអ្នកគាំទ្រ។.png)
យ៉ាងណាក៏ដោយ កំណើនយ៉ាងឆាប់រហ័សនៅដំណាក់កាលដំបូងក៏នាំមកនូវការពិភាក្សាអំពីតម្លៃគុណភាពផលិតផលនិងការពឹងផ្អែកលើអំណាចទិញរបស់អ្នកគាំទ្ររបស់តារាល្បីផងដែរ។ ការរក្សាកំណើនរបស់ម៉ាកក្នុងរយៈពេលវែងនឹងអាស្រ័យលើគុណភាពផលិតផល ការប្រកួតប្រជែងនិងសមត្ថភាពក្នុងការរក្សាអតិថិជនក្រៅពីមូលដ្ឋានអ្នកគាំទ្រ៕










