ប្រឡូកក្នុងវិស័យគ្រឿងថែរក្សាសម្រស់មិនយូរមិនឆាប់អាចនឹងចេញផលិតផលដូចគ្នានៅពេលណាមួយ ពេជ្រ ពិសី បានបង្ហាញពីមិត្តភាពជាមួយនឹង ជា ស្រីនា ដោយសន្យាថា មិនឱ្យអាជីវកម្មផ្ទាល់ខ្លួនប៉ះពាល់ដល់មិត្តភាពពួកគេឡើយ។ ពេជ្រ ពិសី ក៏បានលើកឡើងទៀតថានាងមិនឱ្យកើតមានជម្លោះដូចជំនាន់ម្តាយខ្លួនដែលអ្នកមានមុខរបរដូចគ្នាក្លាយទៅសត្រូវមើលមុខគ្នាមិនចំនោះទេ។

ថ្មីៗនេះ ពេជ្រ ពិសី ដែលជាម្ចាស់ប្រ៊េន ផ្កា បានចេញវីដេអូលាតត្រដាងពីរឿងរ៉ាវផ្ទាល់ខ្លួនជាមួយនឹង ជា ស្រីនា ដែលជាម្ចាស់ប្រ៊េន Weyoung ដោយពួកគេធ្លាប់និយាយថាបើថ្ងៃណាមួយពួកគេចេញផលិតផលដូចគ្នាអ្នកទាំងពីរនៅតែរាប់អានគ្នាជាមិត្តភក្តិធម្មតា។ ពិសី ថាពួកគេធ្លាប់និយាយគ្នាបែបនេះហើយប្រសិនជាផលិតផលចេញកៀកគ្នាពេកពួកគេនឹងរក្សាគម្លាត។ ទោះយ៉ាងណា ពិសី បានទទួលស្គាល់ថាថ្ងៃណាមួយពួកគេអាចនឹងចេញជាន់គ្នា ប៉ុន្តែយ៉ាងណាក៏ដោយអ្នកទាំងពីរនៅតែរក្សាទំនាក់ទំនងមិនឱ្យលុយ ការរកស៊ី កាត់ផ្តាច់ទំនាក់ទំនង ដោយសេចក្តីស្រលាញ់គឺសំខាន់ជាង។

តាមរយៈវីដេអូផ្សេងទៀត ពេជ្រ ពិសី បានចែករំលែកថាគ្នារបស់ពួកគេគឺវីដេអូស្រដៀងគ្នា រកស៊ីអនឡាញដូចគ្នា ប៉ុន្តែនៅពេលបានជួបគ្នាគឺមិនដែលនិយាយពីនរណាគេឡើយភាគច្រើនចែករំលែកពីជីវិតខ្លួនឯងនិងការជួយដាស់តឿនគ្នាជាដើម។

ពេជ្រ ពិសី ក៏បានបង្ហាញពីបំណងថានាងមិនចង់ឱ្យរឿងរ៉ាវដូចជំនាន់មុនៗ កើតឡើងម្ដងទៀតឡើយ។ នាងមិនចង់ឱ្យមនុស្សដែលប្រកបមុខរបរដូចគ្នាក្លាយជាគូប្រជែងរហូតឈ្លោះទាស់ទែង និងមិនអាចមើលមុខគ្នាបាន។ ដូច្នេះ នាងចង់ បំបែកផ្នត់គំនិតរបស់ជំនាន់មុន ហើយបង្ហាញថាមនុស្សពីរនាក់អាចធ្វើអាជីវកម្មក្នុងវិស័យដូចគ្នាប្រកួតប្រជែងដោយសុច្ចរិតភាពហើយនៅតែអាចជាមិត្តល្អនឹងគ្នាបាន៕
Home ព័ត៌មានអន្តរជាតិ ពេជ្រ ពិសី និង ជា ស្រីនា សន្យារក្សាមិត្តភាពទោះប្រឡូកក្នុងវិស័យអាជីវកម្មស្រដៀងគ្នា









