ហ៊ាទី ដែលជាអ្នកសម្តែងក្នុងវីដេអូកំប្លែងបានចេញវីដេអូស្នើសុំទៅកាន់អ្នកមួយចំនួនមេត្តាកុំឆាតសុំលុយលោកស្រស់ៗពេកមិនថាតែនៅលើហ្វេកប៊ុកឬតេលេក្រាមនោះទេ។ ហ៊ាទី ថាអ្នកខ្លះឆាតមកសុំលុយលោកប៉ុន្តែធ្វើដូចជាលោកជំពាក់លុយគាត់តាំងពីពេលណាមកចឹង។

អស់ទ្រាំនឹងសកម្មភាពដដែលៗមិនចេះចប់តារាកំប្លែង ហ៊ាទី បានចេញវីដេអូតែម្តងអំពីអ្នកមួយចំនួនចូលចិត្តឆាតមកសុំលុយលោក។ ក្នុងវីដេអូដែលបានបង្ហោះនៅយប់ថ្ងៃទី២៩ ខែកញ្ញា ហ៊ាទី បាននិយាយដោយការសុំចិត្តទៅកាន់អ្នកមួយចំនួនឈប់ឆាតមកសុំលុយលោកតទៅទៀត។ ហ៊ាទី ថាមានអ្នកខ្លះថែមទាំងឆាតមកទាមទារទឹកប្រាក់ម្តង១០០ដុល្លារហើយធ្វើដូចខ្លួនជំពាក់លុយគាត់អ៊ីចឹង ចំណែកអ្នកខ្លះទៀតសុំលុយម្តង ៥០០០០រៀល ហើយទម្លាក់ QR តែម្តង។
តារាកំប្លែងដែលកំពុងមានប្រជាប្រិយភាពរូបនេះបាននិយាយថា ខ្លួនមិនមែនជាមហាសេដ្ឋីនោះទេហើយអ្វីដែលមានគឺខំប្រឹងខ្លួនឯងខ្លាំងណាស់ទម្រាំនឹងបានមួយកាក់មួយសេន។ ហ៊ាទី បានសង្កត់ធ្ងន់ថាឈប់ឆាតមកសុំលុយលោកតទៅទៀត ប្រសិនជាត្រូវឱ្យលុយគឺលោកឱ្យហ្វេនរបស់ខ្លួនម្នាក់បន្តិចបន្តួច។ ហ៊ាទី បានបង្ហាញអារម្មណ៍ហត់ចិត្តចំពោះរឿងនេះយ៉ាងខ្លាំងពីព្រោះមានមនុស្សមួយចំនួនបានឆាតមកទាំងហ្វេកប៊ុក និងតេលេក្រាម រំខានលោកមិនឱ្យធ្វើអ្វី ហើយនៅពេលសួរចុះឡើងគឺតេមកសុំលុយ។ 
ក្រោយពេល ហ៊ាទី ចេញវីដេអូនេះបានជំរុញឱ្យអ្នកលេងបណ្តាញសង្គមដទៃទៀតចូលមកបញ្ចេញមតិជាហូរហែដោយអ្នកខ្លះក៏បង្ហាញការហួសចិត្តនៅពេលដឹងថាអ្នកខ្លះហ៊ានដល់ថ្នាក់នេះតាមសុំលុយគេដោយមិនអៀនខ្មាស។ ចំណែកឯមតិខ្លះទៀតក៏សម្តែងការយល់ចិត្តចំពោះ ហ៊ាទី ដែលស្ថិតនៅក្នុងសភាពបែបនេះមិនដឹងថាហត់ចិត្តប៉ុណ្ណានោះទេ។ មតិខ្លះទៀតក៏បានខម្មិនលេងសើចជាច្រើន។ ក្នុងការបញ្ចេញមតិទាំងនោះក៏មានការគណនីមួយសរសេរថាកុំឱ្យ ហ៊ាទី រិះថាំពេកដោយសារតែបានទឹកប្រាក់៥ម៉ឺនដុល្លារហើយ។ ឃើញខម្មិននេះ ហ៊ាទី ក៏បានចូលឆ្លើយតបវិញខណៈអ្នកផ្សេងទៀតបានចូលខម្មិនតបគណនីនោះដោយជេរយ៉ាងចាស់ដៃ៕










