ខណៈ Lisa ទទួលបានការចាប់អារម្មណ៍ជុំវិញឱកាសបង្ហាញខ្លួនលើឆាក VMAs ហ្វីយ៉ាតា បានលើកឡើងពីទស្សនៈរបស់ខ្លួនពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យសិល្បៈ និងសារៈសំខាន់នៃការបើកចិត្តទទួលយកទម្រង់សម្តែងថ្មីៗ។ ការដែលគេអាចមានឱកាសឡើងឆាកធំនេះ ហ្វីយ៉ាតា ថាពួកហ្នឹងគេបែងចែកដាច់រវាងការថែរក្សាវប្បធម៌ និងការវិវត្តខ្លួនឱ្យទៅតាមបរិបទសាកល។

នៅល្ងាចថ្ងៃទី២៩ ខែកញ្ញា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបង្ហោះសំណេរយ៉ាងវែងដោយកលើកឡើងថាការរក្សាវប្បធម៌ដើម និងការវិវត្តខ្លួនឱ្យស្របទៅនឹងបរិបទសកល គឺជារឿងពីរដែលអាចដំណើរការរួមគ្នាបាន។ នាងយល់ថាប្រទេសនានាអាចរក្សាអត្តសញ្ញាណវប្បធម៌របស់ខ្លួន ខណៈពេលដែលបន្តអភិវឌ្ឍសិល្បៈឱ្យមានភាពទំនើប និងអាចចូលទៅក្នុងបរិបទអន្តរជាតិបាន។ ហ្វីយ៉ាតា បានលើកឡើងថា វិស័យតន្ត្រី និងការសម្តែង មិនគួរត្រូវបានកំណត់ត្រឹមការឈរច្រៀង ឬការសម្តែងតាមទម្រង់ដែលធ្លាប់មាននោះទេ។ ការបញ្ចូលការរាំ ការសម្ដែង និងគំនិតច្នៃប្រឌិតផ្សេងៗ អាចធ្វើឱ្យការសម្តែងមានភាពសម្បូរបែប និងទាក់ទាញទស្សនិកជនកាន់តែច្រើន។
ជាមួយគ្នានេះ ហ្វីយ៉ាតា បានលើកឡើងពីការសម្តែងបែបលំបាក (Hard Performance) ដែលតម្រូវឱ្យសិល្បករអាចច្រៀងនិងរាំក្នុងពេលតែមួយព្រមទាំងត្រូវការការហ្វឹកហាត់និងសមត្ថភាពរាងកាយខ្ពស់។ តាមទស្សនៈរបស់បវរកញ្ញារូបនេះសិល្បករដែលមានសមត្ថភាពបែបនេះនៅក្នុងប្រទេសកម្ពុជា នៅមិនទាន់មានច្រើននៅឡើយ។
.png)
ហ្វីយ៉ាតា ក៏បានចោទជាសំណួរថា តើសិល្បៈខ្មែរគួរបន្តស្ថិតនៅក្នុងទម្រង់ដដែលៗរហូតដល់ពេលណា ប្រសិនបើគោលដៅគឺចង់ឱ្យស្នាដៃ និងសិល្បករខ្មែរមានការទទួលស្គាល់កាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ។ បវរកញ្ញាចក្រវាលកម្ពុជាក៏បានអំពាវនាវឱ្យទស្សនិកជនបើកចិត្តទទួលយកការច្នៃប្រឌិតថ្មីៗ និងគាំទ្រសិល្បករដែលព្យាយាមសាកល្បងទម្រង់ផ្សេងៗ ដោយមិនចាំបាច់មានន័យថា ការវិវត្តនោះនឹងធ្វើឱ្យបាត់បង់វប្បធម៌ដើមឡើយ។

ជារួមទស្សនៈរបស់ហ្វីយ៉ាតាផ្តោតលើការរក្សាឫសគល់វប្បធម៌ ខណៈពេលជំរុញឱ្យមានការច្នៃប្រឌិត និងការអភិវឌ្ឍទម្រង់សិល្បៈថ្មីៗ ដើម្បីឱ្យសិល្បករខ្មែរអាចមានលទ្ធភាពបង្ហាញសមត្ថភាពរបស់ខ្លួនទៅកាន់ទស្សនិកជនកាន់តែទូលំទូលាយ៕










