កុំភ្លេចចូលរួមថែរក្សា កុំឱ្យបាត់បង់ទើបស្តាយនៅពេលក្រោយ! តារាពហុជំនាញ ខាត់ សុឃីម បានបញ្ចេញសំណេរមួយធ្វើឱ្យមានការចាប់អារម្មណ៍ដោយបង្ហាញថាអ្នករបាំ អ្នកលេងឧបករណ៍បុរាណ គ្រូបបង្រៀនរបាំ ឬអ្វីដែលជាសិល្បៈបុរាណបានលះបង់ណាស់ប៉ុន្តែនៅពេលមានកម្មវិធីអន្តរជាតិ ឬកម្មវិធីជាតិពុំឃើញសូវឃើញផ្តល់ការងារឱ្យពួកគាត់នោះទេ។ តារាពហុជំនាញរូបនេះសង្ឃឹមថាអ្នកសិល្បៈបុរាណនឹងទទួលបានការគាំទ្រ លើកទឹកចិត្ត ឱ្យតម្លៃ និងមានការងារកាន់តែច្រើន។.png)
ដូចប្រិយមិត្តដែលតាមដានវិស័យសិល្បៈជ្រាបមកហើយថាអ្នកនាង ខាត់ សុឃីម គឺជាសិល្បការិនីមួយរូបដែលមានត្រកូលជាអ្នកសិល្បៈបុរាណខ្មែរ ប៉ុន្តែក៏ប្រឡូកក្នុងអាជីពសិល្បៈសម័យដូចគ្នា។ ជារឿយៗនៅលើបណ្តាញសង្គម អ្នកនាង ខាត់ សុឃីម តែងតែតាស់តឿន បង្ហាញការគាំទ្រនិងលើកស្ទួយសិល្បៈបុរាណខ្មែរ ដើម្បីឱ្យមហាជនភ្លេចខ្លួនភ្លេចថែរក្សាការពារសិល្បៈដូនតា។

នៅថ្ងៃទី២៣ កញ្ញា នេះអ្នកនាង ខាត់ សុឃីម ក៏បញ្ចេញសំណេរមួយពាក់ព័ន្ធនឹងកម្មវិធីអន្តរជាតិឬកម្មវិធីជាតិមួយចំនួនមើលរំលងអ្នកសិល្បៈបុរាណខ្មែរ។ តារាចម្រៀងរូបនេះបានលើកឡើងថា «អ្នករបាំ អ្នកភ្លេងឧបករណ៍ខ្មែរមួយៗ គ្រូបបង្រៀនរបាំឬអ្វីដែលជាសិល្បៈបុរាណគឺលះបង់ណាស់ហើយជាបុគ្គលដែលបានជាផ្នែកមួយនៃការអភិរក្សវប្បធម៌ អរយិធម៌ខ្មែរយើងទៀត។ ហេតុអ្វីមិនសូវមានកម្មវិធីអន្តរជាតិ រឺកម្មវិធីជាតិដែលបង្ហាញតាមបណ្ដាញសង្គម មិនសូវឃើញផ្ដល់ការងារ ឱ្យទូលំទូលាយច្រើន រឺហៅពួកគាត់ធ្វើកិច្ចការផ្សេងៗ ដើម្បីជាការលើកទឹកចិត្តផង និងការឱ្យតម្លៃពួកគាត់ដោយមិនទុកពួកគាត់ចោល»។
.png)
តារាពហុជំនាញរូបនេះបានបន្ថែមថា ដោយចង់ឱ្យម្ចាស់កម្មវិធីហៅពួកគាត់ សម្ដែង បង្ហាញ សម្ភាសន៍ បញ្ចូលជា Document រឺព័ត៌មានផ្សេងៗពេលខ្លះបើទោះបីមិនត្រូវ concept ឬតម្រូវការក្រុមហ៊ុនឬ កម្មវិធី តែបើយើងច្នៃ ហើយឱ្យតម្លៃពិតប្រាកដនូវសិល្បៈខ្មែរ នោះស្ថិតក្នុងដៃយើងម្នាក់ៗ»។ 
អ្នកនាង ខាត់ សុឃីម បានសង្កត់ធ្ងន់នូវឃ្លាចុងក្រោយថា «សូមកុំទុកសិល្បករបុរាណចោលពេកអី! សង្ឃឹមថាពួកគាត់នឹងទទួលបានការគាំទ្រ លើកទឹកចិត្ត ឱ្យតម្លៃ បង្ហាញ និងមានការងារច្រើនទូលំទូលាយជាងនេះ។ទាំងគ្រូ សិស្សៗ ពួកគាត់សមនឹងទទួលបាននូវអ្វីដែលល្អជាងនេះ»៕










