រដ្ឋមន្ត្រីការពារជាតិថៃ សន្យានឹងពលរដ្ឋថៃថានឹងបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគីជារៀងរហូត ទាំងដែលតថភាពជាក់ស្តែង ថៃជាអ្នកខាតបង់ធ្ងន់ជាងគេព្រោះជាអ្នកលក់ទំនិញឱ្យខ្មែរ ខណៈពលរដ្ឋខ្មែរគ្មានអ្នកណាចង់ឱ្យបើកព្រំដែនវិញឡើយ ហើយបាននិងកំពុងងាកទៅរកប្រភពនាំចូលថ្មីដើម្បីតបតនឹងទង្វើឈ្លានពានរបស់យោធាថៃ។
______________.jpg)
ចង់ឲ្យខ្មែរភ័យ ឬនិយាយដើម្បីតែលួងចិត្តពលរដ្ឋខ្លួនឯង? រដ្ឋមន្រ្តីការពារជាតិថៃ បានចេញមុខប្រកាសជំហរយ៉ាងរឹងត្អឹងពីការបន្តបិទច្រកព្រំដែនជាឯកតោភាគីជាមួយកម្ពុជា ដោយជំរុញឲ្យប្រជាជនថៃនៅតាមបន្ទាត់ព្រំដែន ងាកមកគាំទ្រផលិតផលថៃឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចផ្ទៃក្នុង។ តើការគំរាមបិទទ្វារព្រំដែននេះ អាចមានប្រសិទ្ធភាពធ្វើឱ្យកម្ពុជាភ័យព្រួយមែនដែរឬទេ? ឬគ្រាន់តែជាល្បិចកលនយោបាយលាក់បាំងការខាតបង់ និងបំប៉នស្មារតីជាតិនិយមរបស់ពលរដ្ឋខ្លួនឯង ស្របពេលដែលកម្ពុជាកំពុងម្ចាស់ការលើសេដ្ឋកិច្ច និងមិនខ្វល់ចង់ឱ្យបើកព្រំដែនវិញទាល់តែសោះនោះ?.jpg)
យោងតាមការផ្ដល់សម្ភាសន៍ ជាមួយភ្នាក់ងារព័ត៌មាន Amarin News នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកសេនីយ៍ទោ អតុល្យ ប៊ុនថាំចារើន (Lt. Gen. Adul Boonthamcharoen) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានថ្លែងក្ដែងៗយ៉ាងព្រហើនថា ប្រទេសថៃនៅតែបន្តបិទច្រកព្រំដែនជាមួយកម្ពុជាជាឯកតោភាគីជារៀងរហូតទៅ។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាជនថៃដែលរស់នៅតាមបណ្ដោយព្រំដែន ឱ្យងាកមកប្រើប្រាស់ និងគាំទ្រផលិតផលទំនិញរបស់ថៃ (ថៃជួយថៃ) ដើម្បីជម្រុញចរន្តសេដ្ឋកិច្ចរបស់ថៃឡើងវិញ។ ទន្ទឹមនឹងនេះ គណៈរដ្ឋមន្ត្រីថៃក៏បានប្រញាប់ប្រញាល់អនុម័តកញ្ចប់ថវិកាកណ្តាលប្រមាណ ៣,៥០០ លានបាត ជូនទៅដល់កងទ័ព ដើម្បីទិញអាវុធថ្មីៗ និងជួសជុលអាវុធចាស់ៗដែលរងការខូចខាតពីការប្រយុទ្ធគ្នា ក្នុងចេតនាបង្ហាញសាច់ដុំយោធាគំរាមកំហែងដល់កម្ពុជា។

ប៉ុន្តែបើយោងតាមស្ថានភាពជាក់ស្ដែង ការប្រើប្រាស់ការគំរាមបិទទ្វារព្រំដែនពុំមានប្រសិទ្ធភាពក្នុងការដែលឲ្យកម្ពុជាដាច់ពោះស្លាប់នោះទេ។ នៅមុនពេលមានជម្លោះ ភាគីថៃជាអ្នកនាំចូលទំនិញមកកម្ពុជាក្នុងចំនួនដ៏ច្រើនលើសលុប ដូច្នេះភាគីអ្នកលក់ (ថៃ) គឺពិតជាអ្នករងការខាតបង់ថវិកា និងឱនភាពទីផ្សារធ្ងន់ធ្ងរជាងភាគីអ្នកទិញ (កម្ពុជា) នៅពេលដែលការធ្វើពាណិជ្ជកម្មត្រូវបានរាំងស្ទះ។ ដូចគ្នានេះដែរ ប្រជាជនកម្ពុជា មិនមាននរណាម្នាក់ទាមទារឲ្យការបើកព្រំដែនជាមួយថៃវិញឡើយ បើទោះជាបងប្អូននៅតាមព្រំដែនខ្លះត្រូវខាតបង់ប្រាក់ចំណូលមួយចំនួនក៏ដោយ។ ផ្ទុយទៅវិញ ការឈឺចាប់ដោយសារទង្វើឈ្លានពានជាបន្តបន្ទាប់ពីយោធាថៃ បានធ្វើឲ្យពួកគាត់សាមគ្គីគ្នា និងស្វែងរកប្រភពនាំចូលទំនិញថ្មីៗ ព្រមទាំងពង្រឹងខ្សែសង្វាក់ផលិតកម្មផ្ទៃក្នុងយ៉ាងរស់រវើក។ ហេតុនេះហើយ ការដែលថៃប្រកាសក្ដែងៗថានឹងបិទព្រំដែនរហូតដូចខាងលើ មិនបានធ្វើឲ្យកម្ពុជាភ័យព្រួយឡើយ ផ្ទុយទៅវិញវាហាក់ដូចជាការនិយាយដើម្បីលួងចិត្តប្រជាជនខ្លួនឯង ច្រើនជាងការព្រមានកម្ពុជា។.jpg)
ជារួមមក សារព្រមានរបស់រដ្ឋមន្ត្រីការពារជាតិថៃ គឺលែងមានប្រសិទ្ធភាព ឬមានទម្ងន់អ្វីមកលើកម្ពុជាទៀតហើយ ព្រោះរបត់សេដ្ឋកិច្ច និងស្មារតីរបស់ពលរដ្ឋខ្មែរបានងាកទៅរកឯករាជ្យភាពពាណិជ្ជកម្មទាំងស្រុង។ ទង្វើឈ្លានពាន និងការលេងល្បិចការទូតគៀបសង្កត់របស់យោធាថៃ មិនត្រឹមតែមិនអាចបំបាក់ស្មារតីខ្មែរប៉ុណ្ណោះទេ តែវាបានបង្រួបបង្រួមចិត្តកូនខ្មែរឱ្យមានភាពម្ចាស់ការលើខ្លួនឯងកាន់តែខ្លាំង។ យុទ្ធសាស្ត្រដំឡើងសាច់ដុំទិញអាវុធ ៣,៥០០លានបាត និងការឡាំប៉ាប្រកាសបិទព្រំដែនជារៀងរហូត គ្រាន់តែជាខែលនយោបាយលាក់បាំងការខាតបង់របស់អាជីវករថៃ និងជាការបំភាន់ភ្នែកដើម្បីលួងចិត្តពលរដ្ឋខ្លួនឯង កុំឱ្យងើបឡើងតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលយោធាថៃតែប៉ុណ្ណោះ៕










