យោងតាមសេចក្តីប្រកាសផ្លូវការរបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ភាគីថៃបានលួចធ្វើសកម្មភាពរំលោភចូលដីខ្មែរដល់ភ្នំបេង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ តាមរយៈល្បិចកលលួចដំឡើងព្រះពុទ្ធរូបដើម្បីកែប្រែស្ថានភាពជាក់ស្តែង ស្របពេលដែលកម្ពុជាប្រកាសមិនទទួលស្គាល់រាល់សកម្មភាពបំពាននេះដាច់ខាត ព្រមទាំងបង្ខំឱ្យថៃរុះរើចេញវិញជាបន្ទាន់។
____________
ល្បិចយកព្រះមកបិទបាំងទង្វើឈ្លានពាន! ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដាក់ចេញនូវលិខិតតវ៉ាយ៉ាងដាច់អហង្ការ ចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ភាគីថៃលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការលួចដំឡើងព្រះពុទ្ធរូបមួយអង្គយ៉ាងអាណាធិបតេយ្យ នៅក្នុងភូមិសាស្ត្រខ្មែរ។ ទង្វើឆ្លៀតឱកាសនេះ ត្រូវបានកម្ពុជាឆក់បានភស្តុតាងជាក់ស្តែង និងបានទម្លាក់ឱសានវាទការទូត បង្ខំឱ្យភាគីថៃរុះរើសំណង់នោះចេញវិញជាបន្ទាន់ ដើម្បីការពារសន្តិសុខ និងស្ថិរភាពតាមបណ្តោយព្រំដែន។
យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានលាតត្រដាងអង្គហេតុថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ភាគីថៃបានលួចដំឡើងព្រះពុទ្ធរូបមួយអង្គនៅក្នុងភូមិសាស្ត្រភ្នំបេង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាចំណុចស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ២៣ និងលេខ ២៤ នៃដែនដីអធិបតេយ្យភាពដាច់ខាតរបស់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកទង្វើនេះថាជា «ល្បិចកលកែប្រែស្ថានភាពជាក់ស្តែង និងប្រើប្រាស់សំណង់សាសនា ដើម្បីពង្រឹងការអះអាងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់»។
នៅក្នុងសេចក្តីថ្លែងការណ៍ការទូត កម្ពុជាបានបើកកាតច្បាប់ និងភស្តុតាងប្រវត្តិសាស្ត្របំបាក់ភាគីថៃយ៉ាងច្បាស់ៗ ដោយបញ្ជាក់ថា សកម្មភាពរបស់ថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើខ្សែបន្ទាត់ព្រំដែនដែលបានកំណត់ និងខណ្ឌសីមាដោយផែនទីខ្នាត ១:២០០,០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ជាងនេះទៅទៀត ទង្វើនេះបានរំលោភលើអនុស្សរណៈនៃការយោគយល់គ្នា (MoU 2000) ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការស្ទង់មតិ និងខណ្ឌសីមាព្រំដែនដែនដី និងចំណុចទី១ (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃការប្រជុំវិសាមញ្ញលើកទី៣ របស់គណៈកម្មាការព្រំដែនរួម (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៦ ផងដែរ។
ចំពោះមុខការរំលោភបំពានដ៏កំរោលនេះ កម្ពុជាបានប្រកាសមិនទទួលស្គាល់ដាច់ខាតនូវរាល់សកម្មភាពឯកតោភាគី ឬការបង្កើតស្ថានភាពថ្មីណាមួយរបស់ភាគីថៃនៅតំបន់នោះ ហើយរាល់ទង្វើទាំងនេះមិនអាចប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬអធិបតេយ្យភាពរបស់កម្ពុជាឡើយ។ រាជរដ្ឋាភិបាលកម្ពុជាបានទាមទារយ៉ាងម៉ឺងម៉ាត់ឱ្យប្រទេសថៃ បញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់ និងត្រូវរុះរើព្រះពុទ្ធរូបនោះចេញវិញជាដាច់ខាត ដើម្បីរក្សាបរិយាកាសកសាងទំនុកចិត្ត ក៏ដូចជារក្សាសន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែន។
ជារួមមក ប្រតិកម្មតបតយ៉ាងម៉ឺងម៉ាត់ និងទាន់ពេលវេលារបស់ក្រសួងការបរទេសកម្ពុជា គឺជាខែលការពារបូរណភាពទឹកដីដ៏រឹងមាំ ដែលបង្ហាញពីស្មារតីម្ចាស់ការ និងការមិនឱនក្បាលចំពោះការរំលោភបំពានព្រំដែនពីប្រទេសជិតខាងឡើយ។ ទោះបីជាថៃព្យាយាមប្រើប្រាស់ល្បិចយកសំណង់សាសនាមមកធ្វើជាឧបករណ៍នយោបាយកាត់ទឹកដីក្តី ប៉ុន្តែវាគ្មានតម្លៃផ្លូវច្បាប់អន្តរជាតិឡើយ ចំពោះមុខភស្តុតាងឯកសារ និងផែនទីប្រវត្តិសាស្ត្រដែលកម្ពុជាមាននៅក្នុងដៃ។ កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់ជំហររឹងមាំក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងច្បាប់អន្តរជាតិ ដើម្បីធានាថាខ្សែបន្ទាត់ព្រំដែនដូនតានឹងមិនត្រូវផ្លាស់ប្តូរឡើយ៕










