ជំនន់ទន្លេមេគង្គបុកឡើង ២លើកជាប់ៗគ្នា បណ្តាលឱ្យបាក់ស្រុតច្រាំងទន្លេនៅក្នុងខេត្តកំពង់ចាមលាតសន្ធឹងរហូតដល់ទៅជាង ១២គីឡូម៉ែត្រ។ ផ្ទះ ៤២ខ្នងត្រូវបានរុះរើ និងពលរដ្ឋ ១៧០គ្រួសារត្រូវជម្លៀសខ្លួនជាបន្ទាន់ នេះបើតាមការបញ្ជាក់ពីឯកឧត្តម អ៊ុន ចាន់ដា ខណៈពលរដ្ឋស្រែកសុំជំនួយ ក្រុមអ្នកជំនាញបានចេញមុខជម្រុញឱ្យរដ្ឋាភិបាលផ្អាកការបូមខ្សាច់ និងបើកចំហរបាយការណ៍ EIA ដើម្បីតម្លាភាព និងការពារសុវត្ថិភាពដីភូមិកររបស់ប្រជាពលរដ្ឋ។.jpg)
________
វិបត្តិបាក់ស្រុតច្រាំងទន្លេដ៏ធំធេង និងគួរឱ្យព្រួយបារម្ភបំផុតបានកើតឡើងនៅក្នុងខេត្តកំពង់ចាម កំពុងធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេមានការភ័យខ្លាចយ៉ាងខ្លាំង ខណៈក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចសង្គម និងបរិស្ថាន បានចេញមុខជម្រុញឱ្យរដ្ឋាភិបាលពង្រឹងវិធានការការពារ និងបង្កើនតម្លាភាពលើការគ្រប់គ្រងអាជីវកម្មបូមខ្សាច់ ដើម្បីឆ្លើយតបនឹងក្តីកង្វល់របស់មហាជន។ ការបាក់ស្រុតដីច្រាំងទន្លេមេគង្គប្រវែងរហូតដល់ទៅជាង 12 គីឡូម៉ែត្រ នេះ បានបង្ខំឱ្យពលរដ្ឋរាប់រយគ្រួសារត្រូវរុះរើផ្ទះសំបែង និងរត់ភៀសខ្លួនទាំងក្តីអស់សង្ឃឹម។
យោងតាមការលើកឡើងរបស់អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានបង្ហាញការកត់សម្គាល់ថា ការផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនបូមខ្សាច់នាពេលបច្ចុប្បន្ន ហាក់មិនទាន់មានភាពច្បាស់លាស់ និងតម្លាភាពគ្រប់គ្រាន់នៅឡើយទេ។ ជាមួយគ្នានេះ អ្នកជំនាញមកពីអង្គការសង្គមស៊ីវិលផ្នែកបរិស្ថាននិងការអភិវឌ្ឍ ក៏បានគូសបញ្ជាក់បន្ថែមថា ទោះបីជាអាជ្ញាធរពន្យល់ថាការបាក់ស្រុតបណ្តាលមកពីកត្តាធម្មជាតិ និងចរន្តទឹកហូរខ្លាំងនៃទឹកជំនន់ឡើង 2 លើកជាប់គ្នាក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនធំនៅតែមានមន្ទិលសង្ស័យ និងបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពបូមខ្សាច់ ដែលអាចជាកាតាលីករធ្វើឱ្យបាតទន្លេកាន់តែជ្រៅ និងប្តូរចរន្តទឹកមកបោកបក់បុកទម្លាយច្រាំងទន្លេឱ្យស្រុតចុះលឿនជាងមុន។.jpg)
ដើម្បីដោះស្រាយវិបត្តិនេះ ក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍យ៉ាងទទូចឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ បង្កើនតម្លាភាពដោយការបើកចំហទិន្នន័យជាសាធារណៈ រួមមាន៖ ទិន្នន័យអនុញ្ញាតឱ្យនាំចេញខ្សាច់, បរិមាណខ្សាច់ដែលបានទាញយកពិតប្រាកដ, ចំណូលដែលរដ្ឋទទួលបាន និងជាពិសេសត្រូវបង្ហាញរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គម (EIA) ឱ្យបានច្បាស់លាស់។ ក្រុមអ្នកជំនាញក៏បានជម្រុញឱ្យមានការចុះសិក្សាស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃតំបន់បាក់ស្រុតឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងចេញអាជ្ញាប័ណ្ណអនុញ្ញាតថ្មីៗ ហើយប្រសិនបើរករកឃើញថាក្រុមហ៊ុនណាមួយបូមខ្សាច់ខុសបច្ចេកទេសបង្កឱ្យបាក់ច្រាំង ក្រុមហ៊ុននោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ និងបង់សំណងខូចខាតជូនពលរដ្ឋវិញ។
សូមបញ្ជាក់ថា យោងតាមទិន្នន័យផ្លូវការដែលបានបញ្ជាក់ដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គ្រោះមហន្តរាយធម្មជាតិនេះបានកើតឡើងដោយសារទឹកជំនន់ទន្លេមេគង្គឡើងធំចំនួន ២លើកជាប់គ្នា។ ស្ថានភាពបាក់ច្រាំងដ៏ធ្ងន់ធ្ងរនេះបានគ្របដណ្តប់លើក្រុង និងស្រុកចំនួន ៥ រួមមាន៖ ស្រុកស្ទឹងត្រង់, កំពង់សៀម, ក្រុងកំពង់ចាម, កងមាស, កោះស៊ូទិន និងស្រុកស្រីសន្ធរ។ ផលប៉ះពាល់ជាក់ស្តែងគឺបានបំផ្លាញដីច្រាំងទន្លេអស់ប្រវែងជាង ១២គីឡូម៉ែត្រ បង្កផលប៉ះពាល់ដល់ពលរដ្ឋជាង ២,០០០គ្រួសារ ក្នុងនោះផ្ទះសំបែងចំនួន ៤២ខ្នង ត្រូវបង្ខំចិត្តរុះរើជាបន្ទាន់ និងប្រជាពលរដ្ឋចំនួន ១៧០គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព៕










