តារាចម្រៀងជើងចាស់ដ៏មានឈ្មោះបោះសំឡេង អ្នកនាង ម៉េង កែវពេជ្ជតា និងតារាចម្រៀង ពេជ្រ សូលីកា បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងច្រើនបន្ទាប់ពីអ្នកទាំងពីរស្ថិតនៅក្នុងស៊ុមតែមួយនិងបានបកស្រាយបទចម្រៀងជាមួយគ្នាយ៉ាងពីរោះរណ្តំ។ ទស្សនិកជនមិនត្រឹមតែចាប់ចំពោះសកម្មភាពនេះទេប៉ុន្តែអ្នកគាំទ្រក៏បានចាប់អារម្មណ៍លើជីវិតរបស់អ្នកទាំងពីរដែលសុទ្ធតែជាស្រ្តីនិងជាម្តាយរឹងមាំដូចគ្នា។

គេចាំបានថាកាលពីខែសីហា តារាចម្រៀង ម៉េង កែវពេជ្ជតា បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍មិនធម្មតាបន្ទាប់ពីអ្នកនាងបកស្រាយបទចម្រៀងរបស់ ពេជ្រ សូលីកា មានចំណងជើងថា«ថែការចងចាំ»។ ទឹកដមរបស់អ្នកនាង ពេជ្ជតា បានធ្វើឱ្យសាធារណជន លើកសរសើរថាពីរោះមួយបែបពីម្ចាស់ដើម។ មិនត្រឹមតែប៉ុណ្ណោះអ្នកមួយចំនួនក៏មើលឃើញថាអ្នកនាង ម៉េង កែវពេជ្ជតា ពុំសូវជាបកស្រាយបទចម្រៀងអ្នកជំនាន់ក្រោយនោះទេលើកលែងតែមានការសហការដូច្នេះទស្សនិកជនខ្លះចាត់ទុកថា ពេជ្រ សូលីកា មានចំណុចពិសេសទាក់ទាញរៀមច្បងរូបនេះមិនខាន។

ក្រោយពីបង្ហាញសកម្មភាពខាងលើនេះនៅយប់ថ្ងៃទី១៦ ខែកញ្ញា ស្រាប់តែមហាជនបានឃើញតារាចម្រៀង ពេជ្ជតា និង សូលីកា បានជួបគ្នាក្នុងកម្មវិធីមួយហើយអ្នកទាំងពីរថែមទាំងបកស្រាយបទចម្រៀងរួមគ្នានិងបង្ហាញកាយវិការស្និទ្ធស្នាលជាមួយគ្នាផងដែរ។ តាមរយៈវីដេអូនេះ ពេជ្រ សូលីកា បានបកស្រាយបទ «ស្នេហ៍ប្រុសងក់ងរ» ដែលជាបទល្បីល្បាញមួយរបស់ អ្នកនាង ម៉េង កែវពេជ្ជតា។

បន្ទាប់ពីវីដេអូនេះបង្ហោះនៅលើបណ្តាញសង្គមបានធ្វើឱ្យអ្នកគាំទ្រជាច្រើនសរសើរពីទឹកដមសំឡេងរបស់សិស្សច្បងនិងសិស្សប្អូននិងបង្ហាញថាចូលចិត្តតារាចម្រៀងទាំងពីររូបនេះ។ លើសពីនេះទៅទៀត អ្នកគាំទ្ររំពឹងថានាថ្ងៃអនាគត ពេជ្រ សូលីកា និងអ្នកនាង ម៉េង កែវពេជ្ជតា អាចសហការចេញបទចម្រៀងរួមគ្នា។<
ក្រៅពីការចាប់អារម្មណ៍ទៅលើខាងតន្រ្តី ទស្សនិកជនមួយចំនួនបានសម្លឹងឃើញថាទាំងអ្នកនាង ម៉េង កែវពេជ្ជតា និង ពេជ្រ សូលីកា គឺជាស្រ្តីរឹងមាំដូចគ្នា ជាពិសេសក្នុងនាមជាម្តាយដែលជ្រើសរើសយកកូននិងខិតខំតស៊ូក្នុងការចិញ្ចឹមកូនយ៉ាងលំបាក៕










