យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post, កងទ័ពជើងគោកថៃបានបើកយុទ្ធនាការកេណ្ឌទ័ពជួរមុខទ្រង់ទ្រាយធំ ដោយប្រកាសជ្រើសរើសទាហានស្ម័គ្រចិត្តរហូតដល់ ១៨,៧៨៤ អាត់ត្រា សម្រាប់ឆ្នាំ២០២៧ ខាងមុខ ខណៈការជ្រើសរើសទម្រង់ថ្មីនេះ នឹងផ្តល់ប្រាក់ខែខ្ពស់ដល់ទៅ ១៥,០០០ បាត ឬជិត ៥០០ ដុល្លារ/ខែ រួមទាំងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដើម្បីលើកទឹកចិត្ត។
________________
ថៃបើកយុទ្ធនាការកេណ្ឌទ័ពជួរមុខទ្រង់ទ្រាយធំ ដោយប្រកាសជ្រើសរើសទាហានស្ម័គ្រចិត្តចំនួន ១៨,៧៨៤ អាត់ត្រា និងផ្តល់ជាប្រាក់ខែ អត្ថប្រយោជន៍ ព្រមទាំងលក្ខខណ្ឌអាទិភាពពិសេសៗជាច្រើនសម្រាប់ការឡើងបុណ្យស័ក្តិ ស្របពេលដែលស្ថានភាពព្រំដែនជាមួយប្រទេសជិតខាងកំពុងមានភាពរកាំរកូស និងតានតឹងខ្លាំង!.jpg)
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មាន Bangkok Post និងប្រភពព័ត៌មានផ្លូវការរបស់កងទ័ពជើងគោកថៃ បានឱ្យដឹងថា ថៃបានចាប់ផ្តើមបើកយុទ្ធនាការជ្រើសរើស «ពលទាហានអាសា» ឬទាហានស្ម័គ្រចិត្តសម្រាប់ឆ្នាំ២០២៧ ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មាន។ ការប្រកាសនេះត្រូវបានធ្វើឡើងក្រោមគោលនយោបាយកែទម្រង់ប្រព័ន្ធយោធារបស់រដ្ឋាភិបាលលោក អានុទីន ឆានវីរៈកុល នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃបច្ចុប្បន្ន ដែលមានជំហរតឹងរ៉ឹងលើបញ្ហាសន្តិសុខជាតិ។ អ្នកដែលបានចុះឈ្មោះនឹងត្រូវចុះកិច្ចសន្យាបម្រើការងាររយៈពេល ៤ ឆ្នាំ ដោយទទួលបានប្រាក់កម្រៃប្រចាំខែខ្ពស់រហូតដល់ ១៥,០០០ បាត (ប្រមាណ ៤៤៥ ដុល្លារ) រួមទាំងការធានារ៉ាប់រងអាយុជីវិត និងការគាំពារសុខភាពពេញលេញពីកងទ័ព។
ការងាកមកប្រើប្រាស់ប្រព័ន្ធស្ម័គ្រចិត្ត និងការផ្តល់ការលើកទឹកចិត្តជាទឹកប្រាក់ដ៏ច្រើនបែបនេះ ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា មិនមែនជារឿងចៃដន្យនោះឡើយ ប៉ុន្តែវាជាការគណនាយុទ្ធសាស្ត្រយ៉ាងល្អិតល្អន់ដើម្បីពង្រឹងកម្លាំងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន ដែលកំពុងប្រឈមមុខដាក់គ្នា។ កងទ័ពថៃត្រូវការកម្លាំងទ័ពដែលមានការប្តេជ្ញាចិត្តខ្ពស់ និងស្មារតីជាតិនិយម ដើម្បីឈរជើងការពារតំបន់ព្រំដែនដែលមានហានិភ័យខ្ពស់ ពិសេសតំបន់ជាប់ព្រំដែនកម្ពុជាដែលទើបតែផ្ទុះអាវុធ និងមានភាពតានតឹងខ្លាំងជុំវិញរឿងរបងលួសបន្លា។ ជាងនេះទៅទៀត យុទ្ធសាស្ត្រនេះអនុញ្ញាតឱ្យយុវជនដែលស្ម័គ្រចិត្ត អាចជ្រើសរើសអង្គភាព ឬកងវរសេនាតូចដែលខ្លួនចង់ទៅឈរជើងបានទូទាំងប្រទេស ដែលជាការងាយស្រួលក្នុងការប្រមូលផ្តុំកម្លាំងទ័ពដែលមានឆន្ទៈប្រយុទ្ធ ទៅបំពេញបន្ថែមក្នុងចំណុចយុទ្ធសាស្ត្រក្តៅៗ។
សរុបសេចក្តីមក ការបើកយុទ្ធនាការជ្រើសរើសទាហានស្ម័គ្រចិត្តជិត ២ ម៉ឺននាក់របស់ភាគីថៃនាពេលនេះ គឺជារូបភាពនៃការបន្តពង្រឹងសាច់ដុំយោធា និងការចល័តកម្លាំងជួរមុខដោយប្រយោល ក្រោមលេសនៃការកែទម្រង់ប្រព័ន្ធយោធា។ ស្ថានភាពនេះឆ្លុះបញ្ចាំងឱ្យឃើញថា ថៃកំពុងរៀបចំផែនការការពារជាតិយ៉ាងដាច់ខាត និងត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការឆ្លើយតបខាងយោធាគ្រប់ពេលវេលា។ ព្រឹត្តិការណ៍នេះ អាចនឹងរុញច្រានឱ្យស្ថានភាពព្រំដែនជាមួយប្រទេសជិតខាងកាន់តែស្ថិតក្នុងភាពប្រឈមមុខដាក់គ្នាខ្លាំងឡើង ប្រសិនបើមិនមានយន្តការចរចាដោយសន្តិវិធីណាមួយ ដើម្បីកាត់បន្ថយកម្តៅយោធាដែលកំពុងឡើងកម្រិតខ្ពស់នេះទេនោះ៕










