ខ្មែររួមគ្នាជាធ្លុងមួយដើម្បីការពារជាតិ! ព្រះរាជក្រឹត្យតែងតាំងកញ្ញា កឹម មនោវិទ្យា ជាប្រេសិតពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មានឋានៈស្មើរដ្ឋមន្ត្រី ត្រូវបានក្រុមអ្នកវិភាគចាត់ទុកថា ជានិមិត្តរូបនៃការផ្សះផ្សាជាតិ និងជាការបើកទំព័រវប្បធម៌នយោបាយថ្មី។ នេះជាសញ្ញាវិជ្ជមានដ៏ធំធេងក្នុងការបង្រួបបង្រួមជាតិខ្មែរ បំភ្លេចជម្លោះអតីតកាល និងងាកមកផ្លាស់ប្តូរផ្នត់គំនិតធ្វើនយោបាយបែបស្ថាបនា ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុង ទប់ទល់នឹងការឈ្លានពានពីខាងក្រៅ និងរួមគ្នាការពារបូរណភាពទឹកដី។

_______________
របត់នយោបាយថ្មី! ការប្រកាសតែងតាំងកញ្ញា កឹម មនោវិទ្យា ជា «ប្រេសិតពិសេស» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានក្រុមអ្នកវិភាគ និងអ្នកជំនាញវិទ្យាសាស្ត្រនយោបាយមើលឃើញយ៉ាងច្បាស់ថា ជាសញ្ញាវិជ្ជមានដ៏ធំធេងនៃការផ្សះផ្សាជាតិ និងជានិមិត្តរូបនៃការកសាងវប្បធម៌នយោបាយថ្មីមួយនៅកម្ពុជា ដែលបំភ្លេចចោលនូវជម្លោះអតីតកាល ហើយងាកមកចាប់ដៃគ្នារួមរស់ និងការពារប្រយោជន៍ជាតិជាធំ។
.jpg)
ផ្អែកតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងកញ្ញា កឹម មនោវិទ្យា ដែលត្រូវជាកូនស្រីច្បងរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ជា «ប្រេសិតពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា» មានឋានៈស្មើ រដ្ឋមន្ត្រី។ ការតែងតាំងដ៏ភ្ញាក់ផ្អើលនេះ ធ្វើឡើងបន្ទាប់ពីមានការបង្ហាញភាពស្និទ្ធស្នាលជាបន្តបន្ទាប់ តាមរយៈការចូលជួបសម្តែងការគួរសមរបស់កញ្ញា កឹម មនោវិទ្យា ព្រមទាំងក្រុមគ្រួសារ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នាពេលថ្មីៗកន្លងទៅនេះ។ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានចាត់ទុកព្រឹត្តិការណ៍នេះថាជាការបើកចិត្តទូលាយរបស់ថ្នាក់ដឹកនាំ ដើម្បីទាក់ទាញអ្នកជំនាញឱ្យចូលរួមបម្រើជាតិ ដោយខិតខំលុបបំបាត់ភាពខ្វែងគំនិតគ្នាកាលពីអតីតកាល។.jpg)
ជាមួយគ្នានេះដែរ លោកបណ្ឌិត អេង កុកថាយ អ្នកវិភាគនយោបាយ ក៏បានមើលឃើញ និងវាយតម្លៃខ្ពស់ថា ស្ថានភាពថ្មីនេះគឺជាសញ្ញាវិជ្ជមាន និងល្អប្រសើរសម្រាប់នយោបាយផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសនៅក្នុងបរិបទដែលប្រទេសជាតិកំពុងតែមានការប្រឈមមុខនឹងការឈ្លានពាន និងការគំរាមកំហែងពីប្រទេសជិតខាង។ លោកបណ្ឌិត អេង កុកថាយ បានសង្កត់ធ្ងន់ថា ការរួមគ្នារវាងមេដឹកនាំជំនាន់មុន និងជំនាន់ក្រោយតាមគន្លង «គោលនយោបាយឈ្នះ-ឈ្នះ» នេះ គឺជាឱកាសដ៏ល្អដែលជួយជំរុញឱ្យអ្នកនយោបាយខ្មែរ ផ្លាស់ប្តូរផ្នត់គំនិតពីការប្រឆាំងផ្កាប់មុខដើម្បីបំផ្លាញ មកជាការប្រឆាំងបែបស្ថាបនា ឬការរិះគន់ប្រកបដោយវិជ្ជាជីវៈដើម្បីស្វែងរកចំណុចខ្វះខាតយកមកអភិវឌ្ឍ និងការពារបូរណភាពទឹកដីរួមគ្នាវិញ។
ជារួមមក របត់នយោបាយថ្មីតាមរយៈការតែងតាំងកញ្ញា កឹម មនោវិទ្យា នៅពេលនេះ មិនត្រឹមតែជាការផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយក្នុងការបញ្ចេញសមត្ថភាពបម្រើជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីកម្មដ៏រឹងមាំបង្ហាញពីសាមគ្គីភាពខ្មែរនិងខ្មែរ។ ការរួមគ្នាក្រោមដំបូលសន្តិភាព និងនយោបាយឈ្នះ-ឈ្នះ គឺជាខែលការពារជាតិដ៏មានឥទ្ធិពលបំផុត ក្នុងការធានាស្ថិរភាពផ្ទៃក្នុង និងអធិបតេយ្យភាពទឹកដីឱ្យបានគង់វង្សជារៀងរហូត៕










