ស្កាយ កូនប្រុសតារាពហុជំនាញ ខាត់ សុឃីម ដែលជា DJ មួយរូបបានជួបគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យរថយន្តរងការខូចខាតចំណែកឯ ស្កាយ រងរបួសស្រាលប៉ះចំត្រចៀកតិចតួច។ អ្នកនាង ខាត់ សុឃីម បានអះអាងថារថយន្តកូនប្រុសខ្លួនត្រូវបានរថយន្តមួយទៀតបើកបុកហើយរត់គេចពីកន្លែងកើតហេតុ។
វេលាម៉ោងជិត១រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា អ្នកនាង ខាត់ សុឃីម បានបង្ហោះរូប៣សន្លឹកដោយភ្ជាប់មកជាមួយនឹងការបញ្ជាក់ថាកូនប្រុសរបស់អ្នកនាងគឺ ស្កាយ បានជួបគ្រោះថ្នាក់ចរាចរមុននេះបន្តិចដោយមានរថយន្តផ្សេងបើកបុកឡានកូនរបស់នាង ហើយបើករថយន្តរត់បាត់ពីកន្លែងកើតហេតុ។ តារាចម្រៀងរូបនេះបញ្ជាក់ថា ស្កាយ រងរបួសដៃខាងឆ្វេង។ អ្នកនាង ខាត់ សុឃីម បានសំណូមពរឱ្យប៉ូលិស ជួយដោះស្រាយករណីនេះ ខណៈកន្លែងហេតុគឺស្ថិតនៅផ្សារស្ទឹងមានជ័យចាស់ ទល់មុខ ហាងលក់ទូរស័ព្ទដៃ ផ្លាក Samsung ជិតឡើងស្ពានស្ទឹងមានជ័យ។

ដោយសារតែគ្រោះថ្នាក់នេះកើតឡើងពាក់កណ្តាលអធ្រាត្រតារាចម្រៀងរូបនេះមិនហ៊ានរំខានផ្ទះប្រជាពលរដ្ឋដែលមានកាមេរ៉ាតាមផ្លូវនៅទីនោះទេដោយរង់ចាំពេលព្រឹកសឹមដោះស្រាយ។ នៅឃ្លាចុងក្រោយ អ្នកនាង ខាត់ សុឃីម បានជំរុញឱ្យម្ចាស់ឡានដែលបើកបុកឡានកូនប្រុសរបស់អ្នកនាងចូលខ្លួនដោះស្រាយ។ បើតាមការបង្ហោះរបស់ ស្កាយ រូបគេបានបញ្ជាក់ពីស្ថានភាពរបស់ខ្លួនថា «អរគុណអ្នកទាំងអស់គ្នាសម្រាប់ការបារម្ភ ខ្ញុំអត់អីទេ គ្រាន់តែប៉ះត្រចៀកតិចតួច ស៊យសាហាវ»។

គួរបញ្ជាក់ផងដែរថា ស្កាយ បច្ចុប្បន្នបានអភិវឌ្ឍអាជីពរបស់ខ្លួនក្លាយជា DJ មួយរូបដោយបានបញ្ចេញសមត្ថភាពរបស់ខ្លួនតាមរយៈពិធីមង្គលការ និងកម្មវិធីនានា។ ក្រៅពីចាប់អាជីពជា DJ ស្កាយ មានសមត្ថភាពទាំងការលេងភ្លេង និងបង្កើតស្នាដៃខាងវិស័យចម្រៀងផងដែរ៕










