ទីបំផុត ប៊ី សុធារី បានឈ្នះមកុដក្នុងការប្រកួត Miss Cosmo Cambodia 2026 បន្ទាប់ពីបរាជ័យកាលពីឆ្នាំមុន។ សមិទ្ធផលនេះបានជំរុញឱ្យ ប៊ី សុធារី នឹងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិម្តងទៀតខណៈនាងនឹងត្រូវជួបមិត្តចាស់បវរកញ្ញាមីយ៉ាន់ម៉ា Thae Su Nyein។
អ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា Thae Su Nyein បានក្លាយជា Miss Cosmo Myanmar 2026 ដែលបង្កឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីព្រោះរូបនាងគឺជាជើងខ្លាំងមួយរូបសុខចិត្តបោះចោលមកុដនិងលំដាប់រងក្នុងកម្មរបស់ MGI ។ បវរកញ្ញាមីយ៉ាន់ម៉ា រូបនេះក៏មានទំនាក់ទំនងស្និទ្ធស្នាលជាមួយនឹង ប៊ី សុធារី ផងដែរដោយសារតែអ្នកទាំងពីរធ្លាប់ជាបេក្ខភាពប្រកួតជាមួយគ្នា ខណៈកន្លងមកពួកគេក៏ធ្លាប់បានធ្វើការជាមួយគ្នាផងដែរ។.png)
អ្វីៗក៏ដូចជាការរំពឹងទុកភាគច្រើនបន្ទាប់ពីឆ្លងកាត់ការប្រកួតច្រើនខែ និងការបរាជ័យកាលពីឆ្នាំមុនពេលនេះ ប៊ី សុធារី បានក្លាយជា Miss Cosmo Cambodia 2026 កាលពីរាត្រីថ្ងៃទី៨ ខែសីហា។ នេះមានន័យថា ទាំង ប៊ី សុធារី និង Thae Su Nyein នឹងមានឱកាសជួបគ្នាម្តងទៀតនៅលើឆាកអន្តរជាតិក្នុងការប្រកួត Miss Cosmo នៅឯលើទឹកដីប្រទេសវៀតណាមនាពេលខាងមុខនេះ។
.png)
គួរបញ្ជាក់ផងដែរថា ប៊ី សុធារី គឺជាបវរកញ្ញាជើងចាស់មួយរូបដែលឆ្លងកាត់ការប្រកួតទាំងក្នុងស្រុកនិងក្រៅស្រុកជាច្រើនដង។ កាលពីឆ្នាំ២០១៤ ប៊ី សុធារី ធ្លាប់តំណាងប្រទេសកម្ពុជាប្រកួតក្នុងកម្មវិធី Miss South East Asia ។ ក្នុងឆ្នាំ២០១៦ ប៊ី សុធារី គឺជាស្រ្តីខ្មែរដំបូងគេដែលតំណាងប្រទេសប្រកួតនៅលើឆាក Miss Universe ប៉ុន្តែពុំមានឱកាសចូល TOP ឡើយ។

នៅឆ្នាំ២០២៣ ប៊ី សុធារី បានតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាក Miss Charm International នៅឯប្រទេសវៀតណាម ប៉ុន្តែលទ្ធផលនៅតែមិនអាចចូល TOP ក្នុងការប្រកួតឡើយ ដោយគ្រានោះឈុតតំណាងជាតិមានឈ្មោះ «រាជនីមយូរ៉ា» បានឈ្នះនៅក្នុងការប្រកួតនេះ។ នៅឆ្នាំ២០២៤ ក៏បានឈ្នះមកុដក្នុងការប្រកួត Miss Grand Cambodia ដោយមានឱកាសតំណាងកម្ពុជាម្តងទៀត ស្របពេលនោះកម្ពុជាធ្វើជាសហម្ចាស់ផ្ទះ។ យ៉ាងណាមិញការប្រកួតនាគ្រានោះមិនបានរលូននោះទេដោយមានរឿងចម្រូងចម្រាសយ៉ាងខ្លាំង ហើយ ប៊ី សុធារី សុខចិត្តមិនចេញទៅប្រកួតបន្តនៅសៀមឡើយ។

ក្នុងឆ្នាំ២០២៦ នេះគឺជាឱកាសថ្មីមួយទៀតសម្រាប់ ប៊ី សុធារី ក្នុងការតំណាងឱ្យស្រ្តីខ្មែរប្រកួតនៅលើឆាកអន្តរជាតិជាមួយនឹងក្តីសង្ឃឹមជាថ្មី ការប្រកួតប្រជែងថ្មី ហើយទស្សនិកជនសង្ឃឹមថានាងនឹងទទួលបានចំណាត់ថ្នាក់ល្អមួយសម្រាប់កេរ្តិ៍ឈ្មោះរបស់នាង៕










