វិបត្តិផ្លូវចិត្ត និងភាពបរាជ័យជុំទិស! នាយករដ្ឋមន្រ្តីថៃ លោក អនុទីន ឆាន់វីរ៉ាគុល បានបង្ហោះសាររៀបរាប់ពីអារម្មណ៍អន់ចិត្តរបស់ខ្លួនបែបន័យធៀបថា ទៅធ្វើការរាល់ថ្ងៃដូចទៅរត់បុ.កជញ្ជាំង បុ.កយូរទៅមិនធ្លុះជញ្ជាំងហើយឈឺតែក្បាលខ្លួនឯង។ ការនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងថា នាយករដ្ឋមន្រ្តីថៃកំពុងស្ថិតនៅក្នុងស្ថានភាពបាក់ទឹកចិត្ត អស់សង្ឃឹម និងទាល់ច្រកនៅលើឆាកនយោបាយ ក្រោយពេលដែលរដ្ឋាភិបាលរបស់លោកជួបការបរាជ័យក្នុងការគ្រប់គ្រងសន្តិសុខសង្គម ព្រមទាំងរងសម្ពាធស្តីបន្ទោសយ៉ាងចាស់ដៃពីសំណាក់ពលរដ្ឋខ្លួនឯង។
យោងតាមសារខ្លីដែលត្រូវបានបង្ហោះកាលពីល្ងាចថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២៦ លោក អនុទីន បានពោលយ៉ាងដូច្នេះថា៖ «រត់បុកក្បាលនឹងជញ្ជាំងរាល់ថ្ងៃ ប៉ុន្តែជញ្ជាំងនៅតែខ្ពស់ជាងមុន ហើយក្រាស់ទៅៗ ប្រសិនបើនៅតែបន្តរត់បុក វានឹងឈឺក្បាលថែមទៀត»។ សារនេះគឺជាការសារភាពជាសាធារណៈអំពីការអស់កម្លាំងចិត្ត និងផ្លូវចិត្តដែលលែងចង់តស៊ូ ចំពោះមុខព្យុះវិបត្តិដែលរដ្ឋាភិបាលរបស់លោកបានបង្កឡើង។
.jpg)
តាមការសង្កេតក្នុងពេលកន្លងមក ក្រោមការដឹកនាំរបស់លោក ប្រទេសថៃបានជួបភាពបរាជ័យក្នុងការគ្រប់គ្រងសណ្ដាប់ធ្នាប់សន្តិសុខ ជាក់ស្តែងដូចជាបញ្ហាចរាចរណ៍គ្រឿងញៀន ក្រុមកាត់កេរ្តិ៍ឆបោក (Cyber Scams) និងអំពើហិង្សាដោយអាវុធកាំភ្លើងដែលបង្កឱ្យមានសោកនាដកម្មបាញ់ប្រហារសម្លាប់មនុស្ស ៨ នាក់នៅក្នុងសាលារៀន។ ជាងនេះទៅទៀត រដ្ឋាភិបាលថៃគ្មានដំណោះស្រាយច្បាស់លាស់ចំពោះជម្លោះព្រំដែនជាមួយប្រទេសជិតខាងជាពិសេសកម្ពុជា តាមរយៈការបិទច្រកព្រំដែនដោយខ្លួនឯងជាឯកតោភាគី រហូតធ្វើឱ្យពលរដ្ឋខ្មែរធ្វើពហិការមិនទិញទំនិញថៃ ដែលជះឥទ្ធិពលយ៉ាងអាក្រក់ និងដុតបំផ្លាញពាណិជ្ជកម្ម និងសេដ្ឋកិច្ចថៃឱ្យខាតបង់ប្រាក់រាប់លានដុល្លារ។ .jpg)
អ្វីដែលរឹតតែធ្វើឲ្យពលរដ្ឋថៃអស់ជំនឿចិត្ត និងស្ដីបន្ទោស លោក អនុទីន មិនឈប់នោះ គឺសកម្មភាពការទូតបែបក្មេងបៀមដៃ ដូចជាការលេងឧបករណ៍តន្រ្តី និងការច្រៀងរាំកម្សាន្តនៅក្រៅប្រទេស ខណៈដែលប្រជាជននៅក្នុងប្រទេសឯណេះជួបទុក្ខលំបាកស្ទើរថប់ដង្ហើម។
ជារួមមក សារប្រៀបធៀបរបស់លោក អនុទិន ឆានវីរាកុល គឺជាសក្ខីភាពលាតត្រដាងនូវភាពទាល់ច្រក និងការដួលរលំនៃយុទ្ធសាស្ត្រដឹកនាំរបស់រដ្ឋាភិបាលថៃ។ ភាពបរាជ័យក្នុងការធានាសុវត្ថិភាពជូនពលរដ្ឋ អសមត្ថភាពក្នុងការដោះស្រាយទំនាស់ការទូតជាមួយកម្ពុជា និងការព្រងើយកន្តើយចំពោះសុខទុក្ខរបស់រាស្ត្រ បានប្រែក្លាយរដ្ឋាភិបាលរបស់លោកឱ្យស្ថិតក្នុងស្ថានភាពរកាំរកូស និងឯកោទាំងស្រុង។ នេះជាមេរៀនដ៏ជូរចត់មួយដែលបង្ហាញថា មេដឹកនាំដែលជ្រើសរើសការកម្សាន្ត និងផលប្រយោជន៍នយោបាយលំៗ ជាជាងការកែទម្រង់រចនាសម្ព័ន្ធសន្តិសុខ និងសេដ្ឋកិច្ចពិតប្រាកដ នឹងត្រូវប្រឈមមុខនឹងការបដិសេធពីប្រជាជាតិ និងការដួលរលំអនាគតអាជីពរបស់ខ្លួនឯងយ៉ាងអាណោអាធ័ម៕










