ក្ដីសង្ឃឹមថ្មីសម្រាប់កុមារកម្ពុជា! មន្ទីរពេទ្យគន្ធបុប្ផា សាខារាជធានីភ្នំពេញបានបង្ហាញវឌ្ឍនភាពថ្មីនៃការសាងសង់អគារកម្ពស់ ៦ជាន់ ដើម្បីពង្រីកសេវាព្យាបាល និងសម្រួលដល់ការពិនិត្យ ថែទាំជំងឺជូនដល់ទារក និងកុមារឲ្យកាន់តែទូលំទូលាយ។ គម្រោងខ្នាតធំនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់គ្រែរួមគ្នា ឬការសម្រាកព្យាបាលណែនណាន់តាន់តាប់របស់កុមាររងគ្រោះ ដើម្បីធានាបាននូវការព្យាបាលប្រកបដោយគុណភាព និងផ្ដល់ភាពស្មើគ្នាយ៉ាងពិតប្រាកដ។.jpg)
យោងតាមការឲ្យដឹងពី «មូលនិធិគន្ធបុប្ផាកម្ពុជា» គម្រោងសាងសង់អគារថ្មីកម្ពស់ ៦ជាន់ នៅក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បាននិងកំពុងដំណើរការយ៉ាងរលូន ដោយគិតត្រឹមពេលនេះ ការសាងសង់សម្រេចបានប្រមាណ ៥% ហើយ បន្ទាប់ពីបានបើកការដ្ឋានសាងសង់កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។ អគារវេជ្ជសាស្ត្រថ្មីខ្នាតធំនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ២ ១៦១ ម៉ែត្រការ៉េ ដែលមានសមត្ថភាពអាចបន្ថែមគ្រែព្យាបាល និងថែទាំជំងឺជូនដល់ទារក និងកុមារ បានចំនួនប្រមាណ ២០០ គ្រែបន្ថែមទៀត ក្នុងបំណងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងជួយសម្រួលដល់ការពិនិត្យ ព្យាបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
គោលដៅ និងបេសកកម្មដ៏ធំបំផុតនៃការបង្កើតអគារកម្ពស់ ៦ជាន់ថ្មីនេះ គឺដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់ទាំងស្រុងនូវការប្រើប្រាស់គ្រែរួមគ្នា ឬការសម្រាកដេកជាន់គ្នារបស់កុមារតូចៗដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនាពេលកន្លងមក។ ចំពោះថវិកាដែលយកមកដំណើរការសាងសង់អគារដ៏មានតម្លៃនេះ គឺបានមកពីការគាំទ្ររបស់មូលនិធិគន្ធបុប្ផាខ្មែរ មូលនិធិគន្ធបុប្ផាស្វីស ព្រមទាំងការចូលរួមចំណែកដ៏ថ្លៃថ្លាពីសំណាក់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស។ ទន្ទឹមនឹងនេះ ក្រុមការងារនឹងបន្តបង្ហាញពីវឌ្ឍនភាពនៃការសាងសង់ជាបន្តបន្ទាប់ ដើម្បីរក្សានូវតម្លាភាព និងក្តីទុកចិត្តជូនដល់សាធារណជនដែលបានបរិច្ចាគថវិកាជួយដល់មន្ទីរពេទ្យ។
គួរជម្រាបថា មន្ទីរពេទ្យគន្ធបុប្ផាបានដើរតួនាទីយ៉ាងសំខាន់ និងជាខ្នងបង្អែកដ៏រឹងមាំក្នុងវិស័យសុខាភិបាលកម្ពុជា ដោយបានផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺប្រកបដោយគុណភាពខ្ពស់ជូនដល់ទារក និងកុមារដោយឥតគិតថ្លៃ ផ្ដល់ភាពស្មើគ្នា និងគ្មានការរើសអើងអ្វីឡើយ។ តាមរយៈបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះ មន្ទីរពេទ្យបានជួយសង្គ្រោះជីវិតកុមារខ្មែររាប់លាននាក់នៅក្នុងមួយឆ្នាំៗ ឱ្យរួចផុតពីក្តីស្លាប់ និងត្រឡប់ទៅរកការរស់រានមានជីវិតប្រកបដោយភាពស្រស់បំព្រងវិញ ដែលទង្វើនេះទាមទារឱ្យមានការចូលរួមគាំទ្រ និងបរិច្ចាគជាបន្តបន្ទាប់ពីសប្បុរសជនគ្រប់ទិសទី ដើម្បីរក្សាដង្ហើមសង្គ្រោះមួយនេះឱ្យនៅតែរឹងមាំជានិរន្តរ៍៕










