អ្នកសៀមរាបធ្វើបានហើយ ចុះអ្នកភ្នំពេញវិញពេលដែរ? ក្រោយរងសម្ពាធយ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋខ្មែរក្នុងការរួមសាមគ្គីគ្នាដាច់ខាតមិនទិញទំនិញថៃ ពេលនេះផ្សារទំនើបម៉ាក្រូ (Makro) សាខាខេត្តសៀមរាប បានប្រកាសពីគម្រោងបិទដំណើរការទាំងស្រុងនៅដំណាច់ខែកក្កដានេះ បន្ទាប់ពីបានខិតខំឈរជើងធ្វើអាជីវកម្មអស់រយៈពេលជាង ៧ ឆ្នាំ។ ចរន្តរលកពហិការដ៏សន្ធោសន្ធៅនេះ បានក្លាយជាមេរៀនសេដ្ឋកិច្ចមួយដ៏រញ្ជួយ និងកំពុងតែរុញច្រានឱ្យផ្សារថៃខ្នាតយក្សមួយនេះ ត្រូវបង្ខំចិត្តលុតជង្គង់ដកថយទាំងអាក្រាតបំផុត!

យោងតាមសេចក្តីប្រកាសផ្លូវការ ផ្សារទំនើបម៉ាក្រូ (Makro) សាខាខេត្តសៀមរាប នឹងត្រូវបញ្ឈប់រាល់ប្រតិបត្តិការលក់ដូរផ្ទាល់ទាំងអស់ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះតទៅ។ ផ្សារទំនើបលក់ដុំដ៏ធំមួយនេះ ធ្លាប់បានបើកទ្វារបម្រើសេវាកម្មយ៉ាងសកម្មជូនអតិថិជនចាប់តាំងពីឆ្នាំ២០១៨ មកម៉្លេះ ប៉ុន្តែត្រូវដើរដល់ផ្លូវទាល់ ដោយសារតែរងការវាយប្រហារចំៗពីចលនាបដិសេធទំនិញ និងសេវាកម្មដែលមានប្រភពមកពីប្រទេសថៃ ។ ទោះជាយ៉ាងណា ដើម្បីដោះស្រាយស្ថានការណ៍ចំពោះមុខ ក្រុមហ៊ុនបានសម្រេចចិត្តប្តូរយុទ្ធសាស្ត្រមករុញច្រានការលក់តាមប្រព័ន្ធអនឡាញវិញ តាមរយៈកម្មវិធីស្មាតហ្វូនដែលទើបតែប្ដូរឈ្មោះថ្មីទៅជា PSAR PLUS ជំនួសវិញ។
.jpg)
អ្នកវិភាគសេដ្ឋកិច្ចបានមើលឃើញថា ក្រៅពីសម្ពាធដ៏ស្រួចស្រាវនៃចលនាពហិការរបស់មហាជនខ្មែរ ដោយសារតែម៉ាក្រូគឺជាម៉ាកយីហោខ្នាតយក្សរបស់ថៃ វាក៏មានកត្តារួមផ្សំសំខាន់ៗផ្សេងទៀត ដូចជាវិបត្តិទេសចរណ៍នៅក្នុងខេត្តសៀមរាបដែលនៅមិនទាន់ងើបឡើងវិញពេញលេញ ព្រមទាំងយុទ្ធសាស្ត្រកាត់បន្ថយទំនិញក្នុងស្តុកនាពេលកន្លងមក ដែលធ្វើឱ្យការលក់ធ្លាក់ចុះយ៉ាងគំហើញ។ ការប្រកាសបិទទ្វារនេះ មិនត្រឹមតែជះឥទ្ធិពលដល់ខ្សែសង្វាក់ផ្គត់ផ្គង់នោះទេ ប៉ុន្តែវាបានបង្កើតជាក្តីបារម្ភ និងការសោកស្តាយយ៉ាងខ្លាំងក្នុងចំណោមប្រជាពលរដ្ឋ ជុំវិញការបាត់បង់ឱកាសការងារភ្លាមៗរបស់បុគ្គលិក និងកម្មករក្នុងស្រុកជាច្រើននាក់ដែលធ្លាប់បម្រើការនៅទីនោះ។
.jpg)
ជារួមមក ការប្រកាសបិទទ្វាររបស់ផ្សារទំនើបម៉ាក្រូសៀមរាបនៅចុងខែកក្កដានេះ គឺជាភស្តុតាងជាក់ស្តែងមួយដែលសបញ្ជាក់ឱ្យឃើញពីអំណាច និងឥទ្ធិពលដ៏មហិមារបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការប្រើប្រាស់វិធានការពហិការសេដ្ឋកិច្ចដើម្បីឆ្លើយតបនឹងជម្លោះអន្តរជាតិ។ នេះគឺជាមេរៀនដ៏ធំមួយសម្រាប់ក្រុមហ៊ុនបរទេសទាំងអស់ ឱ្យដឹងច្បាស់ថាស្ថានភាពភាពការទូត និងការគោរពមនោសញ្ចេតនាជាតិរបស់ប្រជាជនម្ចាស់ស្រុក គឺជាកត្តាកំណត់វាសនាអាជីវកម្ម មិនអាចខ្វះបានឡើយ៕









