ប្រទេសវៀតណាមកំពុងតែរៀបចំសេចក្តីព្រាងច្បាប់ថ្មីមួយ ដោយស្នើមិនអនុញ្ញាតឱ្យកុមារដែលមានអាយុក្រោម ១៦ ឆ្នាំ អាចធ្វើការបង្ហោះ (Post), បញ្ចេញមតិ (Comment), ចែករំលែក (Share) ឬចុច Reaction ផ្សេងៗនៅលើបណ្តាញសង្គមបានឡើយ ដោយទុកឱ្យពួកគេអាចធ្វើបានត្រឹមតែទស្សនា ឬមើលមាតិកា (View) តែប៉ុណ្ណោះ។
.jpg)
តំណាងនាយកដ្ឋានព័ត៌មានវិទ្យុ និងអេឡិចត្រូនិកវៀតណាម បានឱ្យដឹងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថា បទប្បញ្ញត្តិថ្មីនេះត្រូវបានបន្ថែមឡើងដើម្បីរឹតបន្តឹងការគ្រប់គ្រង និងការពារកុមារពីការឆបោកតាមអនឡាញ ព្រមទាំងការពារផ្លូវចិត្តពួកគេពីការរិះគន់ ឬជេរប្រមាថលើប្រព័ន្ធអ៊ីនធឺណិត។ តាមរយៈសេចក្តីព្រាងច្បាប់នេះ គណនីបណ្តាញសង្គមរបស់កុមារក្រោម ១៦ ឆ្នាំទាំងអស់ ត្រូវតែចុះឈ្មោះដោយប្រើព័ត៌មានរបស់ឪពុកម្តាយ ឬអ្នកអាណាព្យាបាល ដើម្បីជួយមើលថែទាំមាតិកា និងពេលវេលាដែលកូនៗប្រើប្រាស់។
យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗដូចជា TikTok និង Meta (ក្រុមហ៊ុនមេរបស់ Facebook) បានសម្តែងការព្រួយបារម្ភ និងជំទាស់ចំពោះវិធានការហាមឃាត់ទាំងស្រុងនេះ។ តំណាង TikTok បានលើកឡើងថា ការការពារកុមារជារឿងចាំបាច់ ប៉ុន្តែការហាមមិនឱ្យពួកគេមានសកម្មភាពទាល់តែសោះ ប្រៀបដូចជាការបិទសិទ្ធិពួកគេមិនឱ្យប្រើប្រាស់អ៊ីនធឺណិតទាំងស្រុង ព្រោះកម្មវិធីស្ទើរតែទាំងអស់នាពេលបច្ចុប្បន្នសុទ្ធតែមានមុខងារបណ្តាញសង្គម។
ចំណែកខាង Meta និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានបន្ថែមថា ប្រសិនបើកុមារអាចធ្វើបានត្រឹមតែមើលមាតិកាដោយអសកម្ម នោះប្រព័ន្ធ AI នឹងគ្មានទិន្នន័យសម្រាប់សម្គាល់អាយុពិតប្រាកដរបស់ពួកគេឡើយ។ កត្តានេះអាចជំរុញឱ្យកុមារបន្លំអាយុពេលចុះឈ្មោះ ហើយនៅពេលដែលពួកគេធ្វើជាមនុស្សធំ នោះប្រព័ន្ធការពារកុមារទាំងអស់នឹងមិនអាចដំណើរការបានឡើយ។
.jpg)
គួរបញ្ជាក់ផងដែរថា ក្រៅពីបណ្តាញសង្គម សេចក្តីព្រាងច្បាប់នេះក៏បានស្នើឱ្យមានការកំណត់ការលេងហ្គេមអនឡាញសម្រាប់កុមារក្រោម ១៦ ឆ្នាំមិនឱ្យលើសពី ៦០ នាទីក្នុងមួយថ្ងៃផងដែរ។ បច្ចុប្បន្ន វិធានការរឹតបន្តឹងបណ្តាញសង្គមលើកុមារនេះ កំពុងតែក្លាយជាយុទ្ធនាការសកល ដោយប្រទេសបារាំង និងអូស្ត្រាលី ក៏បានដាក់ចេញបម្រាមលើការប្រើប្រាស់បណ្តាញសង្គមរបស់កុមាររួចហើយដែរ។
.jpg)
ចុះចំពោះប្រិយមិត្តវិញយល់យ៉ាងណាដែរ? ប្រសិនបើកម្ពុជាយើងបង្កើតច្បាប់ហាមកុមារក្រោម ១៦ ឆ្នាំមិនឱ្យ Post ឬ Comment លើបណ្តាញសង្គមដូចប្រទេសជិតខាងដែរ តើបងប្អូនយល់ស្រប ឬទេ? ហើយតើវាជា “ការការពារកុមារ” ឬជា “ការបិទសិទ្ធិសេរីភាព” របស់ពួកគាត់?










