រាល់ថ្ងៃនេះ កុំថាឡើយដើរចេញក្រៅផ្ទះ ឬសូម្បីតែអង្គុយនៅក្នុងផ្ទះខ្លួនឯង ក៏យើងស្ទើរតែរកកន្លែងស្ងាត់មួយគ្មានឡើយ។ សំឡេងស៊ីផ្លេឡានម៉ូតូ សំឡេងការដ្ឋានសំណង់ សំឡេងធុងបាសចាក់តន្ត្រីឮៗ ឬសំឡេងរំខានផ្សេងៗទៀត បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃទៅហើយ។ មនុស្សភាគច្រើនគិតថា សំឡេងរំខានទាំងនោះគ្រាន់តែធ្វើឱ្យយើងរំខានចិត្ត ឬធុញបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែការពិតទៅ វាគឺជាគ្រោះថ្នាក់ស្ងាត់ៗ ដែលកំពុងវាយប្រហារលើរាងកាយយើងយ៉ាងធ្ងន់ធ្ងរដោយមិនដឹងខ្លួន។
ពេលដែលត្រចៀកយើងឮសំឡេងខ្លាំងៗ ឬសំឡេងរំខានមិនឈប់ឈរ ខួរក្បាលនឹងយល់ថាស្ថានភាពជុំវិញខ្លួនមិនមានសុវត្ថិភាពឡើយ។ ភ្លាមៗនោះ ប្រព័ន្ធប្រសាទនឹងបញ្ជាឱ្យរាងកាយបញ្ចេញអ័រម៉ូនស្ត្រេស ដូចជា Cortisol និង Adrenaline មកភ្លាម។ អ័រម៉ូនទាំងនេះហើយដែលជាដើមហេតុធ្វើឱ្យបេះដូងយើងដើរញាប់ជាងមុន សរសៃឈាមរួមតូច ហើយសម្ពាធឈាមក៏ឡើងខ្ពស់ដោយមិនដឹងខ្លួន។ ប្រសិនបើស្ថានភាពបែបនេះកើតឡើងរាល់ថ្ងៃ វានឹងប្រែទៅជាជំងឺលើសឈាម និងបង្កើនហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬដាច់សរសៃឈាមបេះដូងយ៉ាងងាយ។.jpg)
ក្រៅពីប្រព័ន្ធបេះដូង សំឡេងរំខានក៏ជាសត្រូវដើមខ្សែនៃកោសិកាស្តាប់នៅក្នុងត្រចៀកផងដែរ។ កោសិកាសរសៃសក់តូចៗនៅក្នុងត្រចៀកខាងក្នុង មាននាទីចាប់យកសំឡេងផ្ញើទៅខួរក្បាល ប៉ុន្តែនៅពេលវាត្រូវរងការវាយប្រហារដោយសំឡេងខ្លាំងៗពេក វានឹងត្រូវខូចខាត។ អ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺ កោសិកាទាំងនេះខូចហើយមិនអាចលូតលាស់ឡើងវិញបានឡើយ ដែលជាហេតុធ្វើឱ្យមនុស្សជាច្រើនចាប់ផ្តើមថ្លង់ ឬមានឮសំឡេងនៅក្នុងត្រចៀកជាប់រហូត។.jpg)
រឿងមួយទៀតដែលមនុស្សភាគច្រើនមើលរំលង គឺផលប៉ះពាល់លើការគេង។ ទោះបីជាយើងគេងលក់ និងមានអារម្មណ៍ថាដេកលក់បាត់ស្មារតីក៏ដោយ ប៉ុន្តែត្រចៀក និងខួរក្បាលរបស់យើងមិនដែលដេកលក់នោះទេ។ សំឡេងឡានបើកកាត់ ឬសំឡេងគេចាក់ភ្លេងឮៗនៅពេលយប់ អាចធ្វើឱ្យវដ្តនៃការគេងត្រូវរំខាន។ វានាំឱ្យរាងកាយមិនបានគេងស្កប់ស្កល់ក្នុងកម្រិត Deep Sleep ឡើយ។ លទ្ធផលគឺ ពេលភ្ញាក់ឡើងមានអារម្មណ៍ថាល្ហិតល្ហៃ អស់កម្លាំង ប្រព័ន្ធស៊ាំចុះខ្សោយ ងាយឈឺ ហើយកម្រិតអ័រម៉ូនស្ត្រេសដែលសល់ពីយប់ក៏ធ្វើឱ្យរាងកាយពិបាកដុតរំលាយជាតិស្ករ រហូតបង្កឱ្យងាយឡើងទម្ងន់ និងប្រឈមនឹងជំងឺទឹកនោមផ្អែមទៀតផង។
.jpg)
បន្ថែមលើសុខភាពរាងកាយ សុខភាពផ្លូវចិត្តក៏ត្រូវរងផលប៉ះពាល់មិនតិចដែរ។ ការរស់នៅក្នុងបរិស្ថានដែលគ្មានភាពស្ងប់ស្ងាត់ ធ្វើឱ្យខួរក្បាលត្រូវធ្វើការរ៉ាប់រងព័ត៌មានជុំវិញខ្លួនជានិច្ច នាំឱ្យយើងឆាប់ខឹង មួម៉ៅ ពិបាកផ្ដោតអារម្មណ៍ធ្វើការងារ ហើយចំពោះកុមារវិញ វាអាចធ្វើឱ្យសមត្ថភាពចងចាំ និងការរៀនសូត្រធ្លាក់ចុះយ៉ាងច្បាស់ក្រឡែត។.jpg)
សរុបមក នៅក្នុងសង្គមខ្មែរយើងសព្វថ្ងៃ មិនថាការចាក់ធុងបាសតាមរោងការ កម្មវិធីជប់លៀង ឬសំឡេងរំខានតាមដងផ្លូវនោះទេ សុទ្ធសឹងតែកំពុងក្លាយជាបញ្ហារួមដែលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។ ការចេះយោគយល់គ្នា ជួយកាត់បន្ថយកម្រិតសំឡេងរំខានដល់អ្នកជិតខាង និងការបង្កើតបរិស្ថានស្ងប់ស្ងាត់ចាប់ពីក្នុងផ្ទះខ្លួនឯងទៅ មិនត្រឹមតែជាការគិតគូរដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ក្រុមគ្រួសារយើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកបង្កើតវប្បធម៌រស់នៅប្រកបដោយការគិតគូរដល់សុខុមាលភាពក្នុងសង្គមទាំងមូលផងដែរ៕










