ទោះបីជារឿងចម្រូងចម្រាសរវាងតារាចម្រៀង ជា សុជាតិ និង ជី ដេវីត លែងក្តៅដូចមុនក្តីប៉ុន្តែគេសង្កេតឃើញថា ជា សុជាតិ នៅតែរងនូវមតិឌឺដងពីអ្នកលេងបណ្តាញសង្គមហើយចុងក្រោយនេះតារាចម្រៀងរូបនេះបានតបនឹងខម្មិនរិះគន់និងបង្ហោះសារមួយចំនួន។ នេះនាំឱ្យមានមតិយោបល់ថាតើ ជា សុជាតិ អាចធ្លាក់ចុះប្រជាប្រិយភាពរបស់ខ្លួនដែរឬទេបន្ទាប់ពីតតាំងជាមួយនឹងមតិសាធារណៈក៏ដូចជាមានជម្លោះជាមួយនឹង ជី ដេវីត។

សម្រាប់អ្នកដែលតាមដានវិស័យចម្រៀងរ៉េបប្រាកដជាដឹងថាជម្លោះរវាង សុជាតិ និង ដេវីត មិនមែនទើបតែកើតឡើងនាពេលថ្មីៗនេះប៉ុណ្ណោះទេប៉ុន្តែពួកគេធ្លាប់មានជម្លោះកាលពីមុនរហូតមានបទចម្រៀង Diss Track គ្នាផងដែរ។ ភាពខុសគ្នាត្រង់ថាកាលពីមុនគឺមាន កៅ ពន្លឺ ចូលរួមប៉ុន្តែលើកនេះគឺមានតែ ជា សុជាតិ ម្នាក់ប៉ុណ្ណោះដែលមានរឿងរកាំរកូសជាមួយនឹងតារាចម្រៀង ជី ដេវីត។

បន្ទាប់ពីរក្សាភាពអត់ធ្មត់ក្នុងពេលមានជម្លោះក្តៅៗពេលនេះអ្នកលេងបណ្តាញសង្គមស្រាប់តែមានការចាប់អារម្មណ៍លើ ជា សុជាតិ ដែលមិនចុះញ៉មនឹងពាក្យរិះគន់ដោយឆ្លើយតបមិនសំចៃទៅកាន់អ្នកស្អប់វិញ។ តាំងពីមានរឿងចម្រូងចម្រាសមក ជា សុជាតិ ទទួលបាននូវមតិឌឺដងឥតឈប់ឈរជាមួយនឹងការចោទប្រកាន់ថាចង់ទាក់ទាញចំណាប់អារម្មណ៍ចេញបទថ្មីទើបលោកយកសំណេរ ជី ដេវីត ដាក់ខ្លួននិងបង្ហោះសារក្តៅគគុកនោះ។

ចំណែកឯការឆ្លើយតបរបស់ ជា សុជាតិ ទៅកាន់អ្នករិះគន់កាន់តែធ្វើឱ្យមានមតិវែកញែកថែមទៀត រហូតមានមនុស្សមួយចំនួនកាន់តែឌឺដងដាក់តារាចម្រៀងរូបនេះទ្វេដង។ នាពេលថ្មីៗនេះតារាចម្រៀង ជា សុជាតិ បានបង្ហោះថា «My ហ្វេន: កុំខ្វល់ពីមាត់មនុស្សលោក បង! My បងស្រី: ពូជយើងមិនចេះជេរ យើងជេរមិនឈ្នះសត្វអស់នោះទេ»។ ក្រោយមកលោកបានបង្ហោះទៀតថា «ទោះនៅទីណា ក្នុងស្ថានភាពបែបណា ត្រូវចងចាំថា យើងគឺជាខ្មែរ »។.png)
ការបង្ហោះរបស់លោកមិនថាសំណេរឬវីដេអូនោះទេតែងតែទទួលបានមតិឌឺដងផ្លែផ្ការហូតលោកអត់ទ្រាំពុំបានតបតនឹងមតិរិះគន់។ អ្នកខ្លះបានបញ្ចេញមតិថា ជា សុជាតិ មិនគួរតបតនឹងការរិះគន់បែបនេះនោះទេពីព្រោះវាអាចប៉ះពាល់ដល់កិត្តិយសនិងមុខមាត់របស់លោកក្នុងនាមជាបុគ្គលសាធារណៈ៕










