តារាចម្រៀង ឆាយ វីរៈយុទ្ធ បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោកបានទម្លាក់បទថ្មីប៉ុន្តែលើកនេះមិនមែនជាបទបែបមនោសញ្ចេតនានោះទេប៉ុន្តែជាប្រភេទបទរ៉េបទៅវិញ។ ការផ្លាស់ប្តូររសជាតិថ្មីខុសពីមុននេះ ឆាយ វីរៈយុទ្ធ ទទួលមតិចម្រុះពីសាធារណជន។

នាពេលបច្ចុប្បន្ននេះទីផ្សារតន្រ្តីហ៊ីបហបនៅក្នុងប្រទេសកម្ពុជាមានការពេញនិយមយ៉ាងខ្លាំងដោយមានការប្រកួតប្រជែងគួរឱ្យកត់សម្គាល់ទាំងមានការរៀបចំកម្មវិធីយកម្ចាស់ពានជាដើម។ ជាមួយនឹងការបើកផ្លូវពីតារារ៉េបជាច្រើន ជាពិសេសគឺតារារ៉េប វណ្ណដា ចង្វាក់ប្រភេទនេះកំពុងពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារ។
ជាមួយនឹងការពេញនិយមនេះតារាចម្រៀង ឆាយ វីរៈយុទ្ធ បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់លោកបានទម្លាក់វីដេអូខ្លីបង្ហើបពីបទថ្មីរបស់លោកជាប្រភេទរ៉េបវិញម្តង។ លោកត្រូវបានទស្សនិកជនស្គាល់យ៉ាងទូលំទូលាយពីពណ៌របស់ខ្លួនជាប្រភេទបទមនោសញ្ចេតនាស្នេហាឈឺចាប់ជាមួយនឹងការស្រែកសំឡេងខ្ពស់។.png)
នៅរសៀលថ្ងៃទី២៤ ខែសីហា លោក ឆាយ វីរៈយុទ្ធ បានទម្លាក់វីដេអូខ្លីដោយបង្ហើបថានឹងចេញនាពេលឆាប់ៗខាងមុខនេះដោយបទថ្មីនេះលោកពុំទាន់បានប្រាប់ពីចំណងជើងនៅឡើយទេ។ វីដេអូខ្លីនេះបានទាក់ទាញអារម្មណ៍ទស្សនិកជនយ៉ាងឆាប់រហ័សជាមួយនឹងមតិជាច្រើន។ អ្នកលេងបណ្តាញសង្គមខ្លះក៏សរសើរថាលោក ឆាយ វីរៈយុទ្ធ ច្រើនបែបនេះឡូយម្យ៉ាងខុសពីរសជាតិកន្លងមក។ មតិផ្សេងទៀតក៏លើកឡើងដែរថា ដ្បិតតែច្រៀងប្រភេទរ៉េបទៅហើយលោកនៅតែមានអឿនក្នុងបទចម្រៀងនេះ ព្រមទាំងមានតម្លៃអប់រំផងដែរ។ អ្នកខ្លះទៀតគិតថាលោក ឆាយ វីរៈយុទ្ធ ពុំគួរផ្លាស់ប្តូរស្ទាយនិងពណ៌របស់ខ្លួនឯងនោះទេ។

គួរឱ្យដឹងថាតារាចម្រៀងមានដើមកំណើតនៅខេត្តកំពង់ចាមរូបនេះបានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង២០ឆ្នាំមកហើយនិងចូលរួមជាមួយផលិតកម្មជាច្រើន។ បទល្បីៗដែលមហាជនស្គាល់មានដូចជា «មុនបងស្គាល់គេ អូននៅឯណា?» «កុំភ្លេចប្រាប់គេថាអូនជាសង្សារបង» «ធ្វើម៉េចបើបងភ្លេចអូនអត់បាន» «ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» «បងពីមុនឆ្កួតបាត់ហើយ» «សង្សាលួចលាក់» និងបទ «លុយបងមិនដល់គេ» ជាដើម៕










