អ្នកណាជាចោ.រ អ្នកណាសម្ដែងនឹងត្រូវបើកបង្ហាញមុខក្នុងពេលឆាប់ៗ នៅក្នុងការវិវត្តការទូតដ៏សំខាន់មួយ ប្រទេសបារាំងបានប្រកាសជាផ្លូវការនូវឆន្ទៈក្នុងការបើកទ្វារបណ្ណសារជាតិ ដើម្បីប្រគល់ឯកសារ និងផែនទីប្រវត្តិសាស្ត្រសម័យអាណានិគម ជូនដល់កម្ពុជាសម្រាប់ជួយជ្រោមជ្រែងដល់ការដោះស្រាយវិបត្តិព្រំដែនជាមួយប្រទេសថៃ។ ការប្តេជ្ញាចិត្តនេះ ត្រូវបានបង្ហាញឡើងដោយផ្ទាល់ពីសំណាក់រដ្ឋមន្ត្រីប្រតិភូបារាំង ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ នាពាក់កណ្តាលខែកក្កដានេះ។
យោងតាមរបាយការណ៍ចុងក្រោយបង្អស់ នៅក្នុងសន្និសីទសារព័ត៌មានកាលពីចុងសប្តាហ៍កន្លងទៅនេះ លោក នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស និងភាពទាក់ទាញនៃការវិនិយោគនៃប្រទេសបារាំង បានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ប្រទេសបារាំងមានលទ្ធភាព និងត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រគល់ឯកសារ និងបណ្ណសារប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងគំនូសព្រំដែន ប្រសិនបើមានការចាំបាច់ និងមានការស្នើសុំ ដើម្បីជួយដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។
ទោះជាយ៉ាងណាក៏ដោយ លោក នីកូឡា ហ្វ័ររីស្យេ ក៏បានសង្កត់ធ្ងន់ផងដែរអំពីគោលការណ៍ច្បាប់អន្តរជាតិ ដោយលោកបានថ្លែងថា ប្រទេសបារាំងនឹងមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង ឬកិច្ចការព្រំដែននៃប្រទេសទាំងពីរនោះឡើយ ប៉ុន្តែបារាំងមានបំណង និងក្តីសង្ឃឹមយ៉ាងមុតមាំ ចង់ឃើញសន្តិភាពរវាងប្រទេសជិតខាងទាំងពីរ ត្រូវបានដោះស្រាយដោយសន្តិវិធី។
.jpg)
ការប្រកាសជំហររបស់ទីក្រុងប៉ារីសនាពេលនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាកាលពីដើមឆ្នាំ២០២៦ បានផ្ញើលិខិតផ្លូវការទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ដើម្បីស្នើសុំជំនួយបច្ចេកទេស និងការទទួលបានភស្តុតាងប្រវត្តិសាស្ត្រ ជុំវិញខ្សែព្រំដែនឆ្នាំ១៩០៧ ដែលខណ្ឌសីមាដោយគណៈកម្មការបារាំង-សៀម។ លើសពីនេះ នៅក្នុងខែកក្កដានេះដែរ មហាសន្និបាតសភាហ្វ្រង់កូហ្វូនី (APF) ក៏ទើបតែបានអនុម័តសេចក្តីសម្រេចចិត្តរួមមួយ ដោយគាំទ្រយ៉ាងពេញទំហឹងដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងអំពាវនាវឱ្យគោរពសាលក្រមតុលាការអន្តរជាតិ (ICJ) ផងដែរ។.jpg)
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីប្រតិភូបារាំងរូបនេះ ត្រូវបានគេមើលឃើញថា ជាការត្រួសត្រាយផ្លូវទាំងផ្នែកការទូត និងសេដ្ឋកិច្ច មុនពេលដែលប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង នឹងអញ្ជើញមកដល់ប្រទេសកម្ពុជាដោយផ្ទាល់ ជុំវិញការចូលរួមមហាសន្និបាតហ្វ្រង់កូហ្វូនី (Francophonie Summit) នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ សាធារណជន និងអ្នកវិភាគភូមិសាស្ត្រនយោបាយកំពុងរង់ចាំមើលថា តើការបើកកញ្ចប់ឯកសារច្បាប់ដើមពីទីក្រុងប៉ារីស នឹងអាចជួយជម្រុញឱ្យកិច្ចចរចាព្រំដែនកម្ពុជា-ថៃ ឈានទៅរកច្រកចេញដោយសន្តិវិធីកម្រិតណា៕









