តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ត្រូវបានទស្សនិកជនជាច្រើនរូបជំរុញឱ្យលោកចាកចេញពីផលិតកម្មបច្ចុប្បន្នវិលទៅទ្រនំចាស់វិញដែលក្រុមហ៊ុនរស្មីហង្សមាស។ សន្ទុះនៃការគាំទ្របែបនេះបន្ទាប់ពីមហាជនបានឃើញវីដេអូមួយរបស់ឧកញ៉ា ព្រាប សុវត្ថិ និងថៅកែហង្សមាសបង្ហាញការនឹករលឹកគ្នា។.png)
នៅយប់ថ្ងៃទី១១ ខែកក្កដា នៅលើបណ្តាញសង្គមរបស់ឧកញ៉ា ព្រាប សុវត្ថិ បានបង្ហោះវីដេអូមួយដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស។ វីដេអូខ្លីនេះបង្ហាញពីឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា អ៊ឹង ឆៃងួន ដែលជាថៅកែហង្សមាស បានជួបគ្នានិងស្វាមគន៍គ្នាយ៉ាងកក់ក្តៅអំឡុងពេលអ្នកទាំងពីរចូលរួមកម្មវិធីមួយ។ ទោះបីជាបានចាកចេញនិងខានជួបគ្នាអស់រយៈពេលជាច្រើនឆ្នាំក៏ដោយឧកញ៉ា ព្រាប សុវត្ថិ នៅតែបង្ហាញការគោរព នឹរលឹកចំពោះអតីតមេរបស់ខ្លួនដដែល។
ទិដ្ឋភាពរបស់ ឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា អ៊ឹង ឆៃងួន ជួបជុំគ្នាដោយការឱបពោរពេញដោយកក់ក្តៅនេះសិល្បករ សិល្បការិនី ដែលមានវត្តមាននៅទីនោះក៏បង្ហាញពីភាពរីករាយនិងថតសកម្មភាពដ៏កម្រនេះផងដែរ។

ក្រោយពីវីដេអូនេះចែកចាយនៅលើបណ្តាញសង្គមបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សជាមួយនឹងការចុច Like Share Comment ជាច្រើន។ នៅផ្នែកមតិយោបល់មានទស្សនិកជនជាច្រើនជំរុញឱ្យឧកញ៉ា ព្រាប សុវត្ថិ វិលចូលទ្រនំចាស់វិញហើយជាអ្វីដែលពួកគេចង់ឃើញជាយូរមកហើយបន្ទាប់ពីតារាចម្រៀងរូបនេះកសាងអាជីពនៅទ្រនំបច្ចុប្បន្នប៉ុន្មានឆ្នាំមកនេះ។
គួរឱ្យដឹងថាបន្ទាប់ពីរួមសុខទុក្ខជាមួយនឹងផលិតកម្មរស្មីហង្សមាសអស់រយៈពេលជាច្រើនឆ្នាំ ឧកញ៉ា ព្រាប សុវត្ថិ បានសម្រេចចិត្តចាកចេញពីទ្រនំមួយនេះដោយចូលរួមជាមួយនឹងគ្រួសារហ្គាឡាក់ស៊ីជាផ្លូវការកាលពីខែសីហា ឆ្នាំ២០២០។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឧកញ៉ា ព្រាប សុវត្ថិ បានឆ្លងកាត់នូវបទពិសោធន៍ការរិះគន់ជាច្រើនតែលោកនៅតែរក្សាឥរិយាបថប្រកបដោយវិជ្ជាជីវៈនិងភាពវិជ្ជមាន។
ប្រសិនជាឧកញ៉ា ព្រាប សុវត្ថិ បំពេញបំណងទស្សនិកជនវិលចូលទ្រនំចាស់វិញលោកនឹងក្លាយជាតារាចម្រៀងទី២ បន្ទាប់ពី សុគន្ធ និសា ដែលសម្រេចចាកចេញនិងវិលចូលត្រឡប់ហង្សមាសវិញមុននឹង សុគន្ធ និសា ក្លាយជាតារាឯករាជ្យ៕










