សូមតាមដានស្ថានភាពទឹកភ្លៀងឱ្យបានហ្មត់ចត់ កុំធ្វេសប្រហែសឱ្យសោះ! រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញសារដាស់តឿនយ៉ាងទទូចដល់ភ្ញៀវទេសចរទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុតនៅពេលធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ «ខ្នងផ្សារ» ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ បន្ទាប់ពីមានករណីជំនន់ទឹកភ្លៀងហូរធ្លាក់ពីលើភ្នំយ៉ាងគំហុក ដែលអាចបង្កហានិភ័យខ្លាំងដល់ការឡើងចុះភ្នំ។
.jpg)
យោងតាមសេចក្តីជូនដំណឹងផ្លូវការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបានចេញផ្សាយកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បណ្តាលឱ្យមានទឹកហូរធ្លាក់ពីលើតំបន់ភ្នំយ៉ាងគំហុក។ ស្ថានភាពអាកាសធាតុអាក្រក់នេះ បានបង្កការលំបាកយ៉ាងខ្លាំងដល់បងប្អូនភ្ញៀវទេសចរក្នុងការឡើង និងចុះពីលើតំបន់ទេសចរណ៍ខ្នងផ្សារ ស្ថិតនៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់។ នៅក្នុងស្ថានភាពបន្ទាន់នោះ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចេញអន្តរាគមន៍ជួយសម្របសម្រួល ជូនបងប្អូនភ្ញៀវទេសចរទាំងអស់ ឱ្យចុះមកដល់ខាងក្រោមវិញប្រកបដោយសុវត្ថិភាពរួចរាល់ហើយ។
ពាក់ព័ន្ធនឹងស្ថានភាព និងអាកាសធាតុប្រែប្រួលដែលមិនអាចស្មានដឹងមុននេះ ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗបានទាន់ពេលវេលា រដ្ឋបាលខេត្តកំពង់ស្ពឺ សូមសំណូមពរដល់ភ្ញៀវទេសចរ បងប្អូនប្រជាពលរដ្ឋ និងសហគមន៍ទេសចរណ៍ទាំងអស់ ដែលមានបំណងអញ្ជើញទៅកម្សាន្តនៅលើតំបន់ទេសចរណ៍ខ្នងផ្សារ មិនត្រូវមានការធ្វេសប្រហែសឡើយ ដោយត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះស្ថានភាពទឹកភ្លៀងដែលកំពុងបន្តធ្លាក់ខ្លាំង។
ជាវិធានការសុវត្ថិភាព រដ្ឋបាលខេត្តបានណែនាំឱ្យបងប្អូនភ្ញៀវទេសចរ និងសាធារណជន មេត្តាទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច ឬសហគមន៍ទេសចរណ៍ ដើម្បីងាយស្រួលក្នុងការចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះបានទាន់ពេលវេលា ប្រសិនបើជួបប្រទះបញ្ហាណាមួយ។ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនភ្ញៀវទេសចរ និងសាធារណជនទាំងអស់ នឹងចូលរួមសហការអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីទទួលបានដំណើរកម្សាន្តដ៏រីករាយ និងប្រកបដោយសុវត្ថិភាពខ្ពស់បំផុត៕










