ទោះស្ថិតក្នុងស្ថានការណ៍តានតឹងប៉ុណ្ណាក៏កងទ័ពកម្ពជានៅតែអាចទប់ជាប់ មេទ័ពកំពូលម៉ាឡេស៊ី បានកោតសរសើរកងទ័ពកម្ពុជាមិនដាច់ពីមាត់ ចំពោះភាពអត់ធ្មត់មិនផ្ទុះអាវុធលើជម្លោះរវាងកម្ពុជា និងថៃ នៅតាមព្រំដែន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើងក្នុងជំនួប រវាងនាយឧត្តមសេនីយ៍ Tan Sri Malek Razak Sulaiman អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា។
នៅក្នុងកិច្ចសន្ទនានោះ នាយឧត្តមសេនីយ៍ តាន់ស្រី ម៉ាឡេក រ៉ាហ្សាក់ ប៊ីន សូឡាយម៉ាន់ បានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះកងទ័ពកម្ពុជា ដែលបានបង្ហាញនូវភាពអត់ធ្មត់ខ្ពស់បំផុត ដោយមិនមានការផ្ទុះអាវុធណាមួយកើតឡើងឡើយ ទោះបីជាស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែននាពេលកន្លងមកមានភាពរសើបក៏ដោយ។ តំណាងរដ្ឋាភិបាលម៉ាឡេស៊ីរូបនេះបានសង្កត់ធ្ងន់ថា ម៉ាឡេស៊ីគាំទ្រពេញទំហឹងដល់ការដោះស្រាយទំនាស់រវាងកម្ពុជា និងថៃ តាមរយៈការសន្ទនា ក្រោមយន្តការគណៈកម្មាធិការព្រំដែនទូទៅ (GBC) ឬគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) ដោយឈរលើគោលការណ៍មជ្ឈភាពអាស៊ាន និងចាត់ទុកការប្រើកម្លាំងមិនមែនជាជម្រើសឡើយ។.jpg)
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសម៉ាឡេស៊ី សម្រាប់ការរួមចំណែករក្សាសន្តិភាពនៅកម្ពុជា កាលពីឆ្នាំ១៩៩៣ ក្រោមបេសកកម្មអ៊ុនតាក់ (UNTAC) និងតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ រួមទាំងការផ្តួចផ្តើមបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ជាមួយគ្នានេះ មេទ័ពកំពូលកម្ពុជាបានបញ្ជាក់ជាថ្មីថា កម្ពុជានឹងបន្តប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ដោយដាច់ខាតមិនទទួលយកការប្រើប្រាស់កម្លាំងយោធាដើម្បីកែប្រែខ្សែបន្ទាត់ព្រំដែនឡើយ។
.jpg)
សូមបញ្ជាក់ថា ជំនួបទ្វេភាគីនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជានិងម៉ាឡេស៊ី ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ការរក្សាភាពអត់ធ្មត់ ការប្រើប្រាស់យន្តការការទូត និងការគោរពច្បាប់អន្តរជាតិ គឺជាមធ្យោបាយតែមួយគត់ដែលអាចធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៅតាមតំបន់ព្រំដែន ដោយជៀសវាងបាននូវការបង្ហូរឈាមជាយថាហេតុ៕










