តារាចម្រៀង ម៉េង កែវពេជ្ជតា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបកស្រាយបទរបស់ ពេជ្រ សូលីកា ជាមួយនឹងសំឡេងដ៏ក្រលួច។ ក្រៅពីការសរសើរទឹកដមអ្នកគាំទ្រហាក់ដូចជាកត់សម្គាល់ថា អ្នកនាង ម៉េង កែវពេជ្ជតា កម្រនឹងបកស្រាយបទចម្រៀងអ្នកជំនាន់ក្រោយណាស់។
អ្នកនាង ម៉េង កែវពេជ្ជតា គឺជាតារាចម្រៀងជើងចាស់ដ៏មានឈ្មោះបោះសំឡេងមួយរូបថែមទាំងមិនប្រកាន់ខ្លួនដោយបានចូលរួមសហការជាមួយនឹងសិល្បករជំនាន់ក្រោយមួយចំនួនដូចជា ព្រីន , អាយរីស , Hashtag Band ទៅលើបទចម្រៀងថ្មីៗនាសម័យបច្ចុប្បន្ននេះ។ ទោះយ៉ាងណា ទស្សនិកជនកម្រឃើញអ្នកនាង ម៉េង កែវពេជ្ជតា បកស្រាយបទចម្រៀងរបស់សិល្បករជំនាន់ក្រោយណាស់ ប៉ុន្តែស្រាប់តែថ្មីៗនេះបទរបស់ ពេជ្រ សូលីកា បានឆាបឆក់បេះដូងសិល្បការិនីជើងចាស់រូបនេះ។
នៅថ្ងៃទី១៩ ខែសីហា អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះវីដេអូខ្លីនៅលើបណ្តាញសង្គមរបស់ខ្លួនដោយបន្ថែមចំណងជើងថា «ធ្វើឬកដូចខ្លួនម្ចាស់បទចឹង»។ អ្នកនាង ថែមទាំងបញ្ជាក់បទនេះគឺមានចំណងជើងថា «ថែការចងចាំ» ដែលជាបទរបស់ ពេជ្រ សូលីកា។
ការបកស្រាយរបស់អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សជាមួយនឹងមតិយោបល់សរសើរជាច្រើន។ ក្នុងនោះគេបានឃើញ យឿន ពិសី បានខម្មិនដែរថា «ខ្ញុំនិយាយដោយស្មោះ សំឡេងមួយនេះខ្ញុំស្ដាប់មិនចេះជិនណាយ សំឡេងនៅតែពីរោះ មហាពីរោះណាស់», ប្រិយមិត្តខ្លះទៀតថា Version របស់ អ្នកនាង ម៉េង កែវពេជ្ជតា ក៏ពីរោះខ្លាំងណាស់ដែរព្រមទាំងសំណូមពរឱ្យតារាចម្រៀងជើងចាស់រូបនេះ Cover បទចាស់ៗរបស់ខ្លួនឡើងវិញ។ លោក Eco Vak Song វិញក៏សរសើរថាសម្លេងរបស់អ្នកនាង ម៉េង កែវពេជ្ជតា អត់ប្រែសោះដូចបងច្រៀងបទ «ផ្ញើចិត្តនឹកតាមវិទ្យុ»។ មតិខ្លះទៀតក៏សរសើរថា ខ្ញីចាស់កាន់តែហឹរ ទោះបីជាទម្រង់បែបនេះក៏អាចបកស្រាយបានយ៉ាងរលូន៕










