អ្នកនាង រ៉េត សារីតា ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ បានធ្វើឱ្យអ្នកគាំទ្រមានការសាទរជាច្រើនបន្ទាប់ពីរឿងខ្លីដែលនាងសម្តែងជាតួឯកត្រូវបានជ្រើសរើសជាផ្លូវការចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិ First International Film Festival។ ជាមួយនឹងការនិយាយជាភាសាចិននិងខ្មែរ រ៉េត សារីតា ថាជាបទពិសោធដែលមិនអាចបំភ្លេចបាន ខណៈ សារីតា បានអរគុណមនុស្សម្នាក់ជាពិសេស។

តារាសម្ដែងកម្ពុជា រ៉េត សារីតា បានបោះជំហានថ្មីមួយលើឆាកភាពយន្តអន្តរជាតិ បន្ទាប់ពីខ្សែភាពយន្តខ្លី «កូនស្រីអប្សរា» (Daughter of the Apsara) ដែលនាងសម្ដែងជាតួឯក ត្រូវបានជ្រើសរើសជាផ្លូវការចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិ FIRST International Film Festival ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងស៊ីនីង (Xining) ខេត្តឈីងហៃ (Qinghai) ប្រទេសចិន។ ខ្សែភាពយន្តខ្លី «កូនស្រីអប្សរា» DAUGHTER OF THE APSARA គាំទ្រដោយគម្រោង Maritime Guangdong ត្រូវបានជ្រើសរើសជាផ្លូវការសម្រាប់អង្គភាព FIRST FRAME នៅឯមហោស្រពភាពយន្តអន្តរជាតិ FIRST លើកទី20។ រឿងខ្លីនេះដឹកនាំរឿងដោយ Hua Hui និងសម្តែងដោយតារាសម្តែង រ៉េត សារីតា។ .png)
ខ្សែភាពយន្តនេះនិយាយពីកូនក្រមុំជាស្រ្តីខ្មែរដែលរៀបការឆ្លងដែន ធ្វើដំណើររវាង ក្វាងចូវ និងភ្នំពេញ និងបោះជំហានចូលទៅក្នុងការតស៊ូដ៏ស្ងប់ស្ងាត់របស់នាងជាមួយនឹងអត្តសញ្ញាណ កម្មសិទ្ធិ សេចក្តីស្រឡាញ់ និងចំណងដែលចងនាងទៅនឹងគ្រួសារនៅក្នុងប្រទេសផ្សេងពីប្រទេសកំណើតរបស់ខ្លួន។
ខ្សែភាពយន្តខ្លីដែលត្រូវបានជ្រើសរើសចូលទៅក្នុងមហោស្រពអន្តរជាតិនេះ រ៉េត សារីតា បានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំង ខណៈនាងបញ្ជាក់ថាខ្សែភាពយន្តខ្លីនេះនាងត្រូវនិយាយចំនួនពីរភាសាគឺភាសាចិននិងខ្មែរ។ តារាសម្តែងរូបនេះបានរៀបរាប់នៅលើបណ្តាញសង្គមថា «ខ្ញុំពិតជាមានកត្តិយសនិងរំភើបជាខ្លាំង ខ្សែភាពយន្តខ្លី ដែលនាងខ្ញុំចូលរួមសម្តែងនៅឯទីក្រុងក្វាងចូវ ប្រទេសចិន ត្រូវបានជ្រើសរើសក្នុងមហោស្រពភាពយន្តអន្តរជាតិ First International Film Festival. សូមអរគុណទៅដល់ក្រុមការងារទាំងអស់ដែលបានផ្តល់ទំនុកចិត្តនិងកត្តិយសដល់នារីម្នាក់នេះ។ ខ្សែភាពយន្តនេះតម្រូវឱ្យនាងខ្ញុំនិយាយជាភាសាខ្មែរ និងចិន។ ពិតជាបទពិសោធមួយដែលមិនអាចបំភ្លេចបាន»។
ជាមួយនឹងអារម្មណ៍រំភើបនេះ រ៉េត សារីតា ថាបើគ្មានលោក Sansithny Ruth ឱកាសនេះពិតជាមិនអាចទៅរួចឡើយ ខណៈនាងបានសម្តែងការដឹងគុណជារៀងរហូត៕










