រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង អង្គុយមិនសុខ! បន្ទាប់ពីកូរ៉េខាងត្បូងបានបង្ហាញពីយុទ្ធសាស្ត្រថ្មីចុងក្រោយរបស់ខ្លួន ដោយការបណ្តុះបណ្តាលកងទ័ពជំនាញបញ្ជាដ្រូន (Drone Warriors) ដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ រហូតដល់ ៥០០,០០០នាក់ ដើម្បីត្រៀមលក្ខណៈវាយបក និងលុបបំបាត់រាល់ការគំរា.មកំហែងពីកូរ៉េខាងជើង។

កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសជាផ្លូវការនូវផែនការយុទ្ធសាស្ត្រក្នុងការបណ្តុះបណ្តាលកងទ័ពជំនាញបញ្ជាដ្រូន ចំនួន ៥០០,០០០នាក់ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ និងត្រៀមលក្ខណៈឆ្លើយតបទៅនឹងការគំរាមកំហែងពីសំណាក់កងទ័ពកូរ៉េខាងជើង។.jpg)
តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Ahn Gyu-back យុទ្ធសាស្ត្រថ្មីនេះមានគោលបំណងធ្វើឱ្យដ្រូនក្លាយជាអាវុធផ្ទាល់ខ្លួនទី២ សម្រាប់កងទ័ពគ្រប់រូប មិនខុសគ្នាពីកាំភ្លើងប្រចាំកាយឡើយ។ កងទ័ពចំនួន ៥០០,០០០នាក់ មកពីគ្រប់អង្គភាព រួមមាន កងទ័ពជើងគោក ជើងទឹក និងជើងអាកាស នឹងទទួលបានការបណ្តុះបណ្តាលពីជំនាញបញ្ជាដ្រូន។

ជំហ៊ានដំបូង ក្រសួងការពារជាតិនឹងដាក់ពង្រាយដ្រូនសម្រាប់ហ្វឹកហ្វឺន ចំនួន ១១,០០០គ្រឿង បន្ទាប់មក នឹងបង្កើនរហូតដល់ ៦០,០០០គ្រឿង នៅត្រឹមឆ្នាំ២០២៩។ លើសពីនេះ ក្រសួងក៏មានគម្រោងបញ្ជាទិញដ្រូនប្រយុទ្ធ (Expendable Drones) តម្លៃទាប រហូតដល់ជាង ២០,០០០គ្រឿងបន្ថែមទៀត។.jpg)
រាល់ដ្រូនកងទ័ពទាំងអស់នឹងត្រូវប្រើប្រាស់គ្រឿងបង្គំក្នុងស្រុក ១០០% ដើម្បីធានាដល់សន្តិសុខជាតិ ដោយមិនពឹងផ្អែកលើគ្រឿងបន្លាស់នាំចូលពីប្រទេសចិនឡើយ។ ក្រៅពីការបណ្តុះបណ្តាលកងទ័ពជំនាញបញ្ជាដ្រូន ក្រសួងមានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធការពារកម្រិតខ្ពស់ រួមមាន អាវុធឡាស៊ែរ (Laser Weapons) និងប្រព័ន្ធរលកមីក្រូវ៉េវកម្លាំងខ្លាំង (High-power Microwave) ដើម្បីស្ទាក់ចាប់ដ្រូនរបស់កូរ៉េខាងជើង។.jpg)
សូមរំឭកថា ការសម្រេចចិត្តបង្កើនកម្លាំងកងទ័ពជំនាញបញ្ជាដ្រូនជាទ្រង់ទ្រាយធំនេះ គឺជាការយកគំរូតាមសង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ដែលបានប្រើប្រាស់ដ្រូនតម្លៃថោកធ្វើជាអាវុធសម័យទំនើប។ កូរ៉េខាងត្បូងមើលឃើញកូរ៉េខាងជើងកំពុងតែអភិវឌ្ឍន៍សមត្ថភាពដ្រូនរបស់ខ្លួនយ៉ាងឆាប់រហ័ស ទើបជំរុញឱ្យកងទ័ពងាកមកប្រើប្រាស់បច្ចេកវិទ្យាជំនួសកម្លាំងមនុស្ស ស្របពេលអត្រាកំណើតធ្លាក់ចុះ៕










