ភ្នំពេញ៖ បន្ទាប់ពីមានរលកនៃការរិះគ.ន់យ៉ាងចាស់ដៃពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មលក់រាយមួយចំនួន ជុំវិញសកម្មភាពចុះអនុវត្តនីតិវិធីត្រួតពិនិត្យ និងឆែកឆេររបស់មន្ត្រីមួយចំនួននាពេលកន្លងមក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារសំឡេងណែនាំដ៏ម៉ឺងម៉ាត់មួយទៅកាន់អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ឱ្យបញ្ឈប់រាល់សកម្មភាពអនុវត្តច្បាប់ណាដែលហួសដែនកំណត់ ឬលើសគោលការណ៍ណែនាំ នៅតាមបណ្តាទីតាំងអាជីវកម្មលក់រាយរបស់បងប្អូនអាជីវករតូចតាចនៅទូទាំងប្រទេស។

ផ្អែកលើសារសំឡេងណែនាំជាយុទ្ធសាស្ត្រ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាដាច់ណាត់ និងច្បាស់លាស់ទៅកាន់មន្ត្រីគ្រប់ជាន់ថ្នាក់ ដោយហាមដាច់ខាតការអនុវត្តលើសគោលការណ៍ណែនាំ។ មន្ត្រីដែលចុះទៅពិនិត្យកន្លែងលក់រាយ ត្រូវធ្វើការពិនិត្យ និងវាយតម្លៃឱ្យបានច្បាស់លាស់បំផុត ដើម្បីជៀសវាងការបង្កផលប៉ះពាល់ដល់សង្វាក់អាជីវកម្ម និងសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋ។

ជាមួយគ្នានេះ ត្រូវមានការយោគយល់ចំពោះអ្នកលក់បន្ត ដោយត្រូវយល់ឱ្យច្បាស់ថា អាជីវករលក់រាយមិនមែនជាអ្នករត់ពន្ធ ឬជាដើមចមនៃការនាំចូលទំនិញខុសច្បាប់នោះទេ គឺពួកគាត់គ្រាន់តែយកទំនិញពីគេមកលក់បន្តដូចគ្នាប៉ុណ្ណោះ ដូច្នេះមិនត្រូវធ្វើការគាបសង្កត់ឡើយ។ ជំនួសឱ្យការរឹតបន្តឹងនៅចុងខ្សែ សម្តេចធិបតីបានបង្គាប់ឱ្យស្ថាប័នគយ និងរដ្ឋាករ ក៏ដូចជាកម្លាំងសមត្ថកិច្ចចម្រុះ បង្វែរកម្លាំងទៅពង្រឹងការត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់បំផុតនៅឯ «ដើមខ្សែ» វិញ ពោលគឺនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ក្រុមត្រួតពិនិត្យចល័ត និងឃ្លាំងស្តុកទំនិញបោះដុំខ្នាតធំៗ ទើបជាវិធានការប្រកបដោយប្រសិទ្ធភាព និងយុត្តិធម៌។

ភ្លាមៗក្រោយការចេញផ្សាយសារសំឡេងណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល មតិសាធារណជន និងបណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជា បានបង្ហាញការគាំទ្រ និងការអបអរសាទរយ៉ាងខ្លាំងក្លាបំផុត។ បងប្អូនអាជីវករលក់រាយបានសម្តែងក្តីរំភើប និងដកដង្ហើមធំធូរទ្រូង ដោយចាត់ទុកថាបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាទឹកអម្រឹតជួយស្រោចស្រង់អាជីវកម្មតូចតាចរបស់ពួកគាត់ឱ្យរួចផុតពីការធ្វើទុក្ខបុកម្នេញ និងការគាបសង្កត់ពីមន្ត្រីអគតិមួយចំនួន។
លើសពីនេះ មហាជនក៏បានបង្ហាញទស្សនៈបន្ថែមថា ពួកគាត់នឹងរង់ចាំមើលចំណាត់ការបន្តរបស់ស្ថាប័នជំនាញ ថាតើនឹងមានភាពក្លាហានក្នុងការចុះទៅកម្ទេច និងឆែកឆេរមេខ្លោងនៅតាមឃ្លាំងស្តុកទំនិញគេចពន្ធធំៗ ស្របតាមបទបញ្ជាដាច់ណាត់របស់នាយករដ្ឋមន្ត្រីបានកម្រិតណា។










