Home ព័ត៌មានអន្តរជាតិ ថៃគំរាមផ្អាកការចរចា JBC និង GBC បើកម្ពុជានៅតែបន្តប្រើយន្តការ “ផ្សះផ្សាដោយបង្ខំ” មកលើខ្លួន

ថៃគំរាមផ្អាកការចរចា JBC និង GBC បើកម្ពុជានៅតែបន្តប្រើយន្តការ “ផ្សះផ្សាដោយបង្ខំ” មកលើខ្លួន

133
0

ចរឹតក្រឡិចក្រឡុចចេញមកទៀតហើយ! ក្រោយវិលត្រឡប់ពីការចូលរួមកិច្ចប្រជុំនៅរុស្ស៊ី មេដឹកនាំថៃអនុទីន ឆានវីរគុល បានបង្ហាញជំហរតឹងរ៉ឹងជាថ្មីចំពោះវិវាទជាមួយកម្ពុជា ដោយព្រមានថា ប្រសិនបើយន្តការដោះស្រាយវិវាទក្រោម UNCLOS ឈានទៅរក «ការផ្សះផ្សាដោយបង្ខំ» នោះថៃអាចផ្អាកការចរចាក្នុងក្របខ័ណ្ឌ JBC និង GBC ។ ការលើកឡើងនេះបានទាក់ទាញការចាប់អារម្មណ៍ពីអ្នកសង្កេតការណ៍មួយចំនួន ដែលមើលឃើញថា ជំហររបស់ថៃអាចនាំឱ្យការដោះស្រាយវិវាទកាន់តែស្មុគស្មាញ។

យោងតាមសារព័ត៌មានថៃនៅថ្ងៃទី១៩ ខែមិថុនា លោក អនុទិន ឆានវីរកុល បានថ្លែងថា ថៃបានត្រៀមខ្លួនចូលរួមក្នុងដំណើរការក្រោម UNCLOS ប៉ុន្តែប្រសិនបើដំណើរការនោះមានលក្ខណៈ «បង្ខំ» នោះរដ្ឋាភិបាលថៃអាចត្រូវផ្អាកការចរចាក្នុងក្របខ័ណ្ឌ JBC និង GBC ស្របតាមគោលជំហរដែលបានកំណត់ទុក។ លោកក៏បានបញ្ជាក់ថា ថៃបានតែងតាំងតំណាងសម្រាប់ចូលរួមក្នុងដំណើរការនេះរួចហើយ។

ដោយឡែកពាក់ព័ន្ធនឹងការបើកច្រកព្រំដែន ឬបិទច្រកព្រំដែនជាមួយនឹងកម្ពុជា លោក អនុទីន បានបញ្ជាក់ថា វាគឺជាពាក្យដែលមានសម្ពាធបំផុត ហើយលោកមិនចង់និយាយរឿងនេះទៀតទេ ពីព្រោះបើលោកនិយាយ ប្រជាជនថៃប្រាកដជាខឹងសម្បាមកលើលោកជាក់ជាមិនខាន»។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា៖ បច្ចុប្បន្ន ប្រទេសថៃ តែងតែស្នើកម្ពុជា ឱ្យជជែកគ្នា នៅក្នុងក្របខ័ណ្ឌផ្សេងៗ ប៉ុន្តែភាគីកម្ពុជា នៅតែជ្រើសរើសយន្តការ “ផ្សះផ្សាដោយបង្ខំ” យកមកអនុវត្តជាមួយថៃដដែល ប្រសិនបើដោះស្រាយរួមគ្នា ដោយប្រើប្រាស់ច្បាប់ (UNCLOS) បើលទ្ធផលចេញមក ធ្វើឱ្យថៃពេញចិត្ត ថៃនឹងទទួលស្គាល់ ប៉ុន្តែបើថៃមិនពេញចិត្ត ថៃនឹងមិនទទួលស្គាល់ឡើយ។

គួរជម្រាបថា ការព្រមា.នពីលទ្ធភាពផ្អាកយន្តការចរចាទ្វេភាគី បានធ្វើឱ្យមានការបកស្រាយខុសៗគ្នា ពីសំណាក់អ្នកតាមដានស្ថានការណ៍។ ការលើកឡើងរបស់ អនុទីនអាចត្រូវបានមើលឃើញថា ជាការបង្កើនសម្ពាធនយោបាយលើកម្ពុជា ខណៈភាគីកម្ពុជាកំពុងប្រើយន្តការច្បាប់អន្តរជាតិដើម្បីស្វែងរកដំណោះស្រាយ។ មតិនេះគឺជាការវិភាគរបស់អ្នកតាមដានស្ថានការណ៍ មិនមែនជាការបញ្ជាក់ផ្លូវការពីរដ្ឋាភិបាលថៃឡើយ។

ការប្រកាសរបស់មេដឹកនាំថៃនៅពេលនេះ បានបង្ហាញពីជំហរប្រុងប្រយ័ត្ន និងតឹងរ៉ឹងចំពោះដំណើរការដោះស្រាយវិវាទក្រោម UNCLOS។ ខណៈកម្ពុជាបន្តប្រើប្រាស់យន្តការច្បាប់អន្តរជាតិដើម្បីស្វែងរកដំណោះស្រាយ ភាគីថៃវិញបានព្រមានពីលទ្ធភាពផ្អាកការចរចាក្នុងក្របខ័ណ្ឌទ្វេភាគីមួយចំនួន ដែលអាចធ្វើឱ្យដំណើរការដោះស្រាយបញ្ហារវាងប្រទេសទាំងពីរកាន់តែតានតឹង និងស្មុគស្មាញ៕