មុននឹងទៅលេងឆ្នេរសមុទ្រប្រទេសបារាំង ត្រូវតែដឹងបម្រាមនៅទីនោះជាមុនសិន ដើម្បីកុំឱ្យរងការពិន័យប្រាក់! នៅខែមិថុនា ឆ្នាំ២០២៦ ទីក្រុងឆ្នេរសមុទ្ររបស់បារាំង យ៉ាងហោចណាស់ ២០ទីក្រុង បានដាក់បម្រាមជាផ្លូវការ ដោយហាមមិនឱ្យភ្ញៀវទេសចរស្លៀកពាក់ឈុតហែលទឹក (ប៊ីគីនី) ឬគ្មានសម្លៀកបំពាក់ ដើរចូលទៅកាន់ទីប្រជុំជន ដងផ្លូវ ផ្សារទំនើប ហាងទំនិញ និងភោជនីយដ្ឋានទេ បើល្មើសនឹងប្រឈមការពិន័យប្រាក់ចំនួន១៥០អឺរ៉ូ (ប្រហែល ១៧០ដុល្លារ)។ បម្រាមនេះធ្វើឡើងដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ សេចក្តីថ្លៃថ្នូរ និងអនាម័យសាធារណៈ។
.jpg)
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះជាការអនុវត្តយកគំរូតាមទីក្រុងឆ្នេរសមុទ្រនានានៅបណ្តាប្រទេសអឺរ៉ុប ដោយសារការស្លៀកពាក់ឈុតហែលទឹក ឬដើរគ្មានសម្លៀកបំពាក់នៅទីប្រជុំជន (ក្រៅពីឆ្នេរសមុទ្រ) គឺជាទង្វើមិនសមរម្យយ៉ាងខ្លាំង។ ទីក្រុងសំខាន់ៗដែលចេញបម្រាមនេះ រួមមាន៖ ទីក្រុង Les Sables-d’Olonne, La Grande-Motte, Arcachon, Deauville, Narbonne, Nice និង Cannes ជាដើម។
អភិបាលក្រុងបញ្ជាក់ថា ការដើរកម្សាន្តដោយស្លៀកពាក់គ្មានការបិទបាំងត្រឹមត្រូវនៅតាមទីសាធារណៈ ដូចជា កន្លែងលក់បន្លែ ផ្លែឈើ ឬសាច់ គឺខ្វះអនាម័យ និងមិនគោរពដល់ពលរដ្ឋក្នុងតំបន់។ អាជីវករលក់ដូរ និងម្ចាស់ហាងជាច្រើនបានគាំទ្របម្រាមនេះ ពីព្រោះមិនចង់ឱ្យអតិថិជនចូលទិញទំនិញស្លៀកពាក់មិនត្រឹមត្រូវឡើយ។
.jpg)
ទោះយ៉ាងណា បម្រាមនេះអនុវត្តតែនៅក្នុងតំបន់ទីប្រជុំជន ផ្សារទំនើប និងដងផ្លូវ ស្ថិតនៅឆ្ងាយពីឆ្នេរសមុទ្រប៉ុណ្ណោះ ចំណែកឯនៅឆ្នេរ និងផ្លូវតាមបណ្តោយឆ្នេរ គឺភ្ញៀវទេសចរនៅតែស្លៀកឈុតហែលទឹកបានដូចដើម។

ភ្ញៀវទេសចរភាគច្រើន ជាពិសេស អ្នកវ័យកណ្តាល និងអ្នកស្រឡាញ់របៀបរៀបរយ បានគាំទ្រ ដោយពួកគេយល់ថា ទីក្រុងមិនមែនជាឆ្នេរខ្សាច់ទេ។ ការចូលទៅកាន់ផ្សារ ភោជនីយដ្ឋាន ឬហាងទំនិញ ទាំងខ្លួនប្រាណសើម ឬមានញើស គឺខ្វះអនាម័យ មិនផ្តល់តម្លៃដល់អ្នកដទៃ។ ប៉ុន្តែភ្ញៀវទេសចរវ័យក្មេងយល់ថា វាជាការរឹតត្បិតសេរីភាពខ្លាំងពេក ពួកគេមិនសប្បាយចិត្តដែលមកដើរកម្សាន្ត បែរជារងសម្ពាធរឿងការស្លៀកពាក់។

គួរបញ្ជាក់ថា បម្រាមនេះបានអនុវត្តនៅតាមទីក្រុងឆ្នេរមួយចំនួនតូចក្នុងប្រទេសបារាំងតាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០២៥ ហើយនៅខែមិថុនា ឆ្នាំនេះ ការអនុវត្តបម្រាមបានកើនឡើងរហូតដល់២០ទីក្រុង៕









