ស្របពេលដែលរុស្ស៊ីកំពុងមមាញឹកយ៉ាងខ្លាំង ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលខួប ៣៥ឆ្នាំ ជាមួយមេដឹកនាំនៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន នៅទីក្រុង Kazan នោះ កងកម្លាំងអ៊ុយក្រែនបានឆ្មក់បើកការវា.យប្រហារតាមអាកាសដ៏ធំបំផុតមិនធ្លាប់មាន ដោយប្រើប្រាស់ដ្រូនជិត ២០០ គ្រឿង សំដៅទៅលើរដ្ឋធានីមូស្គូ។ ការវាយប្រហារទ្រង់ទ្រាយធំនេះ បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បង្ខំឱ្យអាកាសយានដ្ឋានធំៗទាំងអស់ផ្អាកដំណើរការភ្លាមៗ និងបានគំរាមកំហែងដល់បរិយាកាសសន្តិសុខ ក្នុងពេលដែលព្រឹត្តិការណ៍ការទូតដ៏សំខាន់កំពុងប្រព្រឹត្តទៅ។
.jpg)
យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ Reuters និងសេចក្តីប្រកាសរបស់អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានឱ្យដឹងថា ហ្វូងដ្រូនរបស់អ៊ុយក្រែនបានហោះចូលទៅវាយប្រហារចំរោងចក្រចម្រាញ់ប្រេងដ៏ធំមួយនៅក្នុងតំបន់ Kapotnya ភាគអាគ្នេយ៍ទីក្រុងមូស្គូ បណ្តាលឱ្យផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅ ហុយផ្សែងខ្មៅទ្រលោមពេញមេឃ និងបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៧នាក់រងរបួស។ អាជ្ញាធរអាកាសចរណ៍រុស្ស៊ីបានបង្ខំចិត្តបិទដែនអាកាស និងលុបចោល ឬពន្យារពេលជើងហោះហើរជាង ៥០០ជើង នៅទូទាំងតំបន់សំខាន់ៗ។

ការវាយប្រហារចំពេលដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កំពុងជាប់ដៃរវល់នេះ ត្រូវបានអ្នកវិភាគមើលឃើញថា ជាចេតនារបស់អ៊ុយក្រែនក្នុងការធ្វើឱ្យរុស្ស៊ីបាក់មុខលើឆាកអន្តរជាតិ និងបង្ហាញទៅកាន់ពិភពលោកថា រុស្ស៊ីមិនអាចការពារសូម្បីតែរដ្ឋធានីរបស់ខ្លួន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានផ្ញើសារជាសំឡេងបញ្ជាក់ថា នេះជាការឆ្លើយតបដ៏ត្រឹមត្រូវទៅនឹងការដែលរុស្ស៊ីបានទម្លាក់គ្រាប់បែកលើទីក្រុងគៀវ និងបំផ្លាញវត្តអារាមបុរាណការពារដោយ UNESCO កាលពីដើមសប្តាហ៍។ លោក ហ្សេឡេនស្គី បានព្រមានចំៗថា៖ «ប្រសិនបើអ៊ុយក្រែនត្រូវឆេះ ទីក្រុងមូស្គូរបស់អ្នកក៏ត្រូវតែឆេះដូចគ្នា» ដើម្បីដាក់សម្ពាធឱ្យវិមានក្រឹមឡាំងចូលតុចរចា។
.jpg)
ទោះបីជាមានការវាយប្រហារយ៉ាងគំហុកនៅរដ្ឋធានីមូស្គូក៏ដោយ ក៏កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី នៅតែបន្តដំណើរការទៅមុខជាធម្មតា។ យោងតាមរបាយការណ៍សន្តិសុខផ្លូវការរបស់រុស្ស៊ី និងសេចក្តីថ្លែងការណ៍ពីលេខាធិការដ្ឋានអាស៊ាន បានបញ្ជាក់យ៉ាងច្បាស់ថា មេដឹកនាំ និងគណៈប្រតិភូជាន់ខ្ពស់ទាំងអស់មកពីបណ្តាប្រទេសអាស៊ាន រួមទាំងកម្ពុជា ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ថៃ និងសិង្ហបុរី គឺមានសុវត្ថិភាពទាំងស្រុង ១០០% ខណៈគម្លាតពីទីក្រុង Kazan ទៅរដ្ឋធានីមូស្គូមានចម្ងាយរហូតដល់ទៅជាង ៧០០គីឡូម៉ែត្រឯណោះ។
ព្រឹត្តិការណ៍នេះកាន់តែឆ្លុះបញ្ចាំងឱ្យឃើញពីភាពស្មុគស្មាញនៃភូមិសាស្ត្រនយោបាយ ដែលបណ្តាប្រទេសអាស៊ានត្រូវប្រឈម ក្នុងការរក្សាតុល្យភាពការទូត និងការស្វែងរកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយរុស្ស៊ី ចំពេលដែលភ្លើងសង្គ្រាមនៅអឺរ៉ុបខាងកើតកំពុងបន្តឆេះយ៉ាងសន្ធោសន្ធៅ៕
Home ព័ត៌មានអន្តរជាតិ អ៊ុយក្រែនឆ្លៀតឱកាសវា.យប្រហារក្រុងមូស្គូ ចំពេលរុស្ស៊ីកំពុងមានការប្រជុំជាមួយមេដឹកនាំអាស៊ាន









