បាងកក៖ វិបត្តិការទូតសេដ្ឋកិច្ចរវាងថៃ និងម៉ាឡេស៊ី កាន់តែឡើងកំដៅខ្លាំង បន្ទាប់ពីភាគីម៉ាឡេស៊ីបានសម្រេចចិត្តពន្យារពេលចរចាពាណិជ្ជកម្មដោយគ្មានកំណត់។ វិធានការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការព្រមានរបស់រដ្ឋាភិបាលថៃ ដែលចង់ដាក់ពាក្យប្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ឬលើកយកបញ្ហានេះទៅជជែកក្នុងកិច្ចប្រជុំអាស៊ាន (ASEAN) ដោយចាត់ទុកបម្រាមរបស់ម៉ាឡេស៊ីជារបាំងពាណិជ្ជកម្មខុសច្បាប់។.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ជម្លោះនេះបានផ្ទុះឡើងបន្ទាប់ពីម៉ាឡេស៊ីប្រកាសហាមឃាត់ការនាំចូលបង្គាថៃចំនួន ៥ ប្រភេទ កាលពីថ្ងៃទី១ ខែមិថុនា។ បម្រាមនេះត្រូវបានគេមើលឃើញថាជា «វិធានការសងសឹក» របស់ម៉ាឡេស៊ី បន្ទាប់ពីថៃបានរឹតបន្តឹងការនាំចូលត្រីឆ្ពុង (Seabass) របស់ម៉ាឡេស៊ី ក្រោមហេតុផលរកឃើញសារធាតុគីមី។.jpg)
ទោះបីជារដ្ឋមន្ត្រីក្រសួងកសិកម្មថៃ លោក ស៊ុរីយ៉ា ជុងរុងរឿងឃីត (Suriya Juangroongruangkit) បានផ្ញើលិខិតបន្ទាន់សុំចរចា និងដោះដូរដោយការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យត្រីឆ្ពុងក៏ដោយ ក៏ម៉ាឡេស៊ីនៅតែបដិសេធ ដោយរង់ចាំលទ្ធផលវាយតម្លៃបច្ចេកទេស និងទាមទារឱ្យស្ថាប័នជំនាញថៃឆ្លើយតបសំណួរស្តីពីស្តង់ដារសុវត្ថិភាពចំណីអាហារឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន។.jpg)
លោក អេកខាផុត យ៉តផានិច នាយកសមាគមបង្គាថៃ បានព្រមានថា ការជាប់គាំងនៃការនាំចេញនេះកំពុងរុញច្រានកសិករចិញ្ចឹមបង្គាថៃរាប់ម៉ឺននាក់ឱ្យធ្លាក់ក្នុងវិបត្តិខាតបង់យ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្ន ការនាំចេញបង្គាទៅម៉ាឡេស៊ីដែលធ្លាប់តែមានចំនួន ១០០ តោនក្នុងមួយថ្ងៃ (ស្មើនឹង ៥% ទៅ ៨% នៃការនាំចេញសរុប) ត្រូវកកស្ទះទាំងស្រុង បណ្តាលឱ្យតម្លៃបង្គាក្នុងស្រុកដាំក្បាលចុះពី ៤០ ទៅ ៥០ បាតក្នុងមួយគីឡូក្រាម ដែលបង្ខំឱ្យកសិករមួយចំនួនត្រូវផ្អាកការចិញ្ចឹមបណ្តោះអាសន្ន។.jpg)
សូមរំឭកថា ម៉ាឡេស៊ីបានផ្អាកការនាំចូលបង្គាថៃ និងពន្យារពេលចរចា បន្ទាប់ពីថៃរឹតបន្តឹងការនាំចូលត្រីឆ្ពុងម៉ាឡេស៊ី ក្រោមហេតុផលរកឃើញសារធាតុគីមី ទើបម៉ាឡេស៊ីចាត់វិធានការសងសឹកដោយហាមឃាត់ការនាំចូលបង្គាថៃវិញ។ ម៉ាឡេស៊ីបញ្ជាក់ថា ការចរចាថ្នាក់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនទាន់អាចធ្វើទៅបានភ្លាមៗទេ ដរាបណាស្ថាប័នជំនាញថៃមិនទាន់បំពេញ និងឆ្លើយតបសំណួរស្តីពីស្តង់ដារសុវត្ថិភាពចំណីអាហារឱ្យបានគ្រប់ជ្រុងជ្រោយ។.jpg)
វាធ្វើឱ្យតម្លៃបង្គានៅតាមកសិដ្ឋានភាគខាងត្បូងដាំក្បាលចុះខ្លាំង ដែលធ្វើឱ្យកសិករថៃប្រឈមនឹងការខាតបង់ប្រាក់យ៉ាងធ្ងន់ធ្ងរ និងផ្អាកការចិញ្ចឹមបណ្តោះអាសន្ន។ ទោះជាក្រសួងពាណិជ្ជកម្មថៃបានកំណត់វិធានការបន្ទាន់ជួយសង្គ្រោះកសិករ ដោយជំរុញការនាំចេញទៅប្រទេសចិន ជប៉ុន និងសហរដ្ឋអាមេរិក ប៉ុន្តែមិនអាចជួយសម្រាលទុក្ខលំបាកបានឡើយ៕










