សង្គ្រាមមិនទាន់ទាំងចាប់ផ្តើមផង បែរជាហ៊ានអះអាងដល់ភាពជោគជ័យទៅហើយ! ថ្មីៗនេះសមាជិកព្រឹទ្ធសភាថៃម្នាក់ ហ៊ានចេញមុខធានាអះអាងថាប្រទេសថៃមានប្រៀបជាងកម្ពុជា ព្រោះទទួលបានជំនួយពីអតីតប្រធានតុលាការច្បាប់សមុទ្រឈានមុខគេរបស់ពិភពលោកពីររូប ដែលមានសមត្ថភាពខ្លាំងពូកែជាងអ្នកច្បាប់តំណាងកម្ពុជាទៅទៀត ក្នុងការតស៊ូមតិទាមទារព្រំដែនសមុទ្រ។

យោងតាមរបាយការណ៍ចុងក្រោយពីវិមានព្រឹទ្ធសភាថៃ លោក ណុបផាដល អ៊ីនណា (Noppadol Inna) សមាជិកព្រឹទ្ធសភាថៃ បានចេញមុខអះអាងដោយភាពជឿជាក់ និងធានាយ៉ាងមុតមាំថា ប្រទេសថៃមានឧត្តមភាព និងលក្ខណៈសម្បត្តិល្អជាងកម្ពុជាដាច់ឆ្ងាយ ក្នុងការតស៊ូមតិទាមទារខណ្ឌសីមាផ្លូវសមុទ្រ។ លោកបានបង្អួតសាច់ដុំច្បាប់ថា ទីក្រុងបាងកកបានកៀងគរ និងទទួលបានជំនួយពី «អ្នកខ្លាំងខាងច្បាប់» ដែលជាអតីតប្រធានតុលាការច្បាប់សមុទ្រអន្តរជាតិ (ITLOS) ដ៏ឈានមុខគេលើពិភពលោកចំនួន ២រូប ឱ្យមកដឹកនាំក្រុមការងារបច្ចេកទេសរបស់ថៃ។.jpg)
មិនត្រឹមតែប៉ុណ្នោះ សមាជិកព្រឹទ្ធសភារូបនេះ បានចង្អុលបង្ហាញពីប្រវត្តិសាស្ត្រច្បាប់ ដោយលើកឡើងថា ប្រទេសថៃធ្លាប់មានបទពិសោធន៍ឈ្នះក្តីក្នុងសំណុំរឿងស្រដៀងគ្នានេះ ប្រឆាំងនឹងប្រទេសទីម័រខាងកើត និងប្រទេសអូស្ត្រាលីកាលពីពេលមុនៗរួចមកហើយ។ ជាមួយគ្នានោះ លោក ណុបផាដល ក៏បានគូសបញ្ជាក់ពីជំហររឹងត្អឹងរបស់ថៃថា «វាមិនទំនងទាល់តែសោះ ដែលប្រទេសថៃនឹងព្រមព្រៀងបែងចែកផលប្រយោជន៍ថាមពល មុនពេលការកំណត់ខណ្ឌសីមាព្រំដែនសមុទ្រត្រូវបានធ្វើឡើងដាច់ស្រឡះនោះ»។.jpg)
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគភូមិសាស្ត្រនយោបាយបានមើលធ្លាយយ៉ាងច្បាស់ថា ចេតនាពិតប្រាកដរបស់មន្ត្រីជាន់ខ្ពស់ថៃក្នុងការចេញមុខនិយាយធានាអះអាងបែបក្អេងក្អាង និងបង្អួតសាច់ដុំច្បាប់ទាំងបំពាននេះ គឺគ្មានអ្វីក្រៅពីយុទ្ធសាស្ត្រលួងចិត្ត និងកាត់បន្ថយភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋថៃផ្ទាល់នោះឡើយ។ បច្ចុប្បន្ន សាធារណជនថៃកំពុងមានការព្រួយបារម្ភ និងភ័យស្លន់ស្លោជាខ្លាំង ចំពោះការឡើងតតាំងក្តីជាមួយកម្ពុជានៅលើឆាកអន្តរជាតិ ដោយសារពួកគេដឹងខ្លួនថា រដ្ឋាភិបាលរបស់ខ្លួនបានដើរយុទ្ធសាស្ត្រខុសឆ្គងកន្លងមក។ ដូច្នេះ ការលើកយកឈ្មោះអតីតចៅក្រមអន្តរជាតិមកអាង គឺគ្រាន់តែជាការបង្កើត «ខ្នើយខ្យល់ចិត្តសាស្ត្រ» ដើម្បីបិទបាំងភាពទាល់ច្រក និងការបាក់មុខមាត់លើឆាកអន្តរជាតិ និងដើម្បីលួងលោមពលរដ្ឋខ្លួនឯងឱ្យបាត់ភ័យខ្លាចតែប៉ុណ្ណោះ។.jpg)
ផ្ទុយទៅវិញ បើទោះបីជាភាគីថៃព្យាយាមប្រើប្រាស់វោហាសាស្ត្របំភិតបំភ័យ និងមើលស្រាលសមត្ថភាពយ៉ាងណាក្តី ក៏ព្រះរាជាណាចក្រកម្ពុជាមិនមានការតក់ស្លុត ឬរង្គើចិត្តទាល់តែសោះ។ ផ្ទុយទៅវិញ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចទាំងកញ្ចប់ ក្នុងការឡើងតទល់ក្តីជាមួយថៃនៅលើឆាកអន្តរជាតិ ដោយភាពស្ងប់ស្ងាត់ ម៉ឺងម៉ាត់ និងពោរពេញដោយទំនុកចិត្ត។ ស្មារតីរបស់កម្ពុជា គឺឈរនៅលើគោលការណ៍ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ដោយសារតែកម្ពុជាមានជំនឿជាក់យ៉ាងមុតមាំលើនីតិវិធីច្បាប់អន្តរជាតិ និងកម្លាំងសាមគ្គីផ្ទៃក្នុង។ ជាងនេះទៅទៀត ក្រុមតំណាង និងច្បាប់វិទូដែលកម្ពុជាបានជ្រើសរើស សុទ្ធសឹងតែជាបុគ្គលិកលក្ខណៈឆ្នើម មានចំណេះដឹងជ្រៅជ្រះ និងមានមនសិការស្នេហាជាតិខ្ពស់ ដែលត្រៀមខ្លួនការពាររាល់អ៊ីញនៃដែនអធិបតេយ្យភាពសមុទ្រខ្មែរ ដោយមិនឱ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រ៕










