ពីពលករនៅប្រទេសកូរ៉េខាងត្បូងបានក្លាយជាតារាចម្រៀងក្នុងផលិតកម្មសាន់ដេ ប៉ុន្តែ វេហាស៍ បានសម្រេចចិត្តចាកចេញពីទឹកដីកំណើតលះបង់អាជីពសិល្បៈចេញទៅរស់នៅលើទឹកដីសហរដ្ឋអាម៉េរិក។ រស់នៅស្រុកគេរយៈពេល៣ឆ្នាំ វេហាស៍ ថាមានគ្រប់រសជាតិខណៈតារាចម្រៀង ជ័យ សុវ៉ាត បានលើកឡើងថាការសម្រេចចិត្តរបស់ វេហាស៍ គឺពិតជាត្រឹមត្រូវ។
.png)
សម្រាប់អ្នកដែលចូលចិត្តទស្សនាមាតិកាធ្វើម្ហូបអាចនឹងប្រទះឃើញវីដេអូរបស់ វេហាស៍ ដែលជាអ្នកសិល្បៈមួយរូប រួមទាំងឃើញលោក មាស សាលី និងភរិយា ហើយអ្នកទាំងបីបានបង្កើតប្រជាប្រិយភាពល្បីល្បាញរហូតដល់ធ្វើម្ហូបអាហារលក់ទៀតផង។ យ៉ាងណាមិញក្រៅពីការធ្វើមាតិកា ការងាររបស់ វេហាស៍ គឺជាជាងធ្វើក្រចកមួយរូបនៅសហរដ្ឋអាម៉េរិកហើយកន្លងមកលោកក៏ធ្លាប់បង្ហាញទៅកាន់ទស្សនិកជនដោយមិនខ្មាសអៀនឡើយ។

ភ្លេចៗខ្លួនវាមានរយៈពេល៣ឆ្នាំហើយដែលតារាចម្រៀងរូបនេះបានចេញទៅរស់នៅសហរដ្ឋអាម៉េរិកជាមួយនឹងបងប្រុស ចំណែកការរស់នៅនេះគឺលោកទទួលបានគ្រប់រសជាតិ។ នាយប់ថ្ងៃទី២៨ ខែឧសភា វេហាស៍ បានបង្ហោះរូបភាពមួយសន្លឹកដែលស្ថិតនៅព្រលានយន្តហោះចាស់ ជាមួយនឹងការរៀបរាប់ថា «ថ្ងៃនេះគឺ៣ឆ្នាំគត់ ដែលខ្ញុំសម្រេចចិត្តមករស់នៅសហរដ្ឋអាម៉េរិក ពីអ្នកចម្រៀង ក្លាយជាជាងក្រចក ពីអ្នកចម្រៀងក្លាយជាចុងភៅ -ពីអ្នកចម្រៀង ក្លាយជាអ្នកផលិតមាតិកាម្ហូប »។ 
ម្ចាស់បទ «មិនស័ក្តិសម» និងបទ «លួងបង» បានលើកឡើងថាប្រទេសអាម៉េរិកបានផ្លាស់ប្តូរលោកគ្រប់បែបយ៉ាងមានទាំងផ្អែម ល្វីង ជូរចត់ គឺមានគ្រប់រសជាតិ។ លោកក៏បានសម្តែងការដឹងគុណទៅកាន់មនុស្សជុំវិញខ្លួនដែលជួយជ្រោមជ្រែងលោករហូតមក ជាពិសេសគឺអ្នកម្តាយនិងម្តាយធម៌លោក។.png)
ការបង្ហាញរបស់ វេហាស៍ បានធ្វើឱ្យអ្នកគាំទ្រនិងមិត្តរួមអាជីពសិល្បៈមានការចាប់អារម្មណ៍ដោយតារាចម្រៀង ធារីកា បានបង្ហាញពីមោទនភាពចំពោះលោក តារាចម្រៀងជ័យ សុវ៉ាត ក៏ថាផ្លូវដែល វេហាស៍ ជ្រើសរើសគឺត្រឹមត្រូវ ចំណែកឯអ្នកគាំទ្រផ្សេងទៀតបានបង្ហាញពីការតស៊ូរបស់ វេហាស៍ នៅក្នុងជីវិតមិនថាការងារអ្វី តូចឬធំធ្វើទាំងអស់មិនប្រកាន់ឡើយ។ អ្នកខ្លះក៏បង្ហាញថាពួកគេចូលចិត្តមើលលោកធ្វើម្ហូបផងដែរ៕










