ទឹកប្រាក់ជិត ១០០ លានដុល្លារអាមេរិក ត្រូវបានប្រមូលលាក់ទុកក្នុងល្បិចឆបោ.កដ៏ធំសម្បើមបំផុតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា! នេះមិនមែនជាតួលេខស្មាន ឬការផ្សាយចចាមអារ៉ាមនោះឡើយ ប៉ុន្តែជាចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលចេញពីការសារភាពផ្ទាល់មាត់របស់មេខ្លោងធំ ក្នុងសំណុំរឿងបោកប្រាស់ និងពុករលួយដ៏កក្រើករបស់អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកពិរនាក់ផ្សេងទៀត។
.jpg)
យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានទម្លាយឱ្យដឹងថា ជនសង្ស័យ ឡេង ចាន់ណា អតីតអគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ (Brilliant City World) ព្រមទាំងបក្ខពួកពីរនាក់ទៀត គឺឈ្មោះ ចាន់ ឃិន និងឈ្មោះ ផុន សាមាន បានឆ្លងកាត់ការសាកសួរ និងបានយល់ព្រមទទួលស្គាល់ចំពោះមុខច្បាប់ថា ពួកគេពិតជាបានប្រមូលប្រាក់សរុបចន្លោះពី ៩៣ លានដុល្លារ ដល់ ៩៨ លានដុល្លារអាមេរិក ពីបណ្តាញតំណាងចែកចាយ និងប្រជាពលរដ្ឋរងគ្រោះពិតប្រាកដមែន។

នៅក្នុងចម្លើយសារភាពដែលត្រូវបានកត់ត្រាក្នុងរបាយការណ៍ផ្លូវការរបស់ ACU ក្រុមជនសង្ស័យបានលាតត្រដាងពីខ្សែសង្វាក់នៃការចាត់ចែងសាច់ប្រាក់រាប់សិបលានដុល្លារទាំងនោះ ដោយពួកគេបានយកទៅប្រើប្រាស់ក្នុងរូបភាព Ponzi Scheme។ ប្រាក់ដែលប្រមូលបានត្រូវបានបង្វែរទៅទិញអចលនទ្រព្យ និងដីធ្លីខ្លះដើម្បីបង្កើតរូបភាពជឿជាក់ និងយកទៅបង់ជាប្រាក់ការទូទាត់ខ្ពស់ទៅឱ្យបណ្តាញ «មេក្រុមទាំង ២៥ នាក់» ព្រមទាំងផ្តល់ការប្រាក់ត្រឡប់ទៅឱ្យជនរងគ្រោះមួយចំនួនតូចដើម្បីទិញទំនុកចិត្ត និងពន្យារពេលបោកប្រាស់បន្ត។
ដំណើរការក្តីមិនត្រឹមតែបញ្ឈប់ត្រឹមក្រុមជនសង្ស័យទាំងបីនាក់នេះឡើយ ដោយអង្គភាពប្រឆាំងអំពើពុករលួយនឹងបន្តពង្រីកដែនស៊ើបអង្កេតយ៉ាងហ្មត់ចត់ទៅលើខ្សែសង្វាក់ពុករលួយនៅពីក្រោយខ្នង ដែលមានការសង្ស័យជាប់ពាក់ព័ន្ធនឹងបុគ្គលមានអំណាច និងមន្ត្រីជាន់ខ្ពស់មួយចំនួន រួមមានលោក ស៊ាន បូរ៉ាត អតីតអនុប្រធាន ACU និងលោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលត្រូវបានចោទប្រកាន់ថាបានឃុបឃិត បង្កើតរូបភាព និងខែលការពារដល់អាជីវកម្មខុសច្បាប់នេះ។ 
បច្ចុប្បន្ន សំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីរាប់សិបករណីកំពុងស្ថិតក្នុងដៃតុលាការខេត្តសៀមរាប ដើម្បីបន្តនីតិវិធីរឹបអូសទ្រព្យសម្បត្តិដែលនៅសេសសល់ យកមកដោះស្រាយសងការខាតបង់ជូនប្រជាពលរដ្ឋរងគ្រោះវិញតាមដែលអាចធ្វើទៅបាន៕










