ភ្នំពេញ៖ ភាគីចិនបានចេញមុខប្រកាសគាំទ្រយ៉ាងមុតមាំ និងសាទរចំពោះវិធានការដាច់ណាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកយុទ្ធនាការទ្រង់ទ្រាយធំបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មឆបោ.កតាមប្រព័ន្ធអ៊ីនធឺណិត (Online Scam)។ ការបង្ហាញជំហរការទូតដ៏មានទម្ងន់នេះ ធ្វើឡើងស្របពេលដែលអាជ្ញាធរកម្ពុជាកំពុងអនុវត្តវិធានការក្តៅ ក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋជន និងមន្ត្រីខិលខូចដែលពាក់ព័ន្ធនៅគ្រប់ខេត្ត-ក្រុងទូទាំងប្រទេស ដោយគ្មានការលើកលែងឡើយ។

តាមរយៈសំណេរផ្លូវការនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងកោតសរសើរចំៗថា៖ «យើងសូមសរសើរ និងគាំទ្រយ៉ាងមុតមាំចំពោះវិធានការដ៏ម៉ឺងម៉ាត់ដែលរដ្ឋាភិបាលកម្ពុជាបានអនុវត្ត ដើម្បីលុបបំបាត់បទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញ»។.jpg)
ការចេញមុខមកគាំទ្រភ្លាមៗពីសំណាក់ប្រមុខទូតចិននាពេលនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយចុះឆែកឆេរនិងបង្ក្រាបទីតាំងសង្ស័យរាប់សិបកន្លែងទូទាំងប្រទេស ព្រមទាំងចាប់ខ្លួនឧក្រិដ្ឋជនឆ្លងដែនបានរាប់ពាន់នាក់។
.jpg)
អ្វីដែលជាចំណុចគន្លឹះ និងកក្រើកបំផុតនោះគឺ ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាបានដាក់បទបញ្ជាដាច់ណាត់ មិនត្រឹមតែបង្ក្រាបក្រុមសភាវៈអាក្រក់សញ្ជាតិបរទេសនោះទេ ប៉ុន្តែត្រូវមានវិធានការច្បាប់ និងដាក់ទោសទណ្ឌធ្ងន់ធ្ងរបំផុតចំពោះ «មន្ត្រីខិលខូចទាំងឡាយណា» មិនថាមានបុណ្យស័ក្តិខ្ពស់ប៉ុនណា ដែលហ៊ានក្បត់សមត្ថកិច្ចខ្លួនឯង ទៅនៅពីក្រោយខ្នង ឃុបឃិត ឬផ្តល់ជម្រកការពារដល់ក្រុមឧក្រិដ្ឋជនអនឡាញទាំងនេះ។
អ្នកវិភាគមើលឃើញថា សារការទូតរបស់ឯកឧត្តម វ៉ាង វិនពីន គឺជាការបញ្ជាក់ទៅកាន់ពិភពលោកថា ទីក្រុងប៉េកាំងមិនបណ្តោយឱ្យក្រុមឧក្រិដ្ឋជនចិន ឬបរទេស មកប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋានបំផ្លាញសន្តិសុខសង្គមឡើយ។
សូមជម្រាបថា យុទ្ធនាការវះកាត់និងបោសសម្អាតទាំងបណ្តាញឧក្រិដ្ឋជន និងមន្ត្រីពុករលួយខិលខូចរបស់កម្ពុជានាពេលនេះ រួមផ្សំនឹងការគាំទ្រពេញទំហឹងពីប្រទេសចិន សបញ្ជាក់ឱ្យឃើញពីរបត់ថ្មីមួយនៃការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជា ដើម្បីការពារមុខមាត់ជាតិលើឆាកអន្តរជាតិ និងធានាឱ្យបានថា កម្ពុជានឹងមិនមែនជាជម្រកសុវត្ថិភាពរបស់ឧក្រិដ្ឋជនឆ្លងដែនឡើយ៕
Home ព័ត៌មានអន្តរជាតិ ចិនសម្ដែងការគាំទ្រពេញទំហឹងចំពោះវិធានការលុបបំបាត់ Online Scam របស់រដ្ឋាភិបាលកម្ពុជា









