ទីបំផុតបន្ទាប់ពីមានការសង្ស័យប៉ុន្មានថ្ងៃមកនេះ ពេលនេះ ប៊ី សុធារី បានប្រកាសជាផ្លូវការក្នុងការចូលរួមប្រកួតកម្មវិធី Miss Cosmo Cambodia ។ ការវិលត្រឡប់មកវិញលើកនេះរបស់ ប៊ី សុធារី គឺមកដោយក្តីជឿជាក់ក្នុងការដណ្តើមមកុដដើម្បីមានឱកាសជួបជាមួយនឹងបវរកញ្ញាមីយ៉ាន់ម៉ា Thae Su Nyein នៅលើឆាកអន្តរជាតិ។

ពាក្យថាបរាជ័យសឹងតែលែងមាននៅក្នុងវចនានុក្រមរបស់ ប៊ី សុធារី ទៀតហើយទោះបីជានាងបរាជ័យប៉ុន្មានដងមិនថានៅលើឆាកជាតិឬអន្តរជាតិបវរកញ្ញារូបនេះនៅតែបន្តដើរលើផ្លូវដែលជាក្តីស្រមៃរបស់ខ្លួន។ ក្រោយពីបរាជ័យជាប់លំដាប់រងកាលពីឆ្នាំ២០២៥ ពេលនេះ ប៊ី សុធារី បានវិលត្រឡប់មកប្រកួតម្តងទៀតក្នុងនាមជាបេក្ខភាពផ្លូវការរបស់កម្មវិធី Miss Cosmo Cambodia 2026។

នៅលើបណ្តាញសង្គមរបស់ ប៊ី សុធារី បន្ទាប់ពីដាក់ចិត្តដាក់កាយចូលរួមប្រកួតលើកនេះគេសង្កេតឃើញថានាងបានបង្ហោះរូបភាពជាច្រើនជាពិសេសគឺរៀបចំខ្លួនបានល្អរហូតមានអ្នកគាំទ្រខ្លះនិយាយថាការប្រកួតរបស់ ប៊ី សុធារី ដូចជាការប្រកួតនៅលើអន្តរជាតិអ៊ីចឹងមិនមែនជាការប្រកួតក្នុងស្រុកនោះទេ។ មានបណ្តាហ្វេនជាច្រើនបានបង្ហាញក្តីរីករាយចំពោះបេក្ខភាពរូបនេះសម្រាប់ការវិលត្រឡប់មកវិញដោយពួកគេជឿជាក់ថា ប៊ី សុធារី មានភាគរយខ្ពស់ក្នុងការគ្រងមកុដ បន្ទាប់ពីរបូតមកុដកាលពីឆ្នាំមុនទៅឱ្យ ផន ស្រីពី។
ទោះយ៉ាងណា ការប្រកួតលើកនេះ ប៊ី សុធារី ត្រូវប៉ះជាមួយនឹងជើងខ្លាំងទាំងថ្មីទាំងចាស់ ជាពិសេសគឺបវរកញ្ញា ប៉ូគីមថេង សុតធីតា ដោយអ្នកទាំងពីរសុទ្ធតែឆ្លងកាត់ប្រកួតទាំងក្នុងស្រុកនិងក្រៅស្រុកដូចគ្នា។
ប្រសិនជាដំណើរការប្រកួតរបស់ ប៊ី សុធារី អាចយកឈ្នះបេក្ខនារីផ្សេងៗហើយក្លាយជាអ្នកតំណាងរបស់កម្ពុជានៅលើឆាកអន្តរជាតិក្នុងឆ្នាំនេះ២០២៦ រូបនាងនឹងប៉ះជាមួយនឹងបវរកញ្ញាមីយ៉ាន់ម៉ា Thae Su Nyein ដែលជា Miss Cosmo Myanmar 2026 ។ នេះនឹងធ្វើឱ្យអ្នកតាមដានវិស័យបវរកញ្ញាជក់ចិត្តដិតអារម្មណ៍ដោយសារតែអ្នកទាំងពីរធ្លាប់ចូលរួមកម្មវិធីប្រកួតតំណាងប្រទេសក្នុងកម្មវិធីរបស់ តាណាវ៉ាត់ ហើយសុទ្ធតែមានរឿងចម្រូងចម្រាសដូចគ្នាកាលពីកន្លងមកនេះ។ យ៉ាងណាប្រសិនជា ប៊ី សុធារី ភ្នាត់ស្នៀតមិនអាចគ្រងមកុដទេនាងនឹងខកខានឱកាសជួបមិត្តចាស់ Thae Su Nyein៕










