បត្តិខ្វះខាតកម្លាំងពលកម្មនៅប្រទេសថៃកំពុងប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយសារពលករកម្ពុជាចាកចេញបន្ទាប់ពីឡើងកំដៅនៅតំបន់ព្រំដែនកាលពីឆ្នាំ២០២៥ ទាំងដែលកន្លងមក ពលករកម្ពុជា គឺជាកម្លាំងដ៏សំខាន់ក្នុងការជួយជំរុញសេដ្ឋកិច្ចថៃ ។ ថៃពឹងផ្អែកយ៉ាងខ្លាំងលើកម្លាំងពលកម្មពីក្រៅប្រទេស ព្រោះតែចំនួនពលរដ្ឋថៃវ័យចំណាស់កើនឡើងខ្ពស់ ស្របពេលយុវជនធ្លាក់ចុះយ៉ាងគំហុក ។
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ អនុប្រធានសភាពាណិជ្ជកម្មថៃ និងជាប្រធានគណៈកម្មការការងារ អភិវឌ្ឍន៍ជំនាញ បានសំណូមពរឱ្យរដ្ឋាភិបាលរបស់ខ្លួនដោះស្រាយបញ្ហាខ្វះខាតកម្លាំងពលកម្មជាបន្ទាន់ ជាពិសេស ខ្វះខាតពលករមកពីប្រទេសជិតខាង បើមិនដូច្នោះទេ ប្រទេសថៃនឹងបាត់បង់ឱកាសទាញយកប្រាក់ចំណូលពីការនាំចេញទំនិញ ពីព្រោះពលករបរទេសបានជួយទ្រទ្រង់សេដ្ឋកិច្ចថៃកន្លងមក ។
បើតាមអនុប្រធានសភាពាណិជ្ជកម្ម បច្ចុប្បន្ន បញ្ហាប្រឈមសំខាន់ដែលធ្វើឱ្យវិស័យឯកជនព្រួយបារម្ភបំផុតនោះ គឺប្រទេសថៃកំពុងប្រឈមមុខនឹងការខ្វះខាតពលករធ្វើការគ្រប់វិស័យ បន្ទាប់ពីពលករកម្ពុជាចាកចេញ ។ ស្ថានភាពនេះស្របគ្នានឹងអត្រាកំណើតថៃធ្លាក់ចុះខ្លាំង ធ្វើឱ្យចំនួនយុវជនថៃដែលជាកម្លាំងពលកម្មសំខាន់ក្នុងប្រទេសធ្លាក់ចុះជាបន្តបន្ទាប់ ហើយថៃគ្មានអ្វីពឹងផ្អែក ក្រៅពីការនាំចូលពលករពីប្រទេសជិតខាងនោះទេ ។
ការចាកចេញរបស់ពលករកម្ពុជា ធ្វើឱ្យថៃប្រឈមនឹងវិបត្តិខ្វះខាតពលករគួរឱ្យបារម្ភ និងជះឥទ្ធិពលដោយផ្ទាល់ទៅលើប្រតិបត្តិការអាជីវកម្ម ផលិតកម្ម សេវាកម្ម និងប៉ះពាល់ដល់ការប្រកួតប្រជែងរបស់អាជីវកម្មថៃលើពិភពលោក ។ ម្ចាស់អាជីវកម្មជួបការលំបាកខ្លាំងណាស់ ជាពិសេស ការងារសំណង់ ក៏ដូចជាបេះផ្លែឈើ ដែលជាវិស័យទ្រទ្រង់សេដ្ឋកិច្ចដ៏សំខាន់ ប៉ុន្តែគ្មានដំណោះស្រាយ ។
អនុប្រធានសភាពាណិជ្ជកម្មជំរុញឱ្យរដ្ឋាភិបាលរបស់លោក Anutin Charnvirakul ស្វែងរកពលករពីប្រទេសជិតខាងមកធ្វើការឱ្យបានឆាប់បំផុត ហើយអនុវត្តវិធានការបន្ទាន់នៅចំពោះមុខ គឺប្រញាប់បន្តសុពលភាពប័ណ្ណការងារឱ្យពលករបរទេសគ្រប់សញ្ជាតិ ។
គួរបញ្ជាក់ថា ផលវិបាកបច្ចុប្បន្នដោយសារការបាត់បង់ពលករកម្ពុជា នាំឱ្យវិស័យឯកជនថៃខាតបង់ដើមទុនយ៉ាងច្រើន ដោយសារដំណាំកសិកម្មគ្មានអ្នកប្រមូលផល ។ ម្ចាស់អាជីវកម្មនានាជំរុញឱ្យរដ្ឋាភិបាលពន្លឿនការបន្តសុពលភាពប័ណ្ណការងារដល់ពលករកម្ពុជាដែលនៅសេសសល់ជាប្រញាប់ដើម្បីកុំឱ្យអាជីវកម្មជាប់គាំង ៕










