អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែងឱ្យចេញពីពន្ធនាគារ នាវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បន្ទាប់ពីជាប់ពន្ធនា.គារអស់រយៈពេល២៤៣ថ្ងៃ (៨ខែ) ក្រោមលក្ខខណ្ឌការត្រួតពិនិត្យផ្នែកច្បាប់តម្រូវឱ្យលោកពាក់ឧបករណ៍តាមដានអេឡិចត្រូនិក (EM) នៅកជើង សម្រាប់ការអនវុត្តទោសនៅសេសសល់ ។ លោកបានឱបក្រុមគ្រួសាររបស់ខ្លួន និងស្វាគមន៍ទៅកាន់មន្ត្រីគណបក្សភឿថៃ រួមទាំងក្រុមគាំទ្រអាវក្រហមដែលមករង់ចាំផ្តល់កម្លាំងចិត្ត បន្ទាប់មក ឡើងជិះរថយន្តត្រឡប់ទៅផ្ទះដោយមិនផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ត្រូវបានដោះលែងឱ្យមានសេរីភាពនាវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល៨ខែ ដោយមានក្រុមគ្រួសារ និងមន្ត្រីសំខាន់ៗមកពីគណបក្សភឿថៃ មករង់ចាំទទួលនៅខាងមុខពន្ធនាគារក្នុងតំបន់ចាក់តុចាក់ ទីក្រុងបាងកក ។ ពលរដ្ឋគាំទ្រគណបក្សភឿថៃ បានពាក់អាវក្រហមមករង់ចាំផ្តល់កម្លាំងចិត្តឱ្យលោកនៅមុខពន្ធនាគារតាំងពីថ្ងៃម្សិលមិញ (ថ្ងៃទី១០ ខែឧសភា) ហើយលោកបានឈរគោរពភ្លេងជាតិនៅមុខពន្ធនាគារ និងធ្វើដំណើរចាកចេញ ។
.jpg)
ទោះជាដោះលែងក៏ដោយ ប៉ុន្តែលោកត្រូវបានតម្រូវឱ្យពាក់ឧបករណ៍តាមដានអេឡិចត្រូនិក (EM) នៅកជើង និងស្ថិតក្រោមការត្រួតពិនិត្យរយៈពេល៤ខែ រហូតដល់បញ្ចប់ទោស១ឆ្នាំរបស់លោកជាស្ថាពរនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ។ ការដោះលែងឱ្យនៅក្រៅឃុំមុនពេលកំណត់ ដោយសារលោកមានវ័យចំណាស់ (៧៦ឆ្នាំ) មានបញ្ហាសុខភាព និងបានបង្ហាញពីឥរិយាបថល្អក្នុងអំឡុងពេលជាប់ពន្ធនាគារ ។
នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក Anutin Charnvirakul បានបង្ហាញក្តីរីករាយចំពោះការដោះលែងលោក ថាក់ស៊ីន នៅថ្ងៃទី១១ ខែឧសភា ដោយលោករំលឹកថា ធ្លាប់បានបម្រើការងារក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះអស់រយៈពេលជាង២០ឆ្នាំ ដែលធ្វើឱ្យទំនាក់ទំនងរវាងអ្នកទាំង២មានភាពជិតស្និទ្ធដូចជាសាច់ញាតិ ហើយលោកនឹងជួបគ្នាជាមួយលោក ថាក់ស៊ីន ពេលមានឱកាសសមស្របនាថ្ងៃអនាគត ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តុលាការកំពូលថៃបានសម្រេចឱ្យលោក ថាក់ស៊ីន ជាប់ពន្ធនាគារយៈពេល១ឆ្នាំ បន្ទាប់ពីរកឃើញថា លោកបានស្នាក់នៅក្នុងមន្ទីរពេទ្យដោយខុសច្បាប់ដើម្បីគេចវេះពីការជាប់ពន្ធនាគារ ។ នៅថ្ងៃទី១១ ខែឧសភា តុលាការកំពូលថៃបានសម្រេចដោះលែងលោក រួមទាំងអ្នកទោសរាប់រយនាក់ទៀតឱ្យនៅក្រៅឃុំ ប៉ុន្តែកំណត់លក្ខខណ្ឌតម្រូវឱ្យលោកពាក់ឧបករណ៍តាមដានអេឡិចត្រូនិក (EM) នៅកជើង សម្រាប់ការអនវុត្តទោសនៅសេសសល់ ៕










