តារាចម្រៀង Original Song ស្រាប់តែបង្ហោះសំណេរយ៉ាងចាក់ដោតមួយពីមនុស្សមួយចំនួនដែលភ្លេចពីធាតុដើមរបស់ខ្លួនឯងដោយសារតែមានឈ្មោះបានស្គាល់បុគ្គលមានឥទ្ធិពល ហើយលង់នឹងសម្ភារៈនិយម។ ការដែលផុងខ្លួនចូលទៅក្នុងសង្គម និងភ្លេចដើមកំណើតខ្លួនឯង តារាចម្រៀងរូបនេះបាននិយាយថាបុគ្គលនោះនឹងប្រឈមនឹងហានិភ័យ។
.png)
ប្រឡូកក្នុងអាជីពសិល្បៈអស់រយៈពេលជាច្រើនឆ្នាំតារាចម្រៀង ចេន បានសាងកេរ្តិ៍ឈ្មោះ តាមរយៈបទចម្រៀងដែលផ្ទុះនៅលើទីផ្សារជាច្រើនបទ។ ទោះបីរយៈពេលចុងក្រោយនេះលោកមិនមែនបទដែលកក្រើកនៅលើទីផ្សារក្តីប៉ុន្តែបទចាស់ៗរបស់លោកមួយចំនួននៅតែទាក់ចិត្តទស្សនិកជនមួយចំនួន។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍នោះ ចេន បានបង្ហោះសំណេរខ្លីមួយទាំងវេលាទៀបភ្លឺហាក់ដូចជាកំពុងមានកង្វល់នៅក្នុងចិត្ត។

ឈានចូលថ្ងៃទី៩ ខែឧសភា ម្ចាស់បទ «ជូនអូនទៅរកគេ» បានបង្ហោះសំណេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «មនុស្សដែលក្រក្រីស៊ូជីវិតដោយឆន្ទៈតាំងពីចំនុចសូន្យហើយអត្តចរិតចេះគោរពមនុស្សគ្រប់ស្រទាប់វណ្ណៈ មិនថាមានរឿងអីនៅតែឈរជាចរិតដើមមិនសាបសូន្យឡើយ ។ ផ្ទុយពីមនុស្សដែលដឹងថាខ្លួនចេញពីក្រក្រីលំបាក តែមានឈ្មោះដោយចៃដន្យហើយបានស្គាល់បុគ្គលមានឥទ្ធិពលបន្តិចបន្តួចលង់នឹងសម្ភារៈនិយម ភ្លេចដើមកំណើត មើលមកគេគ្រប់គ្នាមិនស្មើខ្លួន នោះជាចំនុចហានិភ័យសម្រាប់ខ្លួនឯងហើយ ព្រោះសេចក្តីពិតគឺញើសឈាមដែលស៊ូហូរ មិនមែនគេឡើយគឺខ្លួនឯង»។
តារាចម្រៀង ចេន ថែមទាំងបញ្ជាក់នៅក្នុងខម្មិនទៀតថា «គ្រប់គ្នាមានតម្លៃស្មើៗគ្នាគឺដួងចិត្តមិនមែនឯកសណ្ឋានឡើយ»។ សំណេររបស់តារាចម្រៀង ចេន បានធ្វើឱ្យតារាសម្តែងល្បីឈ្មោះ ហេង ប៊ុនលាភ ចូលខម្មិនក្នុងន័យគាំទ្រនៅការលើកឡើងខាងលើដូចគ្នា ខណៈអ្នកគាំទ្រជាច្រើនទៀតក៏បង្ហាញការយល់ស្របផងដែរ។
គួរឱ្យដឹងថា បច្ចុប្បន្ន ចេន បានសាងជីវិតគ្រួសារនិងមានកូនម្នាក់ជាចំណងដៃនៃអាពាហ៍ពិពាហ៍របស់លោក។ ទន្ទឹមនឹងមានឈ្មោះបោះសំឡេង ចេន ក៏បានក្តោបក្តាប់ធ្វើជា BA ឱ្យក្រុមហ៊ុនធំផងដែរ៕










