តារាចម្រៀង NPN ដែលទស្សនិកជនដឹងថាជាមិត្តជិតស្និទ្ធរបស់តារាចម្រៀង ទេព ពិសិដ្ឋ បានបញ្ចេញសំណេរមួយថាអ្នកសិល្បៈនៅខ្មែរកើតខុស Map ស្របពេល ណូលី បានចែករំលែកទស្សនៈរបស់ខ្លួនដែលសម័យកាលនៃបទចម្រៀងនៅក្នុងស្រុកខ្មែរមានការផ្លាស់ប្តូរខណៈបច្ចុប្បន្ននិយមខាងផ្នែកហ៊ីបហប។
.png)
នៅយប់ថ្ងៃទី៨ ខែឧសភា NPN បានបង្ហោះសំណេរមួយថា «អ្នកសិល្បៈនៅខ្មែរកើតខុស Map ដោយបន្ថែមថា មនុស្សលោកណា perfect គ្រប់រឿង? អ្នកសិល្បៈមាន ស្រលាញ់ និង ស្អប់ តែធ្វើឱ្យគេស្រលាញ់ច្រើនទៅល្អ»។ គេមិនដឹងថា NPN បានជួបនឹងរឿងរ៉ាវអ្វីនោះទេខណៈតារាចម្រៀងរូបនេះក៏លើកឡើងទៀតថា «BTS ទៅស្រុកណាក៏បានដែរ តែបើមកម្តុំនេះខ្ញុំមិនហ៊ានធានាទេ ព្រោះនៅនេះគេរៀនបណ្ឌិតច្រើនពេក»។
ស្របពេល NPN លើកឡើងខាងលើនេះតារាចម្រៀងនិងជាអ្នកនិពន្ធ ណូលី បានបញ្ចេញទស្សនៈរបស់ខ្លួនថាអ្នកស្តាប់ចម្រៀងក្នុងស្រុកខ្មែរគឺមួយប្រាវមិនទាន់មានរសនិយមពិតប្រាកដ។ 
លោកបានសរសេរថា «ពាក្យនេះខ្ញុំនិយាយតាំងពីជិត២០ឆ្នាំមុនកាលដែលខ្ញុំនៅធ្វើតន្រ្តី Rock បើពេលនោះខ្ញុំដើរតាមតែបេះដូងខ្លួនឯង ម្ល៉ោះហើយថ្ងៃនេះខ្ញុំមិនដឹងរសាត់អណ្ដែតដល់ណាទេ ព្រោះអ្នកស្ដាប់នៅស្រុកយើងភាគច្រើនមិនទាន់មានរសនិយមពិតប្រាកដនៅឡើយទេ ជំនាន់ត្រូវល្បី Rock ក៏ Rock មួយប្រាវទៅ Pop ក៏មួយប្រាវទៅ R&B ក៏មួយប្រាវទៅ ឥឡូវនេះសន្ទុះ HipHop ខ្លាំងពិតមែនតែខ្ញុំក៏មិនប្រាកដថាបានយូរប៉ុណ្ណា… ព្រោះតាមហាងខ្លះឥឡូវលេងចាក់បទ Ai អោយភ្ញៀវស្ដាប់បណ្ដើរៗហើយ អាចថាជាសំណាងក៏ថាបានដែលខ្ញុំបានរើខ្លួនខំរៀនចាប់ជំនាញបានច្រើនជាងមួយ…»។
ការបញ្ចេញមតិយោបល់របស់ ណូលី បានធ្វើឱ្យមនុស្សជាច្រើនបង្ហាញការព្រួយបារម្ភដោយសារតែបច្ចុប្បន្ន AI មានការរីករាលដាលយ៉ាងខ្លាំងខណៈតាមបណ្តាហាងមួយចំនួនបានចាក់បទ AI ដូចអ្វីដែល ណូលី និយាយមែន ខណៈមនុស្សមួយចំនួនថែមទាំងប្រៀបធៀបថា AI ល្អជាងអ្នកចម្រៀងពិតប្រាកដទៀតផង៕










